ជាតិ
កសិករភាគច្រើននិយម ដាំស្វាយចន្ទីពូជ M23ព្រោះគ្រាប់ធំ និងរសជាតិឆ្ងាញ់
02, Dec 2023 , 8:59 am        
រូបភាព
ប្រភេទពូជគ្រាប់ស្វាយចន្ទី M23 ជាពូជមួយប្រភេទ ដែលប្រជាកសិករនិយមដាំដុះច្រើនជាងគេ។  ពូជស្វាយចន្ទីនេះមានគ្រាប់ធំល្អ មានរសជាតិឆ្ងាញ់ និងអាចផ្ដល់ទិន្នផលបានខ្ពស់ជាងពូជផ្សេងៗទៀត។ បើតាម លោក លី គឹមស៊ុយ ម្ចាស់ចម្ការស្វាយចន្ទីមួយកន្លែងនៅស្រុកសន្ទុក ខេត្តកំពង់ធំ ពូជM23  មានលក្ខណៈងាយស្រួលដាំជាងពូជដទៃ ដោយអាចប្រមូលផលបាន៣ដង ក្នុង១ឆ្នាំៗ។ ស្វាយចន្ទីនេះមាន គ្រាប់រាងធំ រសជាតិឆ្ងាញ់ និងជាពូជស្វាយចន្ទីរបស់កម្ពុជា។

 
ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទី របស់ក្រសួងកសិកម្ម និង EU លោក គឹមស៊ុយ បានផ្តល់បទសម្ភាសដល់សារព័ត៌មានឌីជីថលថ្មីៗថា តម្លៃនៃការលក់ចេញលើទីផ្សារ ក៏ល្អប្រសើរ។ មូលហេតុដែលធ្វើឱ្យប្រជាកសិករផ្លាស់ប្តូរពីពូជដុងណាយ របស់វៀតណាម មកពូជ M23 ដោយសារ ពូជដុងណាយ ពិបាកថែទាំ គ្រាប់តូច ខុសពីពូជM23។
 
ម្ចាស់ចម្ការស្វាយចន្ទីដែលមានផ្ទៃដី ១៩ហិកតារូបនេះ បានបន្ថែមថា ជារៀងរាល់ឆ្នាំ លោកតែងប្រមូលគ្រាប់ស្វាយចន្ទីចំនួន៣ដងក្នុង១ឆ្នាំ ប៉ុន្តែទិន្នផលដែលទទួលបានច្រើនគឺនៅពាក់កណ្តាលដៃ ពោលគឺចាប់ពីចុងខែកុម្ភៈដល់ចុងខែមីនា។ ផ្ទៃដីដាំចន្ទី១ហិកតា លោកអាចដាំបានប្រមាណ២០០ដើម និងអាចប្រមូលផលបានជាង២តោនផងដែរ។
 
បច្ចុប្បន្ន លោក លី គឹមស៊ុយ គឺជាកសិករគំរូមួយរូប ដែលបានចាប់ផ្តើមដាំស្វាយចន្ទីនៅក្នុងឆ្នាំ២០០៦ ដោយស្ថិតនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ៕
 
#ThmeyThmey25 #សវាយចន្ទី #កសកម្ម #កសឧស្សាហកម្ម #SME
 

Tag:
 ស្វាយចន្ទី
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com