កីឡាជាតិ
ជាតិ
AFC Cup៖ ភ្នំពេញក្រោន រំពឹងបន្តឈ្នះ Herb Cebu ដើម្បីកៅអីវគ្គបន្ត
30, Nov 2023 , 2:06 pm        
រូបភាព
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន រូបពី Cambodian Premier League
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន រូបពី Cambodian Premier League
ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Dynamic Herb Cebu ក្រុមមកពីហ្វីលីពីន ក្នុងវគ្គចែកពូល F ពានរង្វាន់ AFC Cup 2023-2024 នៅម៉ោង ៧ យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ៣ពិន្ទុ សម្រាប់ភ្នំពេញក្រោន គឺនៅតែសំខាន់ ព្រោះជាក្រុម ដែលកំពុងបណ្ដេញពិន្ទុជាមួយក្រុមលេខ១ ក្នុងពូល F គឺ Macarthur FC ក្រុមមកពីអូស្ត្រាលី។



លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន នៅតែចង់បាន ៣ពិន្ទុពីក្រុម Dynamic Herb Cebu ក្នុងការប្រកួតនាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រកួតជើងទី១ ភ្នំពេញក្រោន បានឈ្នះក្រុមនេះ ក្នុងលទ្ធផល ៣-០ ម្ដងរួចមកហើយ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Rizal Memorial។ 
 
គ្រូបង្វឹករូបនេះ ដូចជាមានទំនុកចិត្តជាខ្លាំងចំពោះការប្រកួតក្នុងទឹកដីរបស់ខ្លួន។ យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះថា៖«យើងតែងតែមានអារម្មណ៍ល្អក្នុងការលេងក្នុងដី ព្រោះពេលដែលយើងលេងក្រៅទឹកដីយើងមានពេលតិចតួចក្នុងការរៀបចំក្រុម និងរក្សាកាយសម្បទាររបស់យើង។ យើងនឹងព្យាយាមលេងដោយទំនុកចិត្ត និងលេងបាល់ទាត់ដែលល្អ។ យើងនឹងព្យាយាមដាក់សម្ពាធពួកគេ បង្កើតឱកាសឲ្យបានច្រើនក្នុងការលេង។»។
  
ការហ្វឹកហាត់ត្រៀមប្រកួតរបស់ក្លិបភ្នំពេញក្រោន រូបពី Cambodian Premier League

ដោយឡែក ក្រុម Macarthur FC ដែលឈរចំណាត់ថ្នាក់លេខ១ ក្នុងពូល F ក៏ត្រូវប្រកួតជាមួយ Shan United នៅកីឡដ្ឋាន Thuwunna វេលាម៉ោង ទន្ទឹមគ្នា។
 
បច្ចុប្បុន្ន ក្រុម Macarthur FC ឈរលេខ១ មាន ៩ពិន្ទុ ស្មើជាមួយភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ២។ រីឯ Dynamic Herb Cebu នៅចំណាត់ថ្នាក់លេខ៣ មាន៤ពិន្ទុ និងចំណាត់ថ្នាក់លេខ ៤ Shan United មាន១ពិន្ទុ៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com