កីឡាជាតិ
ជាតិ
កម្ពុជា រៀបប្រកួតប្រណាំងទោចក្រយានមិត្តភាព កម្ពុជា-ឡាវ-វៀតណាម នៅទឹកដីឡាវ
02, Dec 2023 , 7:39 pm        
រូបភាព
លោក នូ ចំរើន អង្គុយ ចំកណ្ដាល ពាក់អាវក្រៅពណ៌ខៀវ
លោក នូ ចំរើន អង្គុយ ចំកណ្ដាល ពាក់អាវក្រៅពណ៌ខៀវ
លោក នូ ចំរើន អគ្គលេខាធិការកីឡាទោចក្រយានកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានមិត្តភាព កម្ពុជា-ឡាវ-វៀតណាម ដើម្បីអបអរកិច្ចប្រជុំកំពូលសភារបស់ឡាវ ហើយក៏ជាការវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី សម្រាប់ប្រទេសចូលរួម ជាពិសេសការត្រៀមខ្លួនសម្រាប់ប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។ ការប្រកួតមិត្តភាពនេះ នឹងត្រូវធ្វើនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ ចាប់ពីថ្ងៃទី៣-៧ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតមិត្តភាពនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក នូ ចំរើន បញ្ជាក់ថាកម្ពុជា នឹងបញ្ជូនអត្ដពលិក ១៥នាក់ ចូលរួមប្រកួតប្រជែង។ 
 
នេះ ក៏ជាឱកាសសម្រាប់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្នុងការវាយតម្លៃលើសមត្ថភាពកីឡាករ ដើម្បីជ្រើសរើសហ្វឹកហាត់បន្ថែម សម្រាបក់ការត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ជាពិសេស គឺព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥។
 
«យើង ត្រូវការកីឡាករ ដែលមានសក្ដានុពល ដើម្បីហ្វឹកហាត់បន្ថែម ត្រៀមខ្លួនប្រកួតអន្ដរជាតិ។ ដូច្នេះ ការប្រកួត យើង អាចវាយតម្លៃកម្រិតសមត្ថភាពរបស់កីឡាករយើង។»។ លោក នូ ចំរើន បាននិយាយដូច្នេះ។
 
សមាសភាពកីឡាករទាំង ១៥រូបនេះ មានខ្លះមិនធ្លាប់ប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិឡើយ ប៉ុន្ដែអគ្គលេខាធិការូបនេះ រំពឹងថា ពួកគេ នឹងធ្វើបានល្អ ព្រោះអ្នកទាំងនោះ មានឆន្ទៈចង់ប្រកួតតំណាងឲ្យកម្ពុជា។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតប្រណាំងទោចក្រយាននេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី៣-៧ ខែធ្នូ ឆ្នាំ២០២៣​នៅប្រទេសឡាវ៕
 

Tag:
 ទោចក្រយាន
  នូ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com