កីឡាជាតិ
ជាតិ
FFC ត្រូវប្តូរកៅអីស្តាតអូឡាំពិកឡើងវិញ ដើម្បីស្របតាមស្តង់ដា AFC និង FIFA
01, Dec 2023 , 4:40 pm        
រូបភាព
ដើម្បីឱ្យស្របតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអាស៊ី (AFC) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ត្រូវផ្លាស់ប្តូរកៅអីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកជាថ្មីម្តងទៀត។ AFC និង FIFA តម្រូវឱ្យ FFC ដកកៅអីចាស់ដែលទើបបំពាក់អំឡុងស៊ីហ្គេម ហើយបញ្ចូលកៅអីដែលមានបង្អែកវិញ ដើម្បីអាចរៀបចំប្រកួតកម្រិតអន្តរជាតិ។ FFC ប្រកាសរកអ្នកចង់បញ្ចេញស្នាដៃ រចនាលើហេដ្ឋារចនាសម្ព័ន្ធ ពហុកីឡដ្ឋានជាតិអូឡាំពិកនេះ។

តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ FFC នៅថ្ងៃទី១ ខែធ្នូ ស្ថាប័ន FFC ត្រូវកែសម្រួលកៅអីដែលបានដាក់នៅពហុកីឡដ្ឋានជាតិដោយគណៈកម្មការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានជាតិអូឡាំពិក ឱ្យស្របតាមស្តង់ដារបស់ AFC និង FIFA។
 
តាមលក្ខខណ្ឌរបស់ AFC និង FIFA ដើម្បីអាចឱ្យពហុកីឡដ្ឋានជាតិនេះ ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតអន្តរជាតិបាន តម្រូវឱ្យកីឡដ្ឋាននេះ មានកៅអីដែលមានបង្អែក ដោយរុះរើកៅអីដែលមានសព្វថ្ងៃចេញវិញ។ ដំណើរការបំពាក់កៅអីថ្មី FFC បានស្នើទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដើម្បីសុំកញ្ចប់ថវិកាឧបត្ថម្ភ។
 
កៅអីដែលគ្មានបង្អែកសព្វថ្ងៃ​ ត្រូវបានបំពាក់នៅមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។​ បើទោះអាចទទួលរៀបចំស៊ីហ្គេមបានក្តី ប៉ុន្តែដោយសារទទួលបានការអនុគ្រោះពី AFC ប៉ុណ្ណោះ។ បើមានកៅអីផ្អែក នោះ FFC មិនបាច់ស្នើសុំ AFC ទៀតឡើយ នៅពេលរៀបចំប្រកួតអន្តរជាតិ។
 
ក្នុងដំណើរការផ្លាស់ប្តូរកៅអីនេះ FFC ក៏បានប្រកាសរកអ្នកចង់បញ្ចេញស្នាដៃលើការរចនាប្លង់ក្នុងកីឡដ្ឋានផងដែរ។ សម្រាប់អ្នកដែលទទួលបានការជ្រើសរើសក្នុងការរៀបចំកៅអីឡើងវិញនៅពហុកីឡាដ្ឋានជាតិនេះ នឹងទទួលបានការលើកទឹកចិត្តពី FFC៕

Tag:
 (FFC
  ពហុកីឡដ្ឋានជាតិអូឡាំពិក)
© រក្សាសិទ្ធិដោយ thmeythmey.com