ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្វាគមន៍លោក សំ សុគង់ ចូលក្នុងបក្ស CPP
07, Dec 2023 , 6:23 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាធនកម្ពុជា(CPP) ប្រកាសស្វាគមន៍ លោក សំ សុគង់ ប្រធានមេធាវីគណបក្សភ្លើងទៀន និងជាសមាជិកអចិន្ដ្រៃយ៍របស់គណបក្សភ្លើងទៀន ចូលរួមជីវភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា។ ការទទួលស្វាគមន៍នេះ ធ្វើឡើងក្រោយលោក សំ សុគង់ បានចេញវីដេអូ និងដាក់លិខិតជាផ្លូវការស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សCPP។

 
លោក សំ សុគង់ អះអាងថា ខ្លួនមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសជាតិដ៏ត្រឹមត្រូវរបស់សម្ដេច ហ៊ុន សែន ដោយទទួលបាននូវសុខសន្តិភាព ប្រជាជនរស់នៅដោយក្តីសុខសាន្ត។ លោក កោតសរសើរ ការដឹកនាំរបស់សម្ដេច ថា ប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ជាងនេះទៅទៀត ប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតំបន់ និងពិភពលោក តាមរយៈការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នំា២០២៣ ដែលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ។ នេះបើយោងតាមលិខិតស្នើសុំ ចូលរួមជីវភាពនយោបាយរបស់លោក សំ សុគង់។ 
 
មេធាវីរូបនេះ មើលឃើញគោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។ ដោយសារមើលឃើញហេតុផលទាំងនេះហើយ បានលោក ពេញចិត្តជាខ្លាំង ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន។
 
«ខ្ញុំបាទសូមគោរពស្នើសុំ សម្ដេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឱ្យខ្ញុំបាទបានចូលរួមជាមួយ នឹង គណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកបម្រើគណបក្សប្រជាជនកម្ពុជា និងបម្រើប្រទេសជាតិ ក្រោមមគ្គុទេសដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដោយក្ដីអនុគ្រោះបំផុត…មេត្តាអនុញ្ញាតអោយខ្ញុំបាទបានចូលរួម
ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយក្តីអនុគ្រោះ»។ លោក សំ សុគង់ សរសេរក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយបែបនេះ។ 
 
ទាក់ទងនឹងការចូលរួមជីវភាព នយោបាយជាមួយ បក្ស CPP សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបបន្ថែម ពីលោក សំ សុគង់ បានឡើយ ដោយសារ ទូរស័ព្ទចូលហើយមិនមានអ្នកទទួល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com