កីឡាជាតិ
ជាតិ
លោក ម៉ារ៉ា សុជាតិ ជឿជាក់អត្ដពលិកប៊ីយ៉ាកម្ពុជា៥រូប ធ្វើបានល្អក្នុងការប្រកួតជើងឯកពិភពលោក នៅចិន
01, Dec 2023 , 9:00 pm        
រូបភាព
លោក ម៉ារ៉ា សុជាតិ ផ្ដល់បទសម្ភាស មកសារព័ត៌មានក្នុងស្រុក
លោក ម៉ារ៉ា សុជាតិ ផ្ដល់បទសម្ភាស មកសារព័ត៌មានក្នុងស្រុក
លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ជឿជាក់លើអត្ដពលិកកម្ពុជា នឹងធ្វើបានល្អ ក្នុងការប្រកួតជើងឯកពិភពលោក 2023 World championship Chinese Pool នៅ Yushan ក្នុងខេត្ត Jiangxi ប្រទេសចិន ដែលមានប្រទេសខ្លាំងៗ ចូលរួមជាង ៥០ប្រទេស។ ការរំពឹងនេះ ដោយសារអគ្គលេខាធិការ សំអាងថាកីឡាករ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ហើយមានបទពិសោធន៍ប្រកួត អន្ដរជាតិជាច្រើនផងដែរ។ ព្រឹត្តិការណ៍ពិភពលោកនេះ នឹងធ្វើចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ហើយកម្ពុជា បានបញ្ជូនប្រតិភូកីឡាប៊ីយ៉ា ៧រូប។



ទៅកាន់ព្រឹត្តិការណ៍ 2023 World championship Chinese Pool ដែលមានជាង ៥០ប្រទេសចូលរួម លោក ម៉ារ៉ា សុជាតិ ជឿជាក់ថាអត្ដពលិក ដែលជ្រើសរើសចូលរួម នឹងធ្វើបានល្អ ព្រោះអ្នកទាំងនោះ មានឆន្ទៈចង់ដណ្ដើមយកជ័យលាភីជូនជាតិ ហើយក៏សុទ្ធតែជាកីឡាករ ដែលមានបច្ចេកទេសល្អ និងឆ្លងកាត់បទពិសោធន៍ប្រកួតអន្ដរជាតិជាច្រើន។ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានប្រាក់រង្វាន់សរុប ១៥០០០០០ ដុល្លារ ផងដែរ។


ប្រតិភូកីឡាប៊ីយ៉ា ៧រូប ចូលរួមប្រកួតជើងឯកពិភពលោក

«នេះ គឺជាការប្រកួតកម្រិតពិភពលោក។ ខ្ញុំ ជឿថា កីឡាករកម្ពុជា នឹងធ្វើបានល្អជាងមុនទៀត។ យើង ជ្រើសយកទៅសុទ្ធតែជាអ្នកខ្លាំងៗ និងជំនាញខាងប៊ីយ៉ា Pool។ យើង បានឆ្លងកាត់បទពិសោធន៍ប្រកួត និងវគ្គជម្រុះកន្លងមក។ ខ្ញុំ នៅតែសង្ឃឹមថា កម្ពុជា នឹងធ្វើបានល្អ ព្រោះពួកយើងទៅលេង ដោយឆន្ទៈចង់ឈ្នះ បូករួមជាមួយបច្ចេកទេស បទពិសោធន៍ យើងបានទទួលបានកន្លងមកផង។ អ៊ីចឹង កីឡាករយើង អាចធ្វើបានល្អ។»។ លោក ម៉ារ៉ា សុជាតិ បាននិយាយប្រាប់ដូច្នេះ។
 
ប្រតិភូកីឡាប៊ីយ៉ាកម្ពុជា ៧រូបនោះ មាន៖ លោក ម៉ារ៉ា សុជាតិ ប្រតិភូដឹកនាំ, លោក អេង ស៊ីថន គ្រូបង្វឹក, កីឡាករ ម៉ែន សុផានិត, នាង តុលា, ដួង ប៊ុនធឿន, លន់​ សៅជេត្តភាម និងកីឡាករ លាវ លាងឡុង។ ប្រតិភូកីឡាទាំងនោះ បានចេញដំណើរទៅប្រទេសចិន កាលពីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា៕

Tag:
 (ប៊ីយ៉ា
  ម៉ារ៉ា សុជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com