កីឡាជាតិ
ជាតិ
លោក ថោង ខុន៖ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត ឆ្នាំ២០២៤ នឹងមានអ្នកចូលរួម១៥០០០នាក់
04, Dec 2023 , 7:59 pm        
រូបភាព
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣ បានបញ្ចប់ទៅហើយ ដោយមានអ្នកចូលរួមលើសលុបចំនួន ១០១៥៦នាក់ ក្នុងនោះអ្នកចូលរួមបរទេស ចំនួន ៣៦៥៤ នាក់ មកពី ៧៨ ប្រទេស។ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជឿជាក់ថា ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តនៅឆ្នាំ២០២៤ នឹងមានអ្នកចូលរួមដល់ ១៥០០០នាក់។




ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ដែលរៀបចំនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី៣ ខែធ្នូ មានចំនួនអ្នកចូលរួមទាំងជាតិ និងអន្តរជាតិកើនលើសលើកទី២៧ ឆ្នាំ២០២២ ដល់ទៅជាង៤ពាន់នាក់។
 
ភ្ញៀវជាតិ និងអន្តរជាតិ ចំនួន១០១៥៦នាក់ ក្នុងនោះអន្តរជាតិ ៣៦៥៤នាក់ មកពី ៧៨ប្រទេស ដោយចំនួនច្រើនបំផុតមកពីប្រទេសអរ៉ុប បានមានវត្តមាននៅមុខប្រសាទអង្គរវត្ត។ ដោយឡែកនៅឆ្នាំ២០២២ មានអ្នកចូលរួមសរុប៧០០នាក់ ក្នុងនោះបរទេស ១៧២០ នាក់ មកពី ៦៩ ប្រទេស។
  

លោក ថោង ខុន ប្រធាន NOCC អះអាងថានេះ ជាចំនួនដ៏ច្រើនមិនធ្លាប់មានចាប់តាំងពីរៀបព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកដំបូងនៅឆ្នាំ១៩៩៦មក ដែលមានត្រឹម៤០០នាក់។
 
«នេះជាកីឡាទាក់ទាញទេសចរ។ អ្នកចូលរួមដ៏ច្រើននេះ ក៏ដោយសារខេត្តសៀមរាបមានព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីដែលអាចទទួលអ្នកដំណើរត្រង់ពីបណ្តាប្រទេសផ្សេងៗ។ នេះជាការបញ្ចាក់របស់លោក ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅចំពោះមុខអ្នកសារព័ត៌មាន មុនលោកបន្ថែមថា កម្ពុជា នឹងប្រែក្លាយពីគោលដៅទេសចរណ៍រណប ទៅជាគោលដៅបង្គោល តាមរយៈព្រលានអន្ដរជាតិដ៏ធំ។ 
 
បន្ថែមពីនេះ ប្រធាន NOCC ជឿជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ នឹងកើនភ្ញៀវមកចូលរួមដល់ ១៥០០០នាក់។ បើតាមការបញ្ជាក់របស់លោក ថោន ខុន ពាក់កណ្តលម៉ារ៉ាតុងអង្គរវត្ត ឆ្នាំក្រោយ នឹងធ្វើនៅថ្ងៃទី១ ខែធ្នូ៕

Tag:
 ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com