ជាតិ
ពន្យល់ពាក្យ
មាន​អ្នក​សរសេរច្រឡំរវាងពាក្យ «ទម្លាប់» និង «ទន្លាប់»
27, Feb 2024 , 7:29 am        
រូបភាព
បើ​ចូល​រុក​រក​តាម Google យើង​ច្បាស់ជាឃើញសំណេរ​ច្របូក​ច្របល់គ្នា​រវាងពាក្យ «ទម្លាប់» និង «ទន្លាប់»។ សារព័ត៌មានឌីជីថល​ថ្មីៗ សូម​លើកយកពាក្យទាំងពីរ មក​ពន្យល់​ដោយផ្អែក​តាម​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត និង​វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។

 
«ទម្លាប់»  ថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ធ្វើឱ្យធ្លាប់, ឱ្យថ្នឹក :  ទម្លាប់ខ្លួន, ទម្លាប់ចិត្ត, ទម្លាប់ដៃ, ទម្លាប់មាត់។ល។  ជានាមសព្ទវិញ «ទម្លាប់» គឺ​ ការដែលធ្លាប់, លំអានដែលធ្លាប់តែមានមក :  ទម្លាប់ចាស់បុរាណ; ធ្វើតាមទម្លាប់ពីមុនមក; មានទម្លាប់ពីនាយមក។ល។  
 
ន័យមួយទៀត «ទម្លាប់» ជា​ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យ «ទំនៀម» ថា :  ទំនៀមទម្លាប់។  
 
រីឯ «ទន្លាប់» វិញ ជាឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងទ្រយឹង ដើមខ្មៅ, ផ្លែទុំមានសម្បុរក្រហម, ប្រើជាចំណី ប៉ុន្តែក្នុងប្រទេសយើងច្រើនមានរសចត់ ទាំងផ្លែក៏តូចៗ ផងទៀត ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com