ជាតិ
ក្រសួងសុខាភិបាល ​ឱ្យពលរដ្ឋរក្សាអនាម័យដើម្បីបង្ការជំងឺផ្តាសាយ និងកូវីដ-១៩
09, Dec 2023 , 2:30 pm        
រូបភាព
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រូបភាពពី៖ ក្រសួងសុខាភិបាល
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រូបភាពពី៖ ក្រសួងសុខាភិបាល

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរំឭកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន បង្ការជំងឺផ្តាសាយ​ និងការឆ្លងជំងឺកូវីដ-១៩ នារដូវធ្លាក់ខ្យល់។ យោងតាមសេចក្តីណែនាំ​ ចុះថ្ងៃទី៨ ខែធ្នូ ក្រសួងសុខាភិបាល បានប្រាប់ឱ្យពលរដ្ឋ​យកចិត្តទុកដាក់ និងតាមដាន​សុខភាព​ផ្ទាល់ខ្លួន ប្រសិនមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ត្រូវទៅពិនត្យសុខភាពឱ្យ​បានទាន់ពេល។


ដើម្បីបន្តចៀសពីជំងឺផ្តាសាយ និងកូវីដ-១៩ ដែលនៅបន្តរកឃើញជារឿយៗនៅកម្ពុជា  ក្រសួងណែនាំឱ្យ រក្សាអនាម័យ លាងដៃ​ឱ្យបានញឹកញាប់ជាមួយសាប៊ូ បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ក្នុងនោះ នៅពេលក្អក ក៏ត្រូវខ្ទប់មាត់ និងច្រមុះ ហើយគួរប្រើម៉ាស់ ក្រមា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាម។

ករណីសង្ស័យថាមានជំងឺផ្តាសាយ ដោយមានរោគសញ្ញាទូទៅរួមមាន គ្រុនក្តៅ ក្អក ឈឺ​ក្បាល ហៀរសំបោរ ពិបាកដកដង្ហើម  ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ ដែលនៅជិតផ្ទះ​៕ ​


Tag:
 បង្ការជំងឺផ្តាសាយ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com