ជាតិ
វីដេអូ
បុរសម្នាក់ដើរប្រមូលព្រះពុទ្ធបដិមាបែកបាក់តាមវត្ត មកជួសជុលឡើងវិញ ដើម្បីសន្សំកុសល
03, Dec 2023 , 8:59 pm        
រូបភាព
 រូបពីហ្វេសប៊ុក ផ្ទះអ្នកព្រៃផ្គុំនាងពូនវេទជួយមនុស្សមានទុក្ខ.
រូបពីហ្វេសប៊ុក ផ្ទះអ្នកព្រៃផ្គុំនាងពូនវេទជួយមនុស្សមានទុក្ខ.
 ភ្នំពេញ៖ ជាង១ឆ្នាំហើយ ដែលលោក សុខ ដើរប្រមូលព្រះពុទ្ធបដិមាបែកបាក់តាមវត្ត មកជួសជុលឡើងវិញ ដើម្បីសន្សំកុសល។ លោក សុខ គឺជាឈ្មោះតំណាងឱ្យបុរសម្នាក់ ដែលដើរប្រមូលព្រះពុទ្ធបដិមាបែកបាក់តាមវត្ត។

«ព្រះពុទ្ធរូបពេល​ដែល​គេហែថ្មីៗ គេថ្វាយ​បង្គំ គេសំពះ គេទូល​លើក្បាល ប៉ុន្តែ​នៅពេលដែលបាក់បែក ពុកផុយ គេបែរ​ជា​យកលោក​ទៅ​ដាក់​ក្រោម​ដើម​ឈើ ដាក់​ជិត​ចេតិយ ដាក់ជិតទីប៉ាឆា សត្វឆ្មាឆ្កែបន្ទោបង់ដាក់ក៏មាន។ តើ​សមឬអត់? តើខំកសាងវត្តធំៗធ្វើអី? រូប​ព្រះពុទ្ធបដិមា គឺតំណាងឱ្យសាសនាព្រះពុទ្ធហ្នឹងហើយ»។ នេះជាការយល់ឃើញរបស់បុរសម្នាក់ ដែលបាន​ដើរប្រមូលរូប​ព្រះ​ពុទ្ធបដិមាបាក់បែក មកជួសជុលឱ្យល្អឡើងវិញ​ និងយកទៅអភិសេក សម្រាប់គោរពបូជាជាថ្មី។
 
បុរសដែលបានដើរប្រមូលព្រះពុទ្ធរូបបាក់បែក​តាមវត្តអារាម សុំមិនបញ្ចេញឈ្មោះខ្លួនឡើយ ដូច្នេះសារព័ត៌​មាន​ថ្មីៗ សូមហៅឈ្មោះគាត់ថា លោក សុខ។ លោក សុខ បាន​ដើរប្រមូលព្រះពុទ្ធបដិមា​បាក់បែក នៅតាមវត្តនានា អស់​រយៈពេលជាង១ឆ្នាំមកហើយ។ ក្នុងរយៈពេលជាងមួយឆ្នាំនេះ លោកបានជួសជុល រូប​ព្រះ​ពុទ្ធបដិមា បាន​ចំនួន​១០១០​អង្គ គិតត្រឹមថ្ងៃ​ទី២៩ខែវិច្ឆិកា ឆ្នាំ​២០២៣។ ក្រៅពីនោះ ក៏នៅមានពុទ្ធបដិមាមួយ​ចំនួនទៀត ដែលលោក​មិន​ទាន់បាន​ជួសជុល​រួចដែរ។ 
  

 រូបពីហ្វេសប៊ុក ផ្ទះអ្នកព្រៃផ្គុំនាងពូនវេទជួយមនុស្សមានទុក្ខ

លោក សុខ ពន្យល់បន្ថែម​៖«អ្នកខ្លះគេប្រកាន់ថា ព្រះបាក់បែក គេមិនហ៊ានតទេ គេថារាសីធ្លាក់​។ មុននឹងតព្រះ គេសុទ្ធតែទៅរកគ្រូមើល​។ ខ្ញុំធ្វើនេះមិនចង់បានអីទេ ខ្ញុំចង់​តែបាន​បុណ្យទេ។ មិនត្រឹមតែខ្ញុំជួយសង្គ្រោះព្រះពុទ្ធរូបបាក់បែកទេ ខ្ញុំថែមទាំងជួយសង្គ្រោះដើមពោធិ៍ បាន​ជិត២ពាន់ដើម​ឯណោះ​។​ ដើមពោធិ៍ដែលដុះនៅតាមវត្ត គេបម្រុងនឹងកាប់ឬដកចោល ខ្ញុំឱ្យកូនចៅខ្ញុំទៅដកទាំងអស់ ដើម្បីយកមកផ្សាំនិង​បណ្ដុះ។ ពេលខ្ញុំហែព្រះពុទ្ធរូបទៅវត្តណា ខ្ញុំយកដើមពោធិ៍ទៅវត្តនោះ មានដើមពោធិ៍និងដើមរាំងភ្នំ»។
 

ក្រោយជួសជុល ព្រះ​ពុទ្ធបដិមា​ដែលប្រមូល​ទុក​​រួចរាល់ហើយ លោក សុខ ​នឹងចាប់ផ្ដើម​ជួស​ជុល រូបព្រះសិអារ្យមេត្រីម្ដង។ ទោះ​ជាយ៉ាងណា ខណៈពេលនេះលោក សុខ អះអាងថាខ្លួនមិនទាន់ចេះធ្វើរូបព្រះសិអារ្យមេត្រីឡើយ ប៉ុន្តែ​លោកនឹង​ព្យាយាមរៀន ដើម្បី​អាច​ជួសជុល​បាន។ លោកសុខ ថា​លោកជួសជុលតែព្រះ​តូចៗ ចាប់ពី​៥គីឡូក្រាមចុះប៉ុណ្ណោះ​​។ ​ 
 
«តាមគម្រោងខ្ញុំ​ជួសជុល១ពាន់អង្គ ប៉ុន្តែពេលនេះបាន១០១០អង្គហើយ និង​នៅសល់ព្រះ​មិនទាន់ជួសជុលផ្សេង​ទៀត។ ក្រោយជួលជុលព្រះដែលបានប្រមូលទុករួចរាល់ ខ្ញុំ​ជួសជុលរូបព្រះសិអារ្យមេត្រី បន្ថែមទៀត។ ពេលនេះរូប​ព្រះសិអារ្យមេត្រី​ ខ្ញុំ​ប្រមូលបានជិត១០០អង្គដែរ​។ ព្រះ​ដែលឆេះក៏ខ្ញុំ​យកដែរ»។ នេះ​ជា​ការ​បន្ថែម​របស់​លោក សុខ។
  

 រូបពីហ្វេសប៊ុក ផ្ទះអ្នកព្រៃផ្គុំនាងពូនវេទជួយមនុស្សមានទុក្ខ

ព្រះ​ពុទ្ធរូបដែល​លោក សុខ ជួស​ជុលរួច បានដង្ហែចូលវត្ត នៅទូទាំង២៤រាជធានីខេត្ត ដោយ​លើកលែងតែខេត្តបាត់ដំបងមួយប៉ុណ្ណោះ ដែលមិនទាន់មានការហែ​ចូល​។ លោក សុខ ថា​ខ្លួនជួសជុលរូបព្រះពុទ្ធបដិមាបាក់​បែក ដើម្បី​សន្សំបុណ្យ។ លោកបានដឹកនាំមនុស្សមួយក្រុម ឱ្យធ្វើការងារនេះដែរ។ ជាមួយគ្នានេះ លោកបានអះអាងថា លោកមិនជួយជុលវត្ថុបុរាណឡើយ ដោយលោកជួយជុលតែពុទ្ធបដិមា ដែលធ្វើពីស៊ីម៉ង់ ឬម្នាងសិលាប៉ុណ្ណោះ។
 
រូបដែលលោកជួសជុលនោះ បើ​មានតែព្រះកាយ និង​ធ្វើព្រះសីសៈថ្មី​ភ្ជាប់។ បើមានតែព្រះសីសៈ នឹង​ធ្វើព្រះកាយថ្មីភ្ជាប់។ ប្រសិនមានតែព្រះហត្ថ នោះ​នឹង​កសាងរូបថ្មី ហើយដាក់​ព្រះហត្ថនោះ ចូលទៅក្នុងព្រះកាយថ្មី។ បើមានតែបល្ល័ង្កជាប់ព្រះភ្នែន ក៏កសាងរូបថ្មី ភ្ជាប់ជាមួយភ្នែនចាស់ដែរ​។
 
ដំណើរការនៃការប្រមូល រូបព្រះពុទ្ធបដិមាបាក់បែក គឺលោក សុខ ទៅសុំព្រះសង្ឃនៅតាមបណ្ដាវត្តនានា ដែល​រូបទាំងនោះ ដាក់ចោលតាមរបងវត្ត តាមទីប៉ាឆា តាមគុម្ពឈើ ឬនៅជិតចេតិយជាដើម។ ខ្លះទៀតក៏មាន​គេហៅឱ្យលោកទៅយកដែរ។ ទោះជាយ៉ាងណា វត្តខ្លះក៏​ព្រះសង្ឃ​មិនអនុញ្ញាតឱ្យលោកយក បដិមាបែកបាក់នោះចេញដែរ ព្រោះព្រះសង្ឃ​ខ្លាចលោកយកទៅលក់។
  

 រូបពីហ្វេសប៊ុក ផ្ទះអ្នកព្រៃផ្គុំនាងពូនវេទជួយមនុស្សមានទុក្ខ

សម្រាប់​ព្រះពុទ្ធបដិមា ដែលបានជួសជុលរួចរាល់ លោក សុខ បានដង្ហែទៅវត្តណាដែលចង់បានរូបព្រះទាំងនោះ។ កន្លងទៅលោកបាន ដង្ហែទៅវត្តនាគវ័ន្តបាន​៩៩អង្គ។ ដង្ហែទៅ​វត្តស្វាយជ្រុំនៅស្វាយរៀង ២៤អង្គ វត្តក្រឡែកែង១០៤អង្គ ភ្នំត្បែង១៤០អង្គ។ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ១៩អង្គ ហែទៅ​ស្រុកព្រះស្ដេច ក្នុងឃុំកំពង់សឹង៩វត្ត ចំនួន៤២អង្គ។ និង​ទៅ​វត្តវិហារសួគ៌ប្រមាណ២០​​អង្គ​​។ 
 
លោក សុខ ស្នើទៅព្រះសង្ឃ និងអាចារ្យវត្ត សូមថែរក្សាព្រះពុទ្ធរូបដែលបាក់ចែក កុំ​យក​ទៅបោះ​ចោល ឬទុកចោលដោយមិនមានការគោរព ដោយ​សូម​ឱ្យជួយជុល​សម្រាប់​គោរពបូជាបន្ត។ បន្ថែមពីនោះ លោក សុខ ក៏បាន​សំណូមដល់​ពរ​ពុទ្ធបរិស័ទដែរ លោកថា​ប្រសិនជឿលើសាសនាព្រះពុទ្ធ គោរពព្រះពុទ្ធ សូមកុំបោះបង់ចោលរូបព្រះពុទ្ធបដិមាដែលបាក់បែក ដោយ​គួរតែជួសជុលឡើងវិញ​​។ លោកថា ខ្លឹម​នៃ​វត្តគឺព្រះពុទ្ធរូប ដែល​តំណាងឱ្យព្រះដ៏មាន​ព្រះភាគ​៕
 
 
 
 
 
 

Tag:
 សង្គម
  ព្រះពុទ្ធបដិមា
  ព្រះពុទ្ធរូប
  វត្ត
© រក្សាសិទ្ធិដោយ thmeythmey.com