RFI
អន្តរជាតិ
ប្រធាន ​COP28 ចង់ឆ្លៀតរក​​​ទីផ្សារ​ថាមពលផូស៊ីល​ពេល​​​សន្និសីទអាកាសធាតុ​​អន្តរជាតិ?
29, Nov 2023 , 6:59 pm        
រូបភាព
ប្រធានCOP28 ចង់ឆ្លៀតរកទីផ្សារថាមពលផូស៊ីលពេលសន្និសីទអាកាសធាតុអន្តរជាតិ REUTERS - AMR ALFIKY
ប្រធានCOP28 ចង់ឆ្លៀតរកទីផ្សារថាមពលផូស៊ីលពេលសន្និសីទអាកាសធាតុអន្តរជាតិ REUTERS - AMR ALFIKY
ដោយ៖អៀង សុខម៉ិញ/RFI
 
នៅបី​ថ្ងៃ​មុន​បើក​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​អាកាសធាតុ COP២៨​ក្រុង​ឌូបៃ បណ្តាញទូរទស្សន៍​​BBC បាន​ទម្លាយ​រឿង​អាស្រូវ​មួយទាក់ទង​នឹង​​រូប​ប្រធាន​COP២៨។ បើ​តាម​ការ​អះអាង​របស់​BBC ស៊ុលតង់​ អាល់ ចាប៊ែរ ដែល​ជា​ថៅកែ​ក្រុមហ៊ុន​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត ចង់​ឆ្លៀត​យក​ចំណេញ​ពី​តួនាទី​ជា​​​ប្រធាន​សន្និសីទ​អាកាសធាតុ​COP២៨ ទៅ​ចុះ​កិច្ចព្រមព្រៀង​​បើក​ទី​ផ្សារ​ថាមពល​ផូស៊ីល​ ជា​មួយ​បណ្តា​ប្រទេស​ជា​ច្រើន។

 
ស៊ុលតង់ អាល់ចាប៊ែរ Al Jaber ប្រធាន​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីអំពីអាកាសធាតុនៅ​ឌូបៃឬ ហៅ​កាត់​ថា​COP២៨ ​ មិនមែន​ត្រឹម​តែ​ជារ​ដ្ឋមន្ត្រី​ទេ តែ​​ជា​ថៅកែ​ក្រុមហ៊ុន​ជាតិផ្នែក​​ប្រេង​ឥន្ធនៈ ​Abu dhabi National Oil Campany ដែល​ចង់​ឆ្លៀត​យក​ចំណេញ​ពី​សន្និសីទ​អន្តរជាតិ​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀង​ផ្នែក​ថាមពល​ផូស៊ីល​ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន។ នេះ​បើ​តាម​អះអាង​របស់​BBC នៅថ្ងៃ​ចន្ទទី ២៧​វិច្ឆិកា។
 
បណ្តាញ​BBC ហ៊ាន​ធ្វើ​ការ​ចោទ​ប្រកាន់​បែប​នេះ ដោយ​សំអាង​លើការ​អង្កេត​ដែល​ផ្អែក​លើ​​ឯកសារ​ប្រមូល​ផ្តុំ​ដោយ​​អ្នកកាសែតរបស់​មជ្ឈមណ្ឌល​​​យកការណ៍​ដើម្បី​អាកាសធាតុ​(CCR)។ មជ្ឈមណ្ឌលCCR​បានធានា​ថា​ជាឯកសារ​ពិត បាន​ឆ្លង​កាត់​ការ​​ផ្ទៀង​ផ្ទាត់​ និង​បាន​ទទួល​ពីដៃ​អ្នក​ចង់ប្រកាស​អាសន្ន​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដើម្បី​កុំ​ឱ្យ​មានការតាម​ព្យាបាទ។ ឯកសារ​មាន​កម្រាស់​១៥០ទំព័រ​ ជា​កំណត់​ត្រាសង្ខេបត្រៀមរៀបរៀង​​ ដោយ​ក្រុមការងារ​របស់​សន្និសីទ​COP២៨​ សម្រាប់​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​ប្រមាណ​យ៉ាងហោច​២៧​ប្រទេស នៅ​មុន​ពេល​បើក​សន្និសីទ។
 
នៅក្នុង​ឯកសារ​នោះ គេ​ក៏​សង្កេត​ឃើញ​មាន​ដែរ​ចំណុច​ដែល​ក្រុមហ៊ុនប្រេង​អេមីរ៉ាត់អារ៉ាប់រួម​​ត្រូវ​ពិភាក្សា មាន​ជាអាទិ៍​​ជាមួយចិន ដើម្បី​វាយ​តម្លៃ ​អំពីឱកាស​រួមរបស់​អន្តរជាតិ​ ​ក្នុង​ផ្នែក​ហ្កាស​រាវ​ធម្មជាតិ​ នៅ​ប្រទេ​សម៉ូសំប៊ិច កាណាដា និង​អូស្ត្រាលី។
 
ក្រុមការងារ​អេមីរ៉ាត់​មិន​ជំទាស់​​នឹង​ការ​ប្រើប្រាស់​​ឯកសារ​នេះ​ក្នុង​កិច្ចប្រជុំ​COP២៨ ដើម្បី​ពិភាក្សា​អំពី​​ជំនួញ​​ទេ ព្រោះ​ជំនួប​​ប្រជុំ​ឯកជនមាន​លក្ខណៈ​ជា​ឯកជន។ នេះ​បើ​តាម​BBCដដែល។ បើ​តាម​ ក្នុង​ចំណោម​១២​ប្រទេស​ដែល CCR និង​BBCបាន​ទាក់ទង ភាគ​ច្រើន​ជំទាស់​នឹង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​ស៊ុលតង់​អាល់ ចាប៊ែរ និង​៥​ប្រទេសទៀត​បានបញ្ជាក់ថា​គ្មាន​ជំនួប​ប្រជុំ​ជាមួយ​តែ​ម្តង។
 
​ប៉ុន្តែ​អ្នក​នាំពាក្យ​អង្គសន្និសីទអាកាសធាតុ​​អង្គការ​សហប្រជាជាតិ​ ​បាន​បដិសេធថាឯកសារ​ដែល​​​BBC យក​មក​ធ្វើ​ជា​សំអាង​សម្រាប់​ចោទ​ប្រកាន់​ប្រធាន​សន្និសីទ​មិន​ត្រឹម​ត្រូវ​ និង​មិនត្រូវ​បាន​COP ២៨យកមក​ប្រើក្នុង​ពេល​ប្រជុំ​ទេ។ “ពិត​ជា​​មិន​អាច​ជឿ​ថា​ជា​រឿង​ពិត​ទេ”​ នេះ​ជា​ចម្លើយ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទៅ​កាន់អ្នក​សារព័ត៌មាន ។ សម្រាប់​​លោកស្រី Kaisa Kosonen អ្នក​សម្របសម្រួល​នយោបាយ​អង្គការ​Greepeaceអន្តរជាតិ​ដែល​យល់​ថា​សន្និសីទ​ជា​ឱកាស​ស្វែង​រក​ដំណោះស្រាយ​អាកាសធាតុ​ដោយ​ស្មើ​ភាព​ មិនមែន​ជា​ឱកាស​ស្វែង​រក​​​ទីផ្សារ​ថាមពល​ផូស៊ីល​ទេ នេះ​គឺ​​ជា​ទម្រង់​នៃ​ទំនាស់​ផលប្រយោជន៍​ ដែល​គ្រប់​គ្នាបាន​​សង្ស័យ​តាំងពី​ថ្ងៃ​តែង​តាំង​អគ្គនាយកក្រុមហ៊ុន​ប្រេង​ជា​ប្រធាន​សន្និសីទ​អាកាសធាតុ​ភ្លាម​។
 
សន្និសីទ​អាកាសធាតុ​ត្រូវ​ចាប់​បើក​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០​វិច្ឆិកា​រហូត​ដល់​ថ្ងៃទី ១២​ធ្នូ២០២៣ នៅ​ក្រុង​ឌូបៃប្រទេស​អេមីរ៉ាតអារ៉ាប់រួម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com