សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ីត្រៀមលើកលែងទិដ្ឋាការ ដល់ប្រទេសនិងដែនដីចំនួន២០
08, Dec 2023 , 8:59 pm        
រូបភាព
តំបន់ទេសចរមួយកន្លែងនៅឥណ្ឌូណេស៊ី។ រូបភាព​ ៖ AFP
តំបន់ទេសចរមួយកន្លែងនៅឥណ្ឌូណេស៊ី។ រូបភាព​ ៖ AFP
ឥណ្ឌូណេស៊ីបានត្រៀមលើកលែងទិដ្ឋាការដល់ប្រទេស និងដែនដីចំនួន២០ ដែលគ្រោងអនុម័តនៅចុងឆ្នាំនេះ។

 
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពិចារណាលើការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេស និងដែនដីចំនួន២០ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ច។
 
គំនិតផ្តួចផ្តើមខាងលើត្រូវបានបង្ហាញដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Sandiaga Uno ក្នុងជំនួបជាមួយប្រធានាធិបតី ចូកូ វីដូដូ នៅថ្ងៃទី៧ ខែធ្នូ ជាមួយនឹងគោលដៅបង្កើនប្រាក់ចំណូលពីទេសចរណ៍ឲ្យដល់ ២០០ទ្រីលានរូពៀ (១២,៩ពាន់លានដុល្លារ) នៅឆ្នាំក្រោយ។
 
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លោក Sandiaga បាននិយាយថា លោកប្រធានាធិបតីឥណ្ឌូណេស៊ីបានជំរុញឱ្យក្រសួងទេសចរណ៍បំពេញបញ្ជីប្រទេសដែលមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះដើម្បីអនុម័តនៅចុងខែធ្នូ ឆ្នាំ២០២៣ ។
 
បើតាមលោក Sandiaga បញ្ជីនេះនឹងមិនរាប់បញ្ចូលសមាជិកទាំង៩ របស់អាស៊ានទេ ដែលទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមកក្នុង ដំណើរការសមាហរណកម្មសេដ្ឋកិច្ចតំបន់។
បើតាមរដ្ឋមន្ត្រី Sandiaga ក្រសួងកំពុងផ្តោតលើការទាក់ទាញភ្ញៀវទេសចរដែលមានទំនោរទៅចំណាយពេលច្រើនពេលទៅដល់ឥណ្ឌូណេស៊ី និងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុក។
 
បច្ចុប្បន្ន ប្រទេសនិងដែនដីចំនួន១៨ ត្រូវបានជ្រើសរើសរួចហើយរួមមាន អូស្ត្រាលី ចិន ឥណ្ឌា កូរ៉េខាងត្បូង អាម៉េរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាតា អេមីរ៉ាតអារ៉ាប់រួម  អារ៉ាប៊ីសាអូឌីត ហូឡង់ ជប៉ុន រុស្ស៊ី តៃវ៉ាន់ នូវែលសេឡង់ អ៊ីតាលី និងអេស្ប៉ាញ។ ប្រទេសពីរទៀតដែលនៅសេសសល់រំពឹងថានឹងមកពីមជ្ឈិមបូព៌ា៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com