អន្តរជាតិ
Arteta ថា កូនក្រុមធ្វើបានល្អហួសពីក្តីស្រមៃ ក្រោយលត់ RC Lens ៦-០
30, Nov 2023 , 2:48 pm        
រូបភាព
ក្រុម Arsenal លត់ក្រុម RC Lens លទ្ធផល ៦-០ នៅក្នុងជំនួបពានរង្វាន់ UEFA Champions League ពូល B នារាត្រីឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា នឹងបានកក់កៅអីឡើងទៅកាន់វគ្គជម្រុះ ១៦ក្រុមចុងក្រោយ។ លទ្ធផលនេះ ហួសពីក្តីរំពឹងទុករបស់លោក Mikel Arteta​ អ្នកចាត់ការក្រុម​ Arsenal។



​ក្រុមកាំភ្លើងធំយកឈ្នះលទ្ធផល ៦-០ ក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ធំមួយដែលក្រុមអង់គ្លេសអាចយកឈ្នះលើក្រុមមកពីបារាំងលទ្ធផលដ៏ច្រើននៅក្នុងពានរង្វាន់អឺរ៉ុប។
 
«ខ្ញុំមិនធ្លាប់បានស្រមៃដូច្នេះនោះទេ។ យើងមានឱកាសសម្រាប់ឈានជើងឡើងទៅកាន់វគ្គបន្តនៅថ្ងៃនេះ និងក្លាយជាក្រុមស្ថិតនៅកំពូលតារាង ខ្ញុំគិតថាយើងពិតជាធ្វើបាននូវលទ្ធផលយ៉ាងល្អបំផុត និងផ្លូវដ៏ត្រឹមត្រូវមួយ។ ក្រុមបានបង្ហាញតាំងពីវគ្គដំបូងពីការសម្រុក និងការតាំងចិត្តជាច្រើនក្នុងការប្រកួត អ្វីគ្រប់យ៉ាងបានកើតឡើងតាមរបៀបដែលយើងបានត្រៀមទុក។»។ លោក Arteta បាននិយាយបែបនេះក្នុងសន្និសីទកាសែត។
 
​អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក៏រីករាយខ្លាំងបន្ថែមទៀតផងដែរ ដែលឃើញកីឡាករអាចរក្សានូវភារកិច្ចរបស់ពួកគេ រហូតដល់សម្រេចបានលទ្ធផលដ៏ធំមិនធ្លាប់មាន។
 
Arsenal បច្ចុប្បន្នជាក្រុមកំពូលតារាងពូល B ដោយរកបាន ១២ពិន្ទុក្នុងដៃ ពីការប្រកួតចំនួន ៥លើក ខណៈនៅសល់ការប្រកួត ១លើកចុងក្រោយសម្រាប់វគ្គចែកពូល។​ ក្រុមលេខ ២ PSV Eindhoven មាន ៨ពិន្ទុ ចំណែក RC Lens ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៥ពិន្ទុ និងក្រុម Sevilla ដែលជាម្ចាស់ពានរង្វាន់ Europa League រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៤ មាន ២ពិន្ទុ។ 
 
បន្ទាប់ពីការប្រកួតក្របខណ្ឌ UCL ទៅ​ នៅថ្ងៃទី២ ខែធ្នូ វេលាម៉ោង ១០យប់ ក្រុមកាំភ្លើងធំ នឹងត្រូវវិលទៅបន្តបេសកកម្មប្រកួតប្រជែងក្នុងពានរង្វាន់ Premier League ដោយត្រូវបើកទ្វារកីឡដ្ឋាន Emirate ស្វាគមន៍ក្រុមភ្ញៀវ Wolverhampton Wanderers៕

Tag:
 Mikel Arteta
  Arsenal
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com