សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមឈ្នះពានរង្វាន់អង្ករល្អជាងគេលើពិភពលោកឆ្នាំ២០២៣
30, Nov 2023 , 8:19 am        
រូបភាព
រូបភាព ៖ Thanh Nien
រូបភាព ៖ Thanh Nien
អង្ករប្រភេទ ST25 របស់វៀតណាមបានឈ្នះពានរង្វាន់ជើងឯក ក្នុងកម្មវិធីប្រកួតអង្ករល្អបំផុតរបស់ពិភពលោកលើកទី១៥ ដែលប្រព្រឹត្តនៅហ្វីលីពីនក្នុងឆ្នាំនេះ។

 
ការប្រកួតអង្ករល្អបំផុតរបស់ពិភពលោកក្នុងក្របខ័ណ្ឌនៃសន្និសីទពាណិជ្ជកម្មអង្ករសកលដែលរៀបចំដោយ The Rice Trader នៅហ្វីលីពីនទើបតែបានប្រកាសលទ្ធផលនៅថ្ងៃទី ៣០ខែវិច្ឆិកា។ ក្នុងនោះអង្កររបស់វៀតណាមបានទទួលជ័យលាភីលេខមួយ ខណៈលេខ២ បានមកលើកម្ពុជា និងឥណ្ឌាទទួលបានលេខ៣។
 
បើតាមសារព័ត៌មាន VnExpress នេះ​ជា​លើក​ទី​២​ហើយដែល​អង្ករប្រភេទ ST25 បាន​ជាប់​ជាអង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ ខណៈដែលលើកទី១ នៅឆ្នាំ២០១៩។ វៀតណាមក៏បានជាប់ចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតនៅឆ្នាំ ២០២០។
 
ការ​ប្រលង​នៅឆ្នាំ​នេះ​មាន​ការ​ចូល​រួម​ពី​​ជាង​១០ ប្រទេស ហើយ​សំណាក​អង្ករ​ចំនួន​៣០ប្រភេទ​ត្រូវ​បាន​ដាក់ក្នុងការប្រកួត។ 
 
កាលពីឆ្នាំ២០២២ កម្ពុជា​បាន​ឈ្នះ​ពាន​រង្វាន់​លេខមួយ​ក្នុង​ការ​ប្រលង​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ដែល​ធ្វើ​ឡើង​នៅ​ភូកេត ប្រទេស​ថៃ។ ចំណែក​​ថៃ វៀតណាម និង​ឡាវស្ថិត​ក្នុង​លំដាប់កំពូលទាំង៤ ។
 
កម្មវិធីប្រកួតអង្ករល្អបំផុតរបស់ពិភពលោក ជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដែលរៀបចំដំបូងឡើងដោយសមាគមអង្ករអាម៉េរិក The Rice Trader ក្នុងឆ្នាំ២០០៩ ក្នុងគោលដៅស្វែងរកទីផ្សារអង្ករ។ 
 
គួរបញ្ជាក់ថា ប្រទេសដែលទទួលបានចំណាត់ថ្នាក់អង្ករល្អបំផុត ៦ប្រាំចុងក្រោយមានដូចជា អង្ករ Hom Mali ថៃប្រចាំឆ្នាំ២០១៦ និង២០១៧ ខណៈឆ្នាំ២០១៨ អង្ករម្លិះកម្ពុជា។ ចំណែកឆ្នាំ២០១៩ បានទៅលើ ST25 របស់វៀតណាម ហើយឆ្នាំ២០២០ និង២០២១ បានទៅលើ Hom Mali និងម្លិះ105 របស់ថៃវិញ៕ 

Tag:
 អង្ករ
  វៀតណាម
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com