កីឡាជាតិ
ជាតិ
លោក សេង ប៊ុនសុង៖ ជាគំរូអាក្រក់ដល់ជំនាន់ក្រោយក្នុងកីឡា បើអ្នកគ្មានវិន័យ និងសកម្មភាពល្អ
05, Dec 2023 , 6:19 pm        
រូបភាព
លោក សេង ប៊ុនសុង ពាក់អាវក្រៅពណ៌ខៀវ
លោក សេង ប៊ុនសុង ពាក់អាវក្រៅពណ៌ខៀវ
លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បាននិយាយថា វិន័យ និងសកម្មភាពល្អ របស់អ្នកកីឡាជំនាន់មុន ជាកញ្ចក់ឆ្លុះទៅអ្នកជំនាន់ក្រោយ។ ប្រធានរូបនេះ បន្ថែមថាប្រសិនជាសកម្មភាព និងវន័យល្អ នឹងជះឥទ្ធិពលវិជ្ជមានដល់អ្នកបន្ដវេន។



នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រុម កម្រិតមូលដ្ឋាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងចាប់ពីថ្ងៃទី៣-៥ ខែធ្នូ ដោយមានសិក្ខាកាម ៤២នាក់។
 
ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សេង ប៊ុនសុង បានប្រាប់ថា ដើម្បីអភិវឌ្ឍខ្លួនជោគជ័យ និងទទួលបានការគោរពពីជំនាន់ក្រោយ អ្នកជំនាន់មុន ត្រូវតែមានវិន័យ និងសកម្មភាពល្អ ដើម្បីជាគម្រូ។ ប្រធានរូបនេះ បន្ថែមទៀតថា ប្រសិនជាគ្មានវិន័យ និងសកម្មភាពល្អទេ ពួកគេ នឹងត្រូវបានអ្នកជំនាន់ក្រោយ វាយតម្លៃមិនល្អ។
 
«យុវជន-យុវនារី គឺជាវិរៈបុរស ជំនាន់ក្រោយ ប៉ុន្ដែដាច់ខាតកុំបំភ្លេចបុព្វបុរស។ ទី១ គឺវិន័យ ប្រសិនជាយើងខ្វះវិន័យខ្លួនឯង ហើយទៅប្រាប់គេឲ្យធ្វើ គឺមិនអាចទៅរួចទេ។ ទី២ គឺសកម្មភាព ជាទង្វើមួយ ដែលឆ្លុះបញ្ចាំងពីយើង បើទង្វើយើងមិនល្អ សិស្សានុសិស្ស អ្នកជំនាន់ក្រោយយើង និងវាយតម្លៃ។»។ លោក សេង ប៊ុនសុង បាននិយាយដូច្នេះ។
 
ក្នុងពិធីដដែរនេះ លោក សេង ប៊ុនសុង ទូន្មានឲ្យអាជ្ញាកណ្ដាល និងចៅក្រមទាំងនោះ ឲ្យកាត់សេចក្ដីប្រកបដោយភាពយុត្តិធម៌ ដោយជៀសឲ្យផុតពីការកាត់សេចក្ដីលម្អៀង ៤យ៉ាង។​ ការកាត់សេចក្ដីលម្អៀង ៤យ៉ាងនោះ គឺ កាត់សេចក្ដីលម្អៀង ព្រោះស្អប់, ស្រឡាញ់, ខ្លាច និងលម្អៀង ព្រោះមិនចេះ៕
 

Tag:
 កីឡាជឺជីតស៊ូ
  សេង ប៊ុនសុង
© រក្សាសិទ្ធិដោយ thmeythmey.com