ជាតិ
សង្គមជាតិ
លោក សារៈមុន្នី៖ កត្តាហិរញ្ញវត្ថុ នាំឱ្យកាសែត«រស្មីកម្ពុជា» បិទទ្វារ ក្រោយដំណើការ ៣០ឆ្នាំ
05, Dec 2023 , 5:40 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុក SiSi Williams ដែលបានបង្ហោះកាលពីឆ្នាំ ២០១៣។
រូបពីគណនីហ្វេសប៊ុក SiSi Williams ដែលបានបង្ហោះកាលពីឆ្នាំ ២០១៣។
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាសែត«រស្មីកម្ពុជា» ចាប់ផ្ដើមដំណើរការឡើងនៅឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣ ដោយមានការកែទម្រង់គួរឱ្យកត់សម្គាល់ម្ដង នៅចុងឆ្នាំ២០២០ គឺកាត់បន្ថយបុគ្គលិក និងបង្វែរទៅផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលវិញ។ យ៉ាងណា​ កាសែត«រស្មីកម្ពុជា» ដែលវ័យចំណាស់៣០ឆ្នាំមួយ បានប្រកាសបិទទ្វារ នៅថ្ងៃទី១ ធ្នូ។


ហេតុផលលម្អិត ដែលឈានដល់ការបិទកាសែត «រស្មីកម្ពុជា» នឹងមានក្នុងកិច្ចសម្ភាសន៍សំណួរ និងចម្លើយ រវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ទាវ សារៈមុន្នី និពន្ធនាយកកាសែតរស្មីកម្ពុជា ដូចខាងក្រោម៖ 

កញ្ញា សុភាវតី៖ ខ្ញុំដឹងដំណឹងថា «រស្មីកម្ពុជា» ប្រកាសបិទដំណើរការ កាលពីថ្ងៃទី១ធ្នូនេះ។ ជាសំនួរ ដំបូង តើហេតុផលចម្បងអ្វីនាំឱ្យកាសែតវ័យចំណាស់មួយនេះ ឈានដល់ការបិទដំណើរការ? 

លោក មុន្នី៖ មូលហេតុសំខាន់ ក្នុងវិស័យសារព័ត៌មានឯកជន គឺងាយយល់ទេ! គឺចំណូល មិនតុល្យភាពជាមួយនឹងចំណាយ។ ដូច្នេះ ដំណើរការវេបសាយ មិនអាចដំណើរការទៅមុខទៀតបានឡើយ។ អ៊ីចឹង ក្រុមប្រឹក្សាភិបាលបានប្រាប់ថា យើងអត់អាចមានហិរញ្ញវត្ថុ ដំណើរការវេបសាយនេះ បន្តទៀតទេ! នេះជាមូលហេតុធំ។ 

កញ្ញា សុភាវតី៖
នាងខ្ញុំ ឃើញបុគ្គលិកមួយចំនួន បញ្ចេញមតិនៅបណ្ដាញសង្គម ហាក់មិនសូវពេញចិត្តនឹងការបិទដំណើរការនេះ តើមានបញ្ហាផ្ទៃក្នុងឬយ៉ាងណា? 

លោក មុន្នី៖
និយាយរួមបញ្ហាផ្ទៃក្នុង គឺមិនមានទេ ហើយបញ្ហាចម្បង គឺបញ្ហាថវិកា។ ចំពោះ បុគ្គលិកដែលសរសេរជាលក្ខណៈឯកជន ខ្ញុំក៏មិនដឹងដែរ ព្រោះភាគីក្រុមហ៊ុននឹងដោះស្រាយ ដោយផ្ដល់អត្ថប្រយោជន៍តាមច្បាប់ការងារ។ 

កញ្ញា សុភាវតី៖
លោក មុន្នី នៅ២០២០ កាសែតរស្មីកម្ពុជា បានបង្វែរទៅផ្សាយតាមប្រព័ន្ធឌីជីថល និងកាត់បន្ថយចំនួនបុគ្គលិកហើយ តើហេតុអ្វី នៅតែពុំមានលទ្ធភាពទ្រទ្រង់ ដំណើរបន្តទៀតបាន រហូតឈានដល់ការបិទ?

លោក មុន្នី៖
កាលពីចុងឆ្នាំ ២០២០ យើងបានផ្អាកការបោះពុម្ពផ្សាយ។ វាជារឿងធំមួយទាក់ទិន នឹងរឿងចំណូលចំណាយដូចគ្នា។ ដោយសារការចំណាយលើកាសែត វាធំជាងវេបសាយ។ យើងក៏សម្រេចចិត្តជំរុញការផ្សាយតាមប្រព័ន្ធឌីជីថលវិញ ដើម្បីកាត់បន្ថយចំណាយ និងការវិវត្តរបស់សង្គម។ ប៉ុន្តែ ពេលនេះ បើទោះបីជាមកជាឌីជីលហើយ តែចំណូលពាណិជ្ជកម្មយើង ដែលជាប្រភពចំណូល នៅតែមានបញ្ហា ទើបឈានដល់ប្រកាសបិទដំណើរការនៅថ្ងៃទី១ធ្នូយើងនេះ។ 

កញ្ញា សុភាវតី៖
ទាក់ទងនឹង បុគ្គលិកវិញ តើភាគច្រើន អ្នកមានអតីតភាពការងារយូរជាងគេប៉ុន្មានឆ្នាំ ហើយនឹងមានដំណោះស្រាយអ្វីសម្រាប់ពួកគេ? 

លោក មុន្នី៖
យើងមានបុគ្គលិក អ្នកខ្លះរហូតដល់ជាង៣០ឆ្នាំ ដោយសាររស្មីកម្ពុជាដំណើរការតាំងពីឆ្នាំ១៩៩៣។ ទាក់ទងនឹងការរំសាយនេះ ដូចបានជម្រាប គឺយើងនឹងផ្ដល់ឱ្យគាត់តាមច្បាប់ការងារ ក្នុងនោះដូចជា ប្រាក់អតីតភាពការងារ និងប្រាក់បញ្ចប់ការងាររបស់ពួកគាត់។ រឿងនេះ គឺយើងធ្វើដូចគ្នា នៅពេលយើងរំសាយបុគ្គលិក កាលពីអំឡុងឆ្នាំ២០២០ដែរ។ 

កញ្ញា សុភាវតី៖
ជាអារម្មណ៍ផ្ទាល់របស់ លោក មុន្នី តើមានការសោកស្ដាយបែបណា ចំពោះសារព័ត៌មានវ័យចំណាស់មួយ បានបិទដំណើរការ? 

លោក មុន្នី៖
បើនិយាយពីអារម្មណ៍សោកស្ដាយ «រស្មីកម្ពុជា» វាប្រៀបដូច ២ភាគ៣នៃ បេះដូងខ្ញុំរួចទៅហើយ! ព្រោះខ្ញុំចាប់ផ្ដើមការងារនៅកាសែតនេះ តាំងពីដំបូងនៃការកកើតឆ្នាំ១៩៩៣ ជាមួយបង ប៉ែន សមិទ្ធិ។ បើគិតអារម្មណ៍សោកស្ដាយ គិតពីអ្វីៗ ដែលខ្ញុំបានដាក់ចិត្តមកលើរស្មីកម្ពុជា គឺមាន២ភាគ៣រួចទៅហើយ។ ហើយការសោកស្ដាយ វាគ្មានអ្វីដែលអាចនឹងពិពណ៌នាអស់។ ប៉ុន្តែ អ្វីដែលមិនមានការសោកស្ដាយសម្រាប់ខ្ញុំ គឺរស្មីកម្ពុជា ពួកខ្ញុំជាអ្នកនិពន្ធទាំងអស់ យើងបានប្រឹងប្រែងរួចអស់ហើយ ដោយមិនបានព្រងើយកន្តើយក្នុងការបំពេញវិជ្ជាជីវៈយើងទេ។ 

កញ្ញា សុភាវតី៖
តើលោក មុន្នី មានអនុស្សាវរីយ៍អ្វីខ្លះ ជាមួយ រស្មីកម្ពុជា?

លោក មុន្នី៖
បើគិតពីអនុស្សាវរីយ៍ គឺយើងមានច្រើន ព្រោះយើងចាប់ផ្ដើមដំបូង នៅពេលនោះ ឆ្នាំ១៩៩៣ ទាំងមធ្យោបាយធ្វើដំណើរ ទំនាក់ទំនងព័ត៌មាន និងសម្ភារប្រើប្រាស់ក្នុងការងារ គឺខុសពីយើងបច្ចុប្បន្ន។ យើងធ្វើដំបូង យើងជួបរឿងច្រើន ដូចជាការបញ្ជូនរឿង ហើយតំបន់មួយចំនួនប្រទេសយើងកាលពីមុនពុំមានសន្តិសុខ ជួបការលំបាកច្រើន គឺវាខុសពីអ្វីដែលស្រុកយើងកំពុងមានដូចសព្វថ្ងៃ។ 

កញ្ញា សុភាវតី៖
ចុងក្រោយ តើលោកមុន្នី មានអ្វីជាគំនិត ដក់ជាប់ជាមួយការងារកាសែតនេះ ឬទេ? 

លោក មុន្នី៖
យើងធ្វើការងារនេះ លុះត្រាតែយើងមានអារម្មណ៍ស្រលាញ់ ក្នុងការងារហ្នឹង។ បើយើងអត់មានអារម្មណ៍ធ្វើការងារកាសែតទេ យើងមិនបាច់ធ្វើទេ។ ហើយអារម្មណ៍ស្រលាញ់ហ្នឹង គឺវាមានមកដល់សព្វថ្ងៃនេះ ទើបក្រុមការងារយើងបន្តការងារដល់ពេលនេះ។ យើងស្រលាញ់ វិជ្ជាជីវៈ ស្រលាញ់អាជីព ស្រលាញ់អ្វីដែលយើងធ្វើ ដើម្បីផលប្រយោជន៍របស់សង្គមជាតិ។ ទាំងនេះ ជាពាក្យខ្លះក្នុងអារម្មណ៍របស់យើង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com