ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនបាន​ទេ ! មាន​បញ្ហា​រីក​ក្រពេញ​ប្រូ​ស្តា​ត គួរ​ចៀស​ឱ្យ​ផុត​អាហារ​ទាំងនេះ
01, Dec 2023 , 6:59 am        
រូបភាព
របប​អាហារ​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ក្រពេញ​ប្រូ​ស្តា​ត​។ ថា​តើ​នៅ​ពេល​មាន​បញ្ហា​រីក​ក្រពេញ​ប្រូ​ស្តា​ត​អ្នក​គួរ​ចៀសវាង​អាហារ​បែប​ណាខ្លះ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ទាំងនោះ ៖

 
១. សាច់​ក្រហម
ការ​ទទួលទាន​សាច់​ក្រហម​អាច​បណ្ដាល​ឱ្យ​ក្រពេញ​ប្រូ​ស្តា​ត​កើន​ទំហំ ហើយ​នេះ​ជា​មូលហេតុ​ដែល​អ្នកមាន​បញ្ហា​រីក​ក្រពេញ​ប្រូ​ស្តា​ត​គួរ​កាត់​បន្ថយ ឬ​កម្រិត​ការ​ទទួលទាន​សាច់​ក្រហម​។
 
២. អាហារ​សម្បូរ​ខ្លាញ់​ឆ្អែត
ខ្លាញ់​ឆ្អែត​ជា​ប្រភេទ​ខ្លាញ់​ដែល​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាង​កាយ ព្រមទាំង​ក្រពេញ​ប្រូ​ស្តា​ត​។ ដូច្នេះ​ដើម្បី​រក្សា​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត ចូរ​ព្យាយាម​ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់​សុខភាព​ល្អ​ដូច​ជា​ត្រី​សម្បូរ​ខ្លាញ់​ជំនួស​ភី​ហ្សា មាន់​បំពង និង​បឺ​ហ្គឺ​ដែល​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ដោយ​ខ្លាញ់​ឆ្អែត​។
 
៣. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ
ចំពោះ​អ្នកមាន​បញ្ហា​រីក​ក្រពេញ​ប្រូ​ស្តា​ត​គួរ​កម្រិត​ការ​ទទួលទាន​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ទើប​ប្រសើរ​។ ទោះបី​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម ប៉ុន្តែ​អ្នក​ក៏​នៅ​តែ​អាច​ពង្រឹង​សុខភាព​ឆ្អឹង​ដោយ​រួម​បញ្ចូល​អាហារ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​កាល់ស្យូម​ដូច​ជា​គ្រាប់​ធញ្ញជាតិ គ្រាប់ពូជ សណ្ដែក និង​ត្រី​សាល​ម៉ុ​ន ឬ​ត្រី​សាល​ឌី​ន​កំប៉ុង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។
 
៤. អាហារ​ហឹរ
នេះ​ក៏​ព្រោះតែ​អាហារ​ហឹរ​អាច​បង្ក​ការ​រលាក​ដល់​ផ្លោ​ក​នោម​។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​រីក​នៃ​ក្រពេញ​ប្រូ​ស្តា​ត​ចូរ​កម្រិត ឬ​ប្រយ័ត្ន​ក្នុង​ការ​ទទួលទាន​អាហារ​ហឹរ​។ ចំពោះ​អាហារ​ជូរ ឬ​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាច​បង្ក​បញ្ហា​ដល់​ក្រពេញ​ប្រូ​ស្តា​ត​បុរស​ដោយ​បណ្ដាល​ឱ្យ​នោម​ញឹក ឬ​ពិបាក​នោម​។
 
៥. គ្រឿង​ស្រវឹង​ និង​កាហ្វេ
ក៏​មិន​ខុស​ពី​អាហារ​ហឹរ​និង​អាហារ​មាន​ផ្ទុក​ជាតិ​អាស៊ីត គ្រឿង​ស្រវឹង​អាច​បង្ក​ការ​រលាក​ដល់​ក្រពេញ​ប្រូ​ស្តា​ត​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មិន​លើស​ពី ២ កែវ​ក្នុង​មួយ​ថ្ងៃ​។ ចំពោះ​កាហ្វេ​ក៏​ដូច​ជា​គ្នា​ដោយ​វា​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អាច​បណ្ដាល​ឱ្យ​រោគ​សញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com