សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ារ៉ុក ៖ Start Up សាងសង់ផ្ទះដោយដីដែលមានតម្លៃសមរម្យ សន្សំថាមពល
11, Dec 2023 , 8:59 pm        
រូបភាព
ផ្ទះដែលសាង់សង់ដោយក្រុមហ៊ុន Eco-dôme Morocco មួយកន្លែងនៅ Tiflet ភាគពាយព្យម៉ារ៉ុក ។ រូបភាព ៖  Eco-dôme
ផ្ទះដែលសាង់សង់ដោយក្រុមហ៊ុន Eco-dôme Morocco មួយកន្លែងនៅ Tiflet ភាគពាយព្យម៉ារ៉ុក ។ រូបភាព ៖ Eco-dôme
ដោយរួមបញ្ចូលគ្នានូវប្រពៃណីក្នុងស្រុក និងបច្ចេកវិទ្យាទំនើប ក្រុមហ៊ុនមួយនៅម៉ារ៉ុក បានចាប់ផ្តើមអាជីវកម្ម ( Start Up) ដោយការប្រើប្រាស់ដីដើម្បីសាងសង់ផ្ទះជាមួយតម្លៃសមរម្យ។

 
Eco-dôme Morocco ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ជាមួយរចនាបទបែបប្រពៃណីក្នុងស្រុក ហើយផ្សារភ្ជាប់ទៅនិងបច្ចេកវិទ្យាទំនើប ផ្ទះជាច្រើនត្រូវបានសាងសង់ដែលមានរាងដូចដំបូលអគារ។ ការអភិវឌ្ឍគំរូបែបថ្មីនេះ ជាដំណោះស្រាយមួយសម្រាប់អតិថិជនដែលរកផ្ទះមានតម្លៃថោក និរន្តរភាពបរិស្ថាន និងសន្សំសំចៃថាមពលបានច្រើនជាងបើធៀបផ្ទះបេតុងធម្មតា។
 
ស្ថាបនិក Youness Ouazri បានរកឃើញទំនៀមទម្លាប់សាងសង់ផ្ទះដោយដីដ៏សម្បូរបែបដែលប្រើដោយមនុស្សជំនាន់មុនពេលធ្វើដំណើរជុំវិញប្រទេស។ លោកប្រាប់សារព័ត៌មាន CNN ថា ៖« យើងគ្រាន់តែយកចំណេះដឹងដែលមានស្រាប់នេះ ហើយយកមកកែច្នៃវាឱ្យទៅជាបច្ចេកវិទ្យាទំនើបដើម្បីឱ្យមានភាពស្និទ្ធស្នាលនឹងបរិស្ថាន សន្សំសំចៃ និងឆាប់រហ័សក្នុងការដាក់ឱ្យប្រើប្រាស់»។
 
ផ្ទះដែលបានសាង់សង់ Eco-dôme មានលក្ខណៈប្លែកពីគេ។ បន្ទាប់ពីទទួលបានការបញ្ជាទិញ ក្រុមហ៊ុននឹងធ្វើការវិភាគលើសមាសភាពដីនៅនឹងកន្លែង ដើម្បីកំណត់ពីភាពសមស្របសម្រាប់ការសាងសង់។ បរិមាណកំបោរ និងស៊ីម៉ងត៍តិចតួចនឹងត្រូវលាយជាមួយនឹងប្រភពដីនោះ ដើម្បីធ្វើឲ្យផ្ទះមានភាពជាប់រឹងមាំកាន់តែប្រសើរ។ គំរូផ្ទះរបស់ក្រុមហ៊ុន Eco-dôme បានដំណើរការម៉ូដែលដែលអាចក្លែងសីតុណ្ហភាពនៅលើផ្ទៃជញ្ជាំងបាន។ 
 
ផ្ទះដែលសាងសង់ដោយក្រុមហ៊ុននៅ Benslimane Valley ។ រូបភាព ៖ Eco-dôme 
 
តម្លៃផ្ទះរបស់ Eco-dôme មានចាប់ពី ២៤៧ដុល្លារដល់ ៤៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយអាចប្រែប្រួលថ្លៃអាស្រ័យលើប្រភេទដី និងទីតាំង។ បើតាមលោក Ouazri ការចំណាយអាចមានតម្លៃថោកជាងផ្ទះស្តង់ដារដល់១ភាគ៣ ដោយសារតែមួយផ្នែកធំនៃវត្ថុធាតុដើមត្រូវបានជំនួសដោយដីនៅនឹងកន្លែងផ្ទាល់។ 
 
ផ្ទះរបស់ Eco-dôme ត្រូវបានសាងសង់ដោយប្រើបច្ចេកទេសផ្សេងៗគ្នាអាស្រ័យលើរូបរាងនៃការរចនាម៉ូតដែលអតិថិជនចង់បាន។ ក្រុមហ៊ុនអនុវត្តវិធីសាស្រ្តមួយហៅថា «superadobe» ដែលបង្កើតឡើងដោយស្ថាបត្យករជនជាតិអ៊ីរ៉ង់-អាមេរិក Nader Khalili ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ ដូច្នេះហើយពួកគេប្រើប្រាស់ដីដែលមានសមាសធាតុ polypropylene តម្រៀបគ្នាជាផែនផ្ទាំងលើគ្នា។ វិធីសាស្រ្តផ្សេងទៀតរួមមានការប្រើស៊ុមឈើជារាងចតុកោណដើម្បីបង្កើតរូបរាងទ្វារ បង្អូច បន្ទប់ជាដើម ។
 
ផ្ទះសាងសង់ដំបូងដោយ Eco-dôme បញ្ចប់នៅឆ្នាំ២០១៧ មានទំហំ ៧២ម៉ែត្រការ៉េនៅតំបន់ជនបទក្បែររដ្ឋធានី Rabat ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន។ ​ពី​ពេល​នោះ​មក ក្រុម​ហ៊ុន​បាន​សាង​សង់​លំនៅឋាន​បាន​ជាង​ ១០០​ខ្នង​នៅ ​៤០​ទីតាំង។ គម្រោងដ៏ធំបំផុតនោះគឺ ការសាងសង់មជ្ឈមណ្ឌលវប្បធម៌ទំហំ ២៥០ម៉ែត្រការ៉េនៅ Agouim ស្ថិតនៅតំបន់មានអាកាសធាតុមិនសូវអំណោយផល។
 
បច្ចុប្បន្ន Eco-dôme Morocco បានទទួលទុនវិនិយោគប្រហែល ៣០០ពាន់ដុល្លារ និងមានបុគ្គលិកចំនួន១៧នាក់។ អតិថិជនគោលដៅរបស់ក្រុមហ៊ុនគឺ ម្ចាស់ដីដែលចង់សាងសង់ផ្ទះលំហែតាមរបៀបអេកូឡូស៊ី។ ទន្ទឹមនេះ ក៏មានវិនិយោគិនក្នុងវិស័យទេសចរណ៍ជនបទ និងទេសចរណ៍ធម្មជាតិ ជាពិសេសរដ្ឋាភិបាលក្នុងតំបន់ និងសហគមន៍ចង់សាងសង់សាលារៀន ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតសម្រាប់ការអប់រំ និងការថែទាំសុខភាពជាដើម។ Eco-dôme មានគោលបំណងពង្រីកសាងសង់ទៅក្រៅប្រទេសដោយជ្រើសទីតាំងពីរដំបូងគឺនៅទុយនីស៊ី និងកូតឌីវ័រ។
 
លោក Youssef El Ganadi សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Rabat International University វាយតម្លៃវិធីសាស្ត្រសាងសង់នៃការចាប់ផ្តើមអាជីវកម្មនេះ ថាជាការច្នៃប្រឌិតសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ និងមានបំណងបង្កើតផ្ទះដែលមានតម្លៃសមរម្យ និងនិរន្តរភាពបរិស្ថាន។ យ៉ាងណាមិញ លោក​មើលឃើញថាវា​ត្រូវ​បាន​រារាំង​ដោយ​របាំង​វប្បធម៌​ផង​ដែរ។
 
បើតាមសាស្រ្តាចារ្យ Ganadi ជាទូទៅនៅម៉ារ៉ុក និងអាហ្រ្វិកខាងជើងមនុស្សជាច្រើនមានចំណូលចិត្តសម្រាប់ផ្ទះដែលធ្វើពីបេតុងព្រោះវាទំនើប និងរឹងមាំជាង។ ដូច្នេះហើយ ការចាប់ផ្តើមនេះ គឺសម្រាប់តម្រូវអតិថិជនដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន ឬត្រូវការសាងសង់ផ្ទះទីពីរសម្រាប់លំហែកាយតែប៉ុណ្ណោះ។
 
លើសពីនេះ លោក Ganadi ក៏ព្រួយបារម្ភពីភាពធន់នឹងការរញ្ជួយដីរបស់អគារផងដែរ។ នៅ​ខែ​កញ្ញា ម៉ារ៉ុក​បាន​រង​គ្រោះពីការ​រញ្ជួយ​ដី​ដែល​បាន​សម្លាប់​មនុស្ស​ជិត ៣ពាន់​នាក់។ ឆ្លើយតបនឹងបញ្ហានេះ លោក Ouzrai បាននិយាយថា Eco-dômes បានអនុលោមតាមបទប្បញ្ញត្តិនៃអគារក្នុងតំបន់ ហើយជាក់ស្តែងផ្ទះចំនួន ៤ដែលនៅជិតចំណុចរញ្ជួយដីមិនមានការខូចខាតនោះទេ៕ 

Tag:
 ម៉ារ៉ុក
  Start Up
  ផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com