សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី បង្កើតមូលនិធិទំហំ១៣០លានដុល្លារដើម្បីជំរុញការទាក់ទាញភ្ញៀវ
05, Dec 2023 , 9:29 pm        
រូបភាព
អ្នក​​សម្តែង​របាំ​ប្រពៃណី​ក្នុង​​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៧៨ របស់​ឥណ្ឌូណេស៊ី​នៅ​កោះ​បាលី ។ រូបភាព ៖ AFP
អ្នក​​សម្តែង​របាំ​ប្រពៃណី​ក្នុង​​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៧៨ របស់​ឥណ្ឌូណេស៊ី​នៅ​កោះ​បាលី ។ រូបភាព ៖ AFP
ឥណ្ឌូណេស៊ីបានបង្កើតមូលនិធិទេសចរណ៍មានទំហំជិត១៣០លានដុល្លារ ដើម្បីទាក់ទាញភ្ញៀវនៅឆ្នាំ ២០២៤ ស្របពេលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗចំនួន៣ ។

 
រដ្ឋាភិបាលឥណ្ឌូណេស៊ីនាថ្ងៃទី៤ ខែវិច្ឆិកា បានប្រកាសពីគម្រោងមូលនិធិមួយ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងទាក់ទាញភ្ញៀវអន្តរជាតិឲ្យបានកាន់តែច្រើនឡើង។ 
 
កញ្ចប់មូលនិធិទេសចរណ៍នេះ គ្រោងនឹងដាក់ដំណើរការនៅដើមឆ្នាំ២០២៤ ជាមួយថវិកាប្រមាណ២ទ្រីលានរូពៀ ( ១២៩,៣លានដុល្លារ) ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយពីព្រឹត្តិការណ៍ទេសចរណ៍ និងធ្វើឲ្យប្រសើរឡើងនូវម៉ាកយីហោជាតិនៅលើទីផ្សារពិភពលោពលោក។ នេះបើតាមរដ្ឋមន្រ្តីទេសចរណ៍ឥណ្ឌូណេស៊ីលោក​ Sandiaga Uno ។ 
 
« យើងនឹងប្រើប្រាស់មូលនិធិនេះ ដើម្បីគាំទ្រទាំងព្រឹត្តិការណ៍ជាតិ ​និងអន្តរជាតិដូចជា កីឡា តន្រ្តី សិល្បៈ និងវប្បធម៌ ដែលធ្វើឡើងនៅឆ្នាំ ២០២៤ ។ នេះក៏រួមបញ្ចូលទាំងកិច្ចប្រជុំកំពូលដែលមិនពាក់ព័ន្ធនិងវិស័យទេសចរណ៍ ព្រោះសន្និសីទអន្តរជាតិក៏មានឥទ្ធិពលលើសេដ្ឋកិច្ចជាតិដែរ »។ សារព័ត៌មាន Xinhua បានដកស្រង់សម្តីលោក Sandiaga Uno អះអាងបែបនេះ។ 
 
លោកបន្តថា វិស័យទេសចរណ៍នឹងប្រមូលប្រាក់បានច្រើនជាង២២០ទ្រីលានរូពៀ (១៤០លានដុល្លារ)នៅឆ្នាំក្រោយ។ ជាមធ្យម ភ្ញៀវទេសចរបរទេសម្នាក់នឹងចំណាយប្រហែល១៥០០ដុល្លារ នៅពេលធ្វើដំណើរមកដល់ឥណ្ឌូណេស៊ី។
 
នៅឆ្នាំ២០២៤ ឥណ្ឌូណេស៊ីនឹងមានព្រឹត្តិការណ៍សំខាន់ៗយ៉ាងហោចណាស់ ៣ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះដូចជា ពានរង្វាន់វាយសីពិភពលោក Tour-Indonesia Masters  វេទិកាទឹកពិភពលោកលើកទី១០ និងការប្រណាំងមូតូប្រភេទ MotoGP នៅ Mandalika។ 
 
តាមរយៈកញ្ចប់មូលនិធិខាងលើនេះ ឥណ្ឌូណេស៊ីរំពឹងនឹងជួយស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩។  បើតាមស្ថិតិឥណ្ឌូណេស៊ី (BPS) ចាប់ពីខែមករាដល់តុលា ប្រទេសនេះទទួលបានភ្ញៀវទេសចរចំនួន ៩,៤៩លាននាក់ ដែលតួលេខនេះខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាលបានកំណត់ត្រឹមតែ ៧,៤លាននាក់កាលពីដើមឆ្នាំ៕ 

Tag:
 ឥណ្ឌូណេស៊ី
  ទេសចរ
  មូលនិធិ
© រក្សាសិទ្ធិដោយ thmeythmey.com