ជាតិ
ធនធានមនុស្សជាង៤ម៉ឺននាក់ បានផ្ទេរទៅថ្នាក់ក្រោមជាតិ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន
08, Dec 2023 , 9:29 pm        
រូបភាព
គិតត្រឹមឆ្នាំ២០២៣នេះ ធនធានមនុស្សជាង៤ម៉ឺននាក់ បានផ្ទេរទៅថ្នាក់ក្រោមជាតិ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈផែនការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រដ្ឋាភិបាល។



លោក ចាន់ សុធា អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថាធនធានមនុស្សជាង៤ម៉ឺននាក់ ដែលបានផ្ទេរទៅថ្នាក់ក្រោមជាតិ រួមមាន មន្រ្តីក្រសួងមហាផ្ទៃជាង៧.០០០នាក់ ,ក្រសួងសុខាភិបាលជាង ២០.០០០នាក់ និងមន្ត្រីជិត២០០០០នាក់ ពីក្រសួងជំនាញចំនួន២០ ។
 
លោក សុធា បន្ថែមថា មន្ត្រីទាំងនោះ ទទួលបានការអភិវឌ្ឍសមត្ថភាព ក្នុងការទទួលខុសត្រូវ លើតួនាទី ភារកិច្ច និងនីតិវិធីអនុវត្តការងារ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ សិក្ខាសាលា និងការហ្វឹកហាត់ការងារជាក់ស្តែង។ ជាមួយគ្នានេះ សាលាជាតិរដ្ឋបាលមូលដ្ឋានក៏ត្រូវបានបង្កើតឡើង ដើម្បីផ្តល់សេវាអភិវឌ្ឍសមត្ថភាពបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
 
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម នៅព្រឹកថ្ងៃទី៨ ធ្នូ លោក ចាន់ សុធា បានបញ្ជាក់ថា ការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាដំណើរការបង្ខិតសេវាសាធារណៈទៅកៀកជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវា ,ភាពឆ្លើយតបទាន់ពេលវេលា រហ័ស និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាននីមួយៗ​ប្រកបដោយប្រសិទ្ធភាព។
 
ចំពោះការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើតាមបែបផែនពីរយ៉ាង ១-​ ការផ្ទេរតាមរយៈប្រតិភូកម្មមុខងារ(វិសហមជ្ឈការ) និង ២- ការផ្ទេរតាមរយៈប្រគល់មុខងារ( វិមជ្ឈការ)។ តែយ៉ាងណា ក្រសួង ស្ថាប័នថ្នាក់ជាតិនៅរក្សាមុខងារធំៗដូចជា ការរៀបចំគោលនយោបាយវិស័យ, ការកំណត់យុទ្ធសាស្រ្ត និងស្តង់ដារនៃវិស័យនីមួយៗ ,ការអនុវត្តមុខងារធំៗដែលថ្នាក់ក្រោមជាតិ មិនអាចអនុវត្តបាន និងមុខងារក្នុងការតាមដាន ត្រួតពិនិត្យលើការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
 
កន្លងមក រដ្ឋាភិបាលបានផ្ទេរមុខងារជាជំហានៗក្នុងវិស័យមួយចំនួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះមុខងារចំនួន៥៥ ក្នុងវិស័យចំនួន២០បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមុខងារក្នុងវិស័យសង្គមកិច្ច និងសុខាភិបាលបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ស្របតាមគោលការណ៍វិមជ្ឈការ៕
 

Tag:
 វិមជ្ឈកាល
  ធនធានមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com