កីឡាជាតិ
ជាតិ
ការឈ្នះ Dynamic Herb Cebu ធ្វើឲ្យភ្នំពេញក្រោន មានកម្លាំងចិត្តឡើងវិញ
01, Dec 2023 , 10:40 am        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និង Dynamic Herb Cebu រូបពី Cambodian Premier League
ការប្រកួតរវាងភ្នំពេញក្រោន និង Dynamic Herb Cebu រូបពី Cambodian Premier League
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយថា ក្រុមមានស្មារតីល្អឡើងវិញ ក្រោយឈ្នះលើក្រុមDynamic Herb Cebu ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នៃពានរង្វាន់ AFC Cup វគ្គចែកពូល F ។


១គ្រាប់ម្នាក់ពីសំណាក់កីឡាករ Shintaro Shimizu និង Yudai Ogawa រួមនិង ២គ្រាប់ដោយ លឹម ពិសុទ្ធ គ្រប់គ្រាន់ដើម្បីជួយភ្នំពេញក្រោនរក្សាចំណាត់ថ្នាក់ទី២ ពូល F បណ្តោះអាសន្ន និងជាក្រុមលេខ២ល្អបំផុតតំបន់អាស៊ាន សម្រាប់កៅអីវគ្គបន្ទាប់ (Zonal semi-finals)។ ភ្នំពេញក្រោន កំពុងប្រជែងពិន្ទុសម្រាប់ក្រុមលេខ២ល្អ ជាមួយក្រុមម៉ាឡេស៊ី Terengganu ដែលមាន៩ពិន្ទុ និង Haiphong របស់វៀតណាម ដែលមាន៧ពិន្ទុ។

ឆ្លងកាត់ការប្រកួត៥លើកក្នុងពូល F ភ្នំពេញក្រោន រកបាន១២ពិន្ទុ ស្មើក្រុមកំពូលតារាង Macarthur FC ស្របពេល DH Cebu ដែលរកបាន៤ពិន្ទុ និង Shan United នៅបាតតារាងមាន១ពិន្ទុ។ Macarthur FC បន្តឈ្នះ Shan United ដែលធ្វើឡើងនៅទឹកដីថៃ ក្នុងលទ្ធផល ៤-០។ DH Cebu និង Shan United អស់ឱកាសទៅវគ្គបន្តទៅហើយ ទោះសល់មួយប្រកួតចុងក្រោយ។

មុនយកជ័យជម្នះលើ Dynamic Herb Cebu នេះ ក្លិបភ្នំពេញក្រោន បានចាញ់ Macarthu FC ៥-០ និងបានត្រឹមលទ្ធផល 0-០ ជាមួយព្រះខ័នរាជស្វាយរៀង ក្នុងលីគកំពូលកម្ពុជា។ លោក Oleg Starynskyi មិនពេញចិត្តចំពោះលទ្ធផល ២ប្រកួតចុងក្រោយនេះសោះ ដោយចាត់ទុកថា លទ្ធផលនេះ បានប៉ះពាល់ដល់ស្មារតីក្រុម និងធ្វើឲ្យក្រុមមានអារម្មណ៍មិនល្អ។
 
«វា គឺជារឿងសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការឈ្នះការប្រកួតអន្តរជាតិ។ វា គឺជាការប្រកួតដែលល្អ បន្ទាប់ពីយើងមិនរីករាយជាមួយនឹងលទ្ធផលនាពេលកន្លងមក លទ្ធផលបែបនេះ ធ្វើឲ្យយើងមានអារម្មណ៍ល្អឡើងវិញ។»។ យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
គ្រូបង្វឹកភ្នំពេញក្រោន នៅតែដាក់គោលដៅ យកឈ្នះ លើក្រុម Shan United នាថ្ងៃទី១៤ ខែធ្នូ នៅកីឡដ្ឋាន Thuwunna ក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។ លោក Oleg Starynskyi បាននិយាយថា៖«សម្រាប់ការប្រកួតជាមួយ Shan United ដែលជាការប្រកួតចុងក្រោយនៅពូល F យើងមិនមែនទៅសម្រាប់ស្មើការប្រកួតនោះទេ។ យើងចង់ឈ្នះការប្រកួត។ យើងត្រូវតែធ្វើការឲ្យខ្លាំងដើម្បីទទួលបានលទ្ធផល ហើយក៏មិនត្រូវខ្វល់ពីក្រុមដទៃនៅពូលផ្សេងដែរ។ នេះគឺជាអ្វីដែលយើងធ្វើសម្រាប់កេរ្ត៍ឈ្មោះក្លិប និងសម្រាប់អ្នកគាំទ្រ។»។

តាមរយៈលទ្ធផលនេះ ទាំង ភ្នំពេញក្រោន និង Macarthur FC សុទ្ធតែមានភាគរយខ្ពស់ដូចគ្នា ដើម្បីបន្តទៅវគ្គបន្ទាប់ AFC Cup ឆ្នាំ២០២៣។ ក្រុមទាំងពីរត្រូវការត្រឹម១ពិន្ទុទៀតប៉ុណ្ណោះ ប្រសិន Terengganu ឈ្នះនៅជំនួបចុងក្រោយនៃវគ្គសន្សំពិន្ទុ។

ដោយឡែក ក្រោយប្រកួត៥លើកក្នុងវគ្គសន្សំពិន្ទុកីឡាករជប៉ុន Shintaro Shimizu ស៊ុតបញ្ចូលទីច្រើនជាងគេចំនួន៧គ្រាប់ តាមពីគ្រោយដោយ Darren Lok ខ្សែប្រយុទ្ធ Sabah និង Marco Tulio Lemos របស់ក្រុម Central Coast Mariners ដែលរកបាន៦គ្រាប់ដូចគ្នា។
 
គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ ៥ប្រកួត ភ្នំពេញក្រោន ឈ្នះ ៤ និងចាញ់១ មាន ១២ ពិន្ទុ ស្មើគ្នា ជាមួយក្រុមលេខ១ ក្នុងពូល F Macarthur FC។ រីឯ Dynamic Herb Cebu ឈរនៅចំណាត់ថ្នាក់លេខ៣ មាន៤ពិន្ទុ ហើយ Shan United នៅបាតតារាង មាន ១ពិន្ទុ។ ការប្រកួតចុងក្រោយ នៃវគ្គចែកពូល F Macarthu FC ប្រកួតជាមួយ Dynamic Herb ខណៈ Shan United ស្វាគមន៍ ភ្នំពេញក្រោន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣៕

Tag:
 (បាល់ទាត់
  AFC Cup)
© រក្សាសិទ្ធិដោយ thmeythmey.com