ជាតិ
សង្គមជាតិ
លោក ស សុខា ទទូចឱ្យអភិបាលរាជធានី-ខេត្ត បង្កើតផ្សាររាត្រីឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរ
01, Dec 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ ស្របពេលដែលពិភពលោកជួបបញ្ហាសេដ្ឋកិច្ច លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទូចឱ្យអភិបាលរាជធានី-ខេត្ត បង្កើតផ្សាររាត្រីឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ផ្ដល់ចំណូលដល់សង្គមជាតិ។



ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃតី៣០ ខែវិច្ឆិកា លោក ស សុខា បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងជួបបញ្ហាសេដ្ឋកិច្ច។ ក្នុងនោះសូម្បីតែថៃ និងចិន ក៏ប្រកាសលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរ មកពីបណ្ដាប្រទេសអឺរ៉ុបមួយចំនួនផងដែរ។ 
 
ដ្បិត កម្ពុជាមិនបានប្រកាសលែកទិដ្ឋាការដូចប្រទេសទាំងនោះ តែការទាក់ទាញភ្ញៀវទេសចរ និងចំណូលបានពីទេសចរណ៍ ពិតជាមានសារៈសំខាន់។ ដូច្នេះ លោក ទទូចឱ្យអភិបាលរាជធានី-ខេត្ត ទាំងអស់បង្កើតផ្សាររាត្រីដែលវាមានលក្ខណៈស្រដៀងទៅនឹង Pubstreet នៃខេត្តសៀមរាប ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរមួយកម្រិតទៀត។ ទន្ទឹមនោះ ក៏ត្រូវគិតគូរសំខាន់ទៅលើសន្តិសុខសណ្ដាប់ធ្នាប់ និងចំណត ផងដែរ។  
 
លោក ស សុខា ថ្លែងដូច្នេះថា៖«ការបង្កើតផ្សាររាត្រី នឹងក្លាយជាភាពទាក់ទាញបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរក្នុងខេត្តនីមួយៗ។ ដូចយើងដឹងហើយថា ឥឡូវ ការទាញយក ការស្នើសុំ ក៏ដូចជាការផ្ដល់អាទិភាពផ្នែកទេសចរណ៍នេះ មានភាពសកម្មនៅលើពិភពលោក។ សូម្បីតែចិន ក៏គេលើកលែងទិដ្ឋាការដែរ។ ដូច្នេះ ទោះបី កម្ពុជាមានភារឹងមាំផ្នែកសេដ្ឋកិច្ចក្នុងកម្រិតណាមួយក៏ដោយ តែយើងត្រូវពង្រឹងសមត្ថភាពខ្លួនឯង ជាពិសេស ការរកចំណូល និងចំណាយក្នុងស្រុក»។ 
 
តាមគម្រោងដែល លោក ស សុខា ដាក់ចេញនៅពេលនេះ អាចនឹងចាប់ផ្ដើមនៅអំឡុង ខែមករា ឆ្នាំ២០២៤៕ 

Tag:
 ស សុខា
  ក្រសួងមហាផ្ទៃ
  ផ្សាររាត្រី
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com