អន្តរជាតិ
ជារឿងកម្រ! រដ្ឋបាលអាម៉េរិកលក់អាវុធទៅអុីស្រាអែល ដោយមិនឆ្លងសភា
10, Dec 2023 , 3:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (ស្តាំ) ចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (ស្តាំ) ចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព AFP
ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី៩ ខែធ្នូ បានប្រកាសថា ខ្លួនបានសម្រេចលក់អាវុធទៅអុីស្រាអែល ក្នុងទំហំជាង ១០០លានដុល្លារ ដោយមិនឆ្លងកាត់សភា។ ការអនុម័តដ៏កម្រនេះ ធ្វើឡើងក្រោមហេតុផលការពារសន្តិសុខជាតិ។

 
តាមការជូនដំណឹងទៅកាន់សភានៅថ្ងៃទី៨ ខែធ្នូ ក្រសួងការបរទេសអាម៉េរិក បានសម្រេចលក់គ្រាប់រថក្រោះចំនួន ១៤០០០គ្រាប់ ដែលមានតម្លៃច្រើនជាង ១០៦លានដុល្លារទៅអុីស្រាអែល ដោយមិនឆ្លងកាត់សភា ស្របពេលប្រតិបត្តិការយោធាបានបើកនៅទូទាំងតំបន់កាហ្សា។ ការអនុម័តដោយកម្រនេះ ធ្វើឡើងស្របពេលសភាមានការខ្វែងគំនិតគ្នា ជុំវិញជំនួយទៅអុីស្រាអែល និងអ៊ុយក្រែន និងដោយផ្អែកលើការការពារសន្តិសុខជាតិ។
 
ការអនុម័តលក់គ្រាប់រថក្រោះជាបន្ទាន់នេះ ធ្វើឡើងដោយស្របតាមច្បាប់គ្រប់គ្រងការនាំចេញអាវុធ។ ជាការពិត វាមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋាភិបាលអាម៉េរិកសម្រេចលក់អាវុធដោយមិនឆ្លងកាត់សភា ប៉ុន្តែការធ្វើបែបនេះ ជារឿងកម្រកើតមាន។ 
 
«រដ្ឋាភិបាលអាម៉េរិក ប្តេជ្ញាចំពោះសន្តិសុខអុីស្រាអែល ហើយវាពិតជាសំខាន់សម្រាប់ផលប្រយោជន៍សន្តិសុខជាតិ ក្នុងការជួយអុីស្រាអែល អភិវឌ្ឍ និងការពារកម្លាំងការពារខ្លួន»។ ក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៩ ខែធ្នូ ដោយបន្តថា អុីស្រាអែល នឹងប្រើប្រាស់អាវុធទាំងនោះ ដើម្បីប្រឆាំងការគំរាមកំហែងពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ និងពង្រឹងសមត្ថភាពការពារមាតុភូមិ។ 
 
កន្លងមក នៅក្នុងឆ្នាំ២០១៩ លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាម៉េរិកកាលជំនាន់នោះ បានអនុម័តការលក់អាវុធក្នុងតម្លៃប្រមាណ ៨,១ពាន់លានដុល្លារ ទៅអារ៉ាប៊ីសាអូឌីត, អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានីផងដែរ។ 
 
ការប្រកាសរបស់ក្រសួងការបរទេស ធ្វើឡើងក្រោយពេលអាម៉េរិក បានប្រើសិទ្ធិវេតូលើសេចក្តីព្រាងសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ ដែលទាមទារឱ្យមានបទឈប់បាញ់ភ្លាមៗនៅក្នុងជម្លោះរវាងអុីស្រាអែល និងប៉ាឡេស្ទីន៕ 
 

Tag:
 អាម៉េរិក
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com