RFI
អន្តរជាតិ
របាយការណ៍ OCDE៖ កូនសិស្សនៅអាស៊ីខ្លាំងជាងគេ តែធ្លាក់ពិន្ទុ គួរឲ្យកត់សម្គាល់ រូបភាព តំណាង។ ការប្រលងចូលសកលវិទ្យាល័យជប៉ុន ឆ្នាំ២០១៣។ AP
×
ដោយ៖ហេង ឧត្តម/ RFI
បណ្តាប្រទេសនៅអាស៊ី ជាប់ឈ្មោះនៅតារាងលើគេបំផុត ដែលជាប្រទេសមានកូនសិស្សឆ្លាតឈ្លាសវៃខាងវិទ្យាសាស្ត្រ ពូកែគណិតវិទ្យា និងអំណាន ហើយនិង បានចំណាត់ថ្នាក់ល្អ។ នេះបើតាមរបាយការណ៍សិក្សាស៊ើបអង្កេតថ្មី ស្តីពីការអប់រំ របស់ អង្គការអន្តរជាតិសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច OCDE ដែលបានធ្វើតេស្តស្ទង់សមត្ថភាពចំណេះដឹងរបស់កូនសិស្ស វ័យ ១៥ ឆ្នាំ មកពីជាង ៨០ ប្រទេស។ របាយការណ៍ថ្មីនេះ បញ្ជាក់ថា បើទោះបីជាប្រទេសអាស៊ីជាប់ថ្នាក់ខ្ពស់ក្តី តែពិន្ទុរបស់កូនសិស្សហាក់ធ្លាក់ចុះទាប បើធៀបនឹងឆ្នាំ២០១៨។ តើនេះព្រោះហេតុអ្វី?
សិស្សអាស៊ី ឈាននាំមុខគេខាងការសិក្សា! បុរីរដ្ឋ សិង្ហបុរី បានជាប់ឈ្មោះសាជាថ្មីទៀត ខាងមានកូនសិស្សពូកែៗ។ ម្តងឆ្នាំ២០១៦ និងម្តងនេះទៀត សម្រាប់ឆ្នាំ២០២២។ បន្ទាប់ពី សិង្ហបុរី គឺមានបន្តកន្ទុយដោយ ម៉ាកាវ តៃវ៉ាន់ ហុងកុង ជប៉ុន និងកូរ៉េខាងត្បូង ដែលសុទ្ធសឹងតែពូកែឆ្នើមៗ ខាងគណិតវិទ្យា វិទ្យាសាស្ត្រ និងអំណាន។ នេះបើតាមរបាយការណ៍ស៊ើបអង្កេតតាមដានការអប់រំ ឈ្មោះថា PISA (Program for International Student Assessment) ដែលជាផ្នែកមួយរបស់ អង្គការអន្តរជាតិសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច OCDE។
ចាប់ពីឆ្នាំ២០០០មក PISA បានស្រាវជ្រាវ និងដាក់វិញ្ញាសាប្រកួតប្រជែងដល់កូនសិស្សសាលាទូទាំងពិភពលោក។ តាមទម្លាប់ គេត្រូវចេញរបាយការណ៍ ៣ ឆ្នាំម្តង។ របាយការណ៍សិក្សាស៊ើបអង្កេតថ្មីរបស់ PISA នេះ បានធ្វើឡើង ក្នុងឆ្នាំ២០២២ តែទើបសម្រេចចេញផ្សាយ ដើមខែធ្នូ ២០២៣ នេះ។ ក្នុងនោះ មានកូនសិស្សសាលា ចំនួន ៦៩០ ០០០ នាក់ មកពី ៨១ ប្រទេស បានចូលរួមធ្វើតេស្តសមត្ថភាព។ ពួកគេសុទ្ធតែមានអាយុត្រឹម ១៥ ឆ្នាំ ដែលត្រូវបញ្ចេញសមត្ថភាពចំណេះដឹង លើវិញ្ញាសាវិទ្យាសាស្ត្រ គណិតវិទ្យា និងអំណានអត្ថបទ។
អ្នកជំនាញការសិក្សារបស់ OCDE អ្នកស្រី Irène Hu បានកត់ស្គាល់ថា ពិន្ទុរបស់សិស្សបានធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្តែង ក្នុងរង្វង់ប្រទេសសមាជិក OCDE គឺ មុខវិជ្ជា គណិតវិទ្យា ធ្លាក់ចុះ ដល់ ១៥ ពិន្ទុ បើធៀបនឹងឆ្នាំ ២០១៨។ ផ្នែកអំណាន ធ្លាក់១០ពិន្ទុ។ នេះក៏ព្រោះតែផលប៉ះពាល់ព្រោះតែវិបត្តិជំងឺកូវីដ១៩។
ក៏ប៉ុន្តែ អ្នកជំនាញមួយរូបទៀត គឺលោក Eric Charbonnier បានបញ្ជាក់ថា គេមិនត្រូវទម្លាក់កំហុសតែទៅលើជំងឺកូវីដ ១ មុខទេ។ តាមពិតទៅ កម្រិតចំណេះចេះដឹងសមត្ថភាពកូនសិស្ស គឺមានទំនោរធ្លាក់ចុះជាទូទៅ ទៅហើយ នៅរវាង១០-១៥ឆ្នាំ ចុងក្រោយមកនេះ។ ពោលគឺ មិនមែនព្រោះតែបិទសាលា ១រដូវកាលកូវីដ ធ្វើឲ្យកូនសិស្សធ្លាក់ពិន្ទុនោះឡើយ។
បើតាមអ្នកជំនាញអប់រំដដែល មានកត្តាផ្សេងទៀត ដែលនាំកូនសិស្សធ្លាក់ពិន្ទុ ចុះខ្សោយ នោះគឺ វិបត្តិខ្វះគ្រូបង្រៀនដែលមានគុណភាព ខ្វះវិធីបង្រៀនឲ្យទាក់ទាញ ខ្វះការចូលរួមជ្រោមជ្រែងជួយដល់កូនសិស្សនិងគ្រូ ឬខ្វះកិច្ចសហការគ្នាល្អនៅស្ថាប័នសិក្សា ហើយមួយទៀត គឺខ្វះការយកចិត្តទុកដាក់អំពីគ្រួសារក្នុងការសិក្សារៀនសូត្ររបស់កូន៕
© រក្សាសិទ្ធិដោយ thmeythmey.com