ជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា គាំទ្រចិន បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យប្រព្រឹត្តកម្មទឹកស្អាត
07, Dec 2023 , 9:59 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី(ខាងស្ដាំ) ជួបជាមួយ លោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group នាព្រឹកថ្ងៃទី៧ធ្នូនេះ នៅវិមានសន្តិភាព។ រូបពី STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី(ខាងស្ដាំ) ជួបជាមួយ លោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group នាព្រឹកថ្ងៃទី៧ធ្នូនេះ នៅវិមានសន្តិភាព។ រូបពី STPM
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រឱ្យក្រុមហ៊ុនចិន Beijing Urban Construction Group បង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យប្រព្រឹត្តកម្មទឹកស្អាតនៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះ ដំណើរការសាងសង់ប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ជាច្រើន នៅកម្ពុជា។

 
សម្ដេច ហ៊ុន ម៉ាណែត បានជួបជាមួយ លោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group នាព្រឹកថ្ងៃទី៧ធ្នូនេះ នៅវិមានសន្តិភាព។ ប្រធានក្រុមហ៊ុន BUCG បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ពីគម្រោងវិនិយោគមួយចំនួនពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយដូចជាខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ 
 
ទន្ទឹមនឹងនេះ ក្រុមហ៊ុន BUCG ក៏កំពុងសិក្សាលទ្ធភាព ក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត នៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ។ ជាមួយគ្នាដែរ លោក លី ដៅសុង អះអាងថា BUCG មានគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀតនៅកម្ពុជា។ ជាមួយគ្នាដែរ ប្រធានក្រុមហ៊ុន BUCG លើកឡើងថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ 
 
ចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ សម្ដេច ហ៊ុន ម៉ាណែត គាំទ្រ ហើយជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេច លើកទឹកចិត្តឱ្យក្រុមហ៊ុន BUCG ពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការវិនិយោគ នៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម។
 
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន BUCG ដែលបានរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈគម្រោងវិនិយោគជាច្រើន ក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត។ ជាមួយគ្នាដែរ សម្ដេច គាំទ្រ ក្រុមហ៊ុនចិនមួយនេះ ដែលបានសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសំខាន់ៗ មានប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពានជាដើម។
 

Tag:
 ប្រព្រឹត្តកម្មទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com