ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យក្រុមការងារចុះមូលដ្ឋាន ប្រមូលកង្វល់ពលរដ្ឋ និងដោះស្រាយឱ្យទាន់ពេល
02, Dec 2023 , 12:40 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ពីរបៀបរបបធ្វើការ ហើយចង្អុលបង្ហាញពីតួនាទី ទៅក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋាន ឱ្យចេះសហការនិងពិភាក្សាគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ នេះបើតាមសេចក្ដីណែនាំរបស់សម្ដេច ចុះថ្ងៃទី៣០ វិច្ឆិកា។

 
 
នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចរៀបចំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបានចាត់តាំងសមាជិក សមាជិការាជរដ្ឋាភិបាល និងមន្ត្រីរាជការតាមក្រសួង ស្ថាប័ន ជាសមាសភាពក្នុងក្រុមការងារនេះ ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីគោលនយោបាយ រួមទាំងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល។
 
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទី តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព ស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ រួមទាំងការដោះស្រាយ ឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ 
 
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានភារកិច្ច លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយផ្សព្វផ្សាយដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅមូលដ្ឋាន អំពីកម្មវិធីគោលនយោបាយ កម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាល។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន  ក៏ត្រូវសហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋដើម្បីសហការជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយឆ្លើយតបផងដែរ។ 
 
ចំណែក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវមានការទទួលខុសត្រូវដឹកនាំណែនាំ និងត្រួតពិនិត្យសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់នៃរាជធានី-ខេត្តនីមួយៗ។ ចំណែក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវមានការទទួលខុសត្រូវ ក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារចុះមូលដ្ឋានក្នុងក្រុមការងាររបស់ខ្លួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត។
 
ជាមួយគ្នាដែរ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននានា ត្រូវរៀបចំឱ្យមានមន្ត្រីបង្គោលក្នុងក្រសួង ស្ថាប័នសាមី ដើម្បីធ្វើជាសេនាធិការក្នុងការសម្របសម្រួលសកម្មភាពការងារចុះមូលដ្ឋាន និងបូកសរុបសកម្មភាពតំណាងក្រសួង ស្ថាប័នរបស់ខ្លួន ដែលបានចូលរួមក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ 
 
យ៉ាងណា ក្នុងការចុះបំពេញការងារនៅមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានាឡើយ។ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ត្រូវមានការទទួលខុសត្រូវលើកិច្ចការនានាដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
 
ចំណែក ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ-សង្កាត់នីមួយៗ ត្រូវពិគ្រោះពិភាក្សាដើម្បីបែងចែកសមាសភាពក្រុមការងារចុះតាមភូមិនានា ក្នុងឃុំឥសង្កាត់ខ្លួន ហើយស្នើមកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌសាមី ដើម្បីពិនិត្យ និងសម្រេចចាត់តាំងក្រុមការងារនោះ ឱ្យបានរួចរាល់យ៉ាងយូរត្រឹមដំណាច់ខែមករា ឆ្នាំ២០២៤៕ 
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com