កីឡាជាតិ
ជាតិ
អត្ថន័យអាវល្បុក្កតោ សម្រាប់«អ្នកលេងគុន» និងអ្នកគាំទ្រ
08, Dec 2023 , 7:31 pm        
រូបភាព
ក្រៅពីការប្រកួត«អ្នកលេងគុន» នាថ្ងៃទី១៦ ធ្នូ អ្នករៀបចំកម្មវិធី ក៏ដាក់លក់អាវល្បុក្កតោ សម្រាប់មហាជន អ្នកគាំទ្រស្រលាញ់គុនល្បុក្កតោខ្មែរដែរ។ សម្រាប់អាវនីមួយៗ មានអត្ថន័យច្បាស់លាស់ ដែលបង្ហាញពីមរតកក្បាច់គុនបុរាណខ្មែរមួយនេះ។ មហាជន អ្នកគាំទ្រអាចទិញអាវល្បុក្កតោខ្មែរ និងសំបុត្រទស្សនាការប្រកួត»អ្នកលេងគុន» នៅមុខពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ម៉ោង៨ព្រឹក ដល់ ៨យប់ ។ អាវគុនល្បុក្កតោ និងសំបុត្រទស្សនាការប្រកួត«អ្នកលេងគុន»ត្រូវបានដាក់លក់តាំងពីថ្ងៃទី៧ ធ្នូ ។


 
អាវល្បុក្កតោនេះ មាន៣សណ្ឋាន សម្រាប់មហាជន អ្នកគាំទ្រក្បាច់គុនបុរាណខ្មែរ។ សម្រាប់អាវព័ណ៌មាស មានរំលេចរូបមនុស្សវាយជាមួយសត្វតោ និងអក្សរក្បាច់គុនល្បុក្កតោ គឺបង្ហាញពីឫទ្ធីអំណាចនៃក្បាច់គុនបុរាណមួយនេះ ដែលមនុស្សជំនាន់មុន ហាត់រៀន សម្រាប់ការពារខ្លួន ពីសត្វកាចសាហាវ។ អាវព័ណ៌មាសនេះ សម្រាប់ឱ្យកីឡាករពាក់ប្រកួត ក្នុងកម្មវិធី«អ្នកលេងគុន»។ ប៉ុន្តែមហាជន និងអ្នកគាំទ្រ ក៏អាចទិញពាក់ក្នុងព្រឹត្តិការណ៍ប្រកួតនេះផងដែរ។ នេះបើតាមលោក វី តារ៉ា អ្នករៀបចំកម្មវិធី«អ្នកលេងគុន»។
 
ដោយឡែកអាវចំនួន២ទៀត បង្ហាញពីក្បាច់ និងស្នៀតយកឈ្នះលើគូប្រកួត និងសត្រូវ។ ក្នុងនោះ មានក្បាច់យកជើងហោះឡើងត្បៀត «ក» និងក្បាច់ជង្គង់ហោះ របស់បុព្វបុរសខ្មែរ ដែលជាអ្នកបង្កើតក្បាច់គុនល្បុក្កតោនេះឡើង។ នេះបើតាមអ្នករៀបចំកម្មវិធី«អ្នកលេងគុន» ដែលបានបោះពុម្ភអាវចំនួន១០០០អាវ សម្រាប់អ្នកគាំទ្រ។
 
លោក វី តារ៉ា អ្នករៀបចំកម្មវិធី«អ្នកលេងគុន» បានសង្កត់ធ្ងន់ដូច្នេះថា៖«ជារៀងរាល់ឆ្នាំយើងច្នៃម៉ូតខុសៗគ្នា ដើម្បីរំលេចឱ្យឃើញថា គាត់ជាអ្នកហាត់គុន គាត់ជាគ្រូបង្វឹកគុនល្បុក្កតោ គាត់ជាប្រតិភូនៅក្នុងគុនល្បុក្កតោ។ ហើយឥឡូវនេះ យើងដាក់លក់ដើម្បីចង់ផ្សារភ្ជាប់ជាមួយមហាជន មានន័យថាមហាជន ក៏អាចពាក់អាវនេះបានដែរ ដើម្បីផ្សព្វផ្សាយគុនល្បុក្កតោយើង»។
 
ដោយឡែកតម្លៃសំបុត្រចូលរួមទស្សនាការប្រកួត«អ្នកលេងគុន» មានកំណត់តាមZoneនីមួយៗ។ ក្នុងនោះ Zone A តម្លៃ៥0000រៀល។ Zone A គឺនៅកៀកទីតាំងប្រកួត។ ចំណែក Zone B តម្លៃ30000រៀល គម្លាតចម្ងាយបន្តិចពីទីតាំងប្រកួត និង Zone C តម្លៃ10000រៀល ដែលមានចម្ងាយឆ្ងាយពីសង្វៀនប្រកួត។

 
បើតាមលោក វី តារ៉ា និងលោក សយ ផាន់និច អ្នករៀបចំការប្រកួត«អ្នកលេងគុន» ការដាក់លក់សំបុត្រនេះ ដើម្បីជួយទ្រទ្រង់វិស័យកីឡា និងការអភិវឌ្ឍកម្មវិធី ខណៈដែលការប្រកួតមួយនេះ គឺជាគំនិតរបស់កូនខ្មែរផ្ទាល់ ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនល្បុក្កតោខ្មែរ ទៅកាន់ពិភពលោក៕
 

Tag:
 ល្បុក្កតោ
  អ្នកលេងគុន
© រក្សាសិទ្ធិដោយ thmeythmey.com