អន្តរជាតិ
អូស្ត្រាលី ប្រកាសរឹតបន្តឹងលើទិដ្ឋាការនិស្សិត និងកម្មករមានជំនាញទាបពីបរទេស
12, Dec 2023 , 9:30 am        
រូបភាព
ខណៈរដ្ឋាភិបាលមើលឃើញពីបញ្ហាកើតឡើងចំពោះប្រព័ន្ធចំណាកស្រុក អូស្ត្រាលី នៅថ្ងៃទី១១​ ខែធ្នូ បាន ប្រកាសថា ខ្លួនគ្រោងនឹងរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតបរទេស និងព្រមទាំងកម្មករមាន ជំនាញទាបមកពីក្រៅប្រទេសដែលអាចជួយកាត់បន្ថយចំនួនពលរដ្ឋ ហូរចូលមកប្រទេសខ្លួនបានពាក់កណ្ដាលនៅពេល ២​ ឆ្នាំខាងមុខ។

 
ក្រោមគោលនយោបាយថ្មី និស្សិតបរទេសនឹងតម្រូវឱ្យមាន និងរក្សាសមត្ថភាពភាសាអង់គ្លេសខ្ពស់ ហើយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើពាក្យស្នើសុំទិដ្ឋាការទៅអូស្រ្តាលីលើកទី២ ដែលមានគោលបំណងបន្តការស្នាក់នៅអូស្ត្រាលីរយៈពេលយូរជាងមុន។ ទន្ទឹមនេះ អូស្រ្តាលី ក៏បានដាក់ចេញវិធានការស្រដៀងនេះ លើកម្មករមានជំនាញទាបផងដែរ។ 
 
«យុទ្ធសាស្ត្ររបស់ពួកយើងនឹងពាំនាំឱ្យតួលេខជនចំណាកស្រុកត្រឡប់ទៅធម្មតាវិញ»។ រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោកស្រី Clare O'Neil មានប្រសាសន៍បែបនេះអំឡុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃទី១១ ខែធ្នូ រួចបន្តថា បញ្ហានេះមិនត្រឹមតែផ្ដោតលើចំនួនពលរដ្ឋដ៏ច្រើននោះទេ ក៏ប៉ុន្តែវា ជាបញ្ហាមួយសម្រាប់អនាគតរបស់អូស្ត្រាលី។
 
នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អាន់តូនី អាល់បានីស កាលពីចុងសប្ដាហ៍មុនបានប្រកាសថា ចំនួនជនចំណាកស្រុកដែលហូរចូលទៅកាន់អូស្ត្រាលីត្រូវតែកាត់បន្ថយត្រឹមកម្រិតមួយដែលមានស្ថិរភាព ហើយក៏សង្កត់ធ្ងន់ពីប្រព័ន្ធចំណាកស្រុកដែលកំពុងមានបញ្ហាប្រឈមផងដែរ។
 
ការសម្រេចចិត្តលើច្បាប់ថ្មីនេះផងដែរ ធ្វើឡើងបន្ទាប់ពីពលរដ្ឋចំណូលស្រុកឈានដល់កម្រិត ខ្ពស់បំផុតក្នុងកំណត់ត្រាចំនួន ៥១​ម៉ឺននាក់ក្នុងចន្លោះឆ្នាំ ២០២២ ដល់ ២០២៣។ ទិន្នន័យរដ្ឋ បង្ហាញថែមទៀតអំពីការរំពឹងទុកក្រោយចាត់វិធានការខាងលើដែលចំនួននេះនឹងធ្លាក់ចុះមក ត្រឹមប្រហែល ២៥ ម៉ឺននាក់ត្រឹមឆ្នាំ ២០២៦។
 
បន្ថែមពីនេះ ទិដ្ឋាការពិសេសថ្មីសម្រាប់អ្នកធ្វើការដែលមានជំនាញខ្ពស់នឹងត្រូវបានបង្កើតឡើងក្នុងមួយសប្តាហ៍ ដោយជួយអាជីវកម្មជ្រើសរើសជនចំណាកស្រុកដែលមានសមត្ថភាពខ្ពស់ជាងគេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា ចំនួនជនបរទេសដែលចូលទៅប្រទេសក្នុងឆ្នាំ២០២២ និង ២០២៣​ នេះភាគច្រើនកើនឡើងដោយចំនួននិស្សិតបរទេស។
 
គួររំលឹកថា អូស្ត្រាលីបានបង្កើនចំនួនជនបរទេសចូលទៅកាន់ប្រទេសរបស់ខ្លួនកាលពីឆ្នាំមុន ដើម្បីជួយអាជីវកម្មជ្រើសរើសបុគ្គលិកដើម្បីបំពេញការខ្វះខាត ក្រោយងើបឡើងវិញពីជំងឺ រាតត្បាតកូវីដ-១៩ ដែលបាននាំមកនូវការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង និងការផ្អាកទទួល សិស្សនិស្សិត និងអ្នកធ្វើការបរទេសអស់រយៈពេលជិតពីរឆ្នាំ៕

Tag:
 អូស្រ្តាលី
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com