ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជាង១០ឆ្នាំនេះ តើការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជួបបញ្ហាប្រឈម និងសម្រេចផ្លែផ្កាអ្វីខ្លះ?
08, Dec 2023 , 8:29 pm        
រូបភាព
ជិត២ទសវត្សរ៍មកនេះ ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្ពោះទៅមុខជាបន្តបន្ទាប់ ក៏ឱ្យកត់សម្គាល់ បើទោះជាមានបញ្ហាប្រឈមច្រើនក្តី។ នេះបើតាមលោក ចាន់ សុធា អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ ។



ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម នៅព្រឹកថ្ងៃទី៨ ធ្នូ លោក ចាន់ សុធា បានបញ្ជាក់ថា កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលនៃការពង្រីកនេះ មានវិសាលភាពកាន់តែទូលំទូលាយពាក់ព័ន្ធគ្រប់ក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងមានលក្ខណៈសាំញ៉ាំស្មុគស្មាញ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ប្រើប្រាស់រយៈពេលវែងបន្តទៀត ដើម្បីសម្រេចបាននូវផែនការ និងចក្ខុវិស័យ។
 
ខណៈដែលសមិទ្ធផលធំៗលេចចេញជារូបរាងនោះ បញ្ហាប្រឈមនៅក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ កើតមានច្រើន ដែលត្រូវបន្តដោះស្រាយផងដែរ។

បញ្ហាប្រឈមទាំងនោះ រួមមាន៖ ទី១ រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិមិនទាន់សមស្របទាំងស្រុងទៅនឹងចរិតលក្ខណៈផ្សេងៗគ្នានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ទី២ ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិមួយចំនួនពុំទាន់បំពេញតួនាទីជាតំណាងប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ។ ទី៣ ការ​បែងចែកសិទ្ធិ អំណាច និងការទទួលខុសត្រូវរវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងថ្នាក់ក្រោមជាតិ និ​ង​ថ្នាក់ក្រោមជាតិនៅមានភាពមិនទាន់ច្បាស់លាស់ ។ 
 
ទី៤ ការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការបំពេញការងារនៅមានកម្រិត ជាពិសេ​សរដ្ឋបាលទីប្រជុំជនដែលកំពុងមានការអភិវឌ្ឍ និងតម្រូវការសេវាច្រើនឡើង​ៗ។ ទី៥ ការផ្ទេរបុគ្គលិក ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ពុំទាន់មានលក្ខណៈសមស្របតាមចំនួននិងទំហំមុខងារដែលបានផ្ទេរ ព្រមទាំងពុំទាន់មានដំណើរការដោយរលូននៅឡើយ។ ទី៦ សមត្ថភាពបុគ្គលិកនៅមានកម្រិតនៅឡើយ និងចុងក្រោយ ការចូលរួមចំណែកពីបណ្តាអ្នកសារព័ត៌មានក្នុងការបង្កើនការផ្សព្វផ្សាយអំពីកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅពុំទាន់បានទូលំទូលាយនៅឡើយ។ នេះបើតាមលោក ចាន់ សុធា។
 
ដ្បិតជួបបញ្ហាប្រឈម ប៉ុន្តែកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ បានធ្វើដំណើរឆ្ពោះទៅមុខជាបន្តបន្ទាប់ ឱ្យកត់សម្គាល់ដែរ។ ផ្អែកលើសមិទ្ធផលនៃការអនុវត្តកំណែទម្រង់នេះ ជិត២ទសវត្សរ៍កន្លងមក លោក ចាន់ សុធា បកស្រាយថា កំណែទម្រង់នេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅតាមមូលដ្ឋាន ។ ជាពិសេសលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។
 
អនុរដ្ឋលេខាធិការដ្ឋាន គ.ជ.អ.ប រូបនេះ បានសង្កត់ធ្ងន់ថា «ទោះបីកំណែទម្រង់នេះ មានការវិវឌ្ឍទៅមុខជាលំដាប់ ស្របតាមដំណាក់កាលនីមួយៗ ដូចបានកំណត់នៅក្នុងកម្មវិធីជាតិ រួមជាមួយនឹងការបង្កើតបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏បច្ចុប្បន្ន កំណែទម្រង់នេះបាន និងកំពុងឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងកាន់តែសាំញាំទាំងក្នុងកិច្ចការនយោបាយ និងផ្នែកបច្ចេកទេស»។
 
ដោយមើលឃើញពីចំណុចទាំងនេះ ក្រុមការងារលេខាធិការដ្ឋានគ.ជ.អ.ប ទាមទារឱ្យមានកិច្ចសហការ ការចូលរួម និងការគាំទ្របន្ថែមទៀត ក្នុងការអនុវត្តកិច្ចដំណើរការកំណែទម្រង់ក្នុងកម្មវិធីជាតិ ដំណាក់កាលទី២ ដើម្បីធានាឱ្យប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានប្រសិទ្ធភាព និងកាន់តែមានគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។ 
 
រដ្ឋាភិបាល បានដាក់ចេញផែនការកំណែទម្រង់ដំណាក់ទី២ រយៈពេល១០ឆ្នាំ ពោលគឺពីឆ្នាំ ២០២១ ដល់ ២០៣០។
 
គួរបញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារសំខាន់របស់​រាជរដ្ឋាភិបាល ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០១មក និងបានបង្កើតសមិទ្ធផលជាច្រើន​ពាក់​ព័ន្ធនឹងការកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ​ឈរ​លើ​គោលការណ៍នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានផ្តួចផ្តើម រៀបចំ ដឹកនាំ គ្រប់គ្រងដោយរាជរដ្ឋាភិបាល ផ្អែកតាមបរិបទផ្នែកនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់កម្ពុជា។ កម្មវិធីកំណែទម្រង់នេះត្រូវបានរៀបចំ និងអនុវត្តតាមដំណាក់កាលៗ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានា៕

Tag:
 វិមជ្ឈការ
  វិសហមជ្ឈការ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com