សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីធនាគារកណ្តាលអាម៉េរិក អាចបន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៤?
12, Dec 2023 , 11:39 am        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
នៅខែតុលាឆ្នាំនេះ អតិផរណាអាម៉េរិកធ្លាក់ចុះដល់ ៣,២៤ភាគរយ ពីអត្រា ៣,៧ភាគរយកាលពីខែកញ្ញា។ ការធ្លាក់ចុះនេះបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលអាម៉េរិក (Fed ) នាំយកអតិផរណាជិតដល់គោលដៅ ២ភាគរយ។  តើនេះជាមូលហេតុដែលនាំឲ្យ Fed អាចបញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយមែនទេ?

 
បច្ចុប្បន្នអតិផរណាអាម៉េរិកបានធ្លាក់ចុះខ្លាំងពីកម្រិតខ្ពស់បំផុតបើធៀបរយៈពេលជាង ៤ទសវត្សរ៍មកនេះ។ ដូច្នេះលទ្ធភាពដែល Fed អាចនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំក្រោយគឺមានខ្ពស់។
 
ហេតុផលសំខាន់ ២យ៉ាងដែលធ្វើឲ្យធនាគារកណ្តាលអាម៉េរិកអាចបន្ថយអត្រាការប្រាក់នៅឆ្នាំ ២០២៤ នោះគឺមកពីសម្ពាធអតិផរណាបានធូស្រាល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចអាម៉េរិក។  
 
ប្រសិនបើ Fed បន្ទាបអត្រាការប្រាក់ដោយសារតែអតិផរណាកំពុងធ្លាក់ចុះ នោះជាដំណឹងល្អសម្រាប់សេដ្ឋកិច្ច និងវិនិយោគិន។ វាមានន័យថា Fed កំពុងឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការនាំយកអតិផរណាធ្លាក់ចុះជិតដល់កម្រិតមុនការរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែមិនបណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិនោះទេ។ 
 
ប៉ុន្តែប្រសិនបើ Fed បន្ទាបអត្រាការប្រាក់ ដោយសារតែសេដ្ឋកិច្ចកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ឬមានហានិភ័យនៃវិបត្តិសេដ្ឋកិច្ច នោះនឹងក្លាយជារឿងខុសគ្នាទាំងស្រុង។ សញ្ញានេះបង្ហាញថា អត្រាគ្មានការងារធ្វើនៅក្នុងសេដ្ឋកិច្ចអាម៉េរិកនឹងកើនឡើងយ៉ាងខ្លាំង ហើយប្រាក់ចំណេញសាជីវកម្មនឹងធ្លាក់ចុះដោយសារតែតម្រូវការខ្សោយ។
 
លោក Diane Swonk ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ KPMG បាននិយាយថា ប្រជាជនចង់ឱ្យ Fed បន្ថយអត្រាការប្រាក់ពីព្រោះសេដ្ឋកិច្ចធ្លាក់ចុះ ហើយអតិផរណាបានធូរស្រាល មិនមែនដោយសារតែសេដ្ឋកិច្ចធ្លាក់ចូលទៅក្នុងវិបត្តិនោះទេ។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មានចំណាប់អារម្មណ៍ខ្លាំងជុំវិញរឿងនេះ ស្របពេលការបោះឆ្នោតឆ្នាំ២០២៤ កាន់តែកៀកទៅ។ បច្ចុប្បន្ននេះ ដោយសារតែតម្លៃនៃការរស់នៅកើនឡើង អ្នកបោះឆ្នោតអាម៉េរិកមិនបានផ្តល់ទំនុកចិត្តចំពោះលោក បៃឌិន នៅរបៀបដឹកនាំសេដ្ឋកិច្ចរបស់លោកទេ។ 
 
ការណ៍នេះនឹងនាំឱ្យមេដឹកនាំមកពីគណបក្សប្រជាធិបតេយ្យប្រឈមមុខនឹងបញ្ហាមួយចំនួននៅពេលឈរឈ្មោះសម្រាប់ការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ លើសពីនេះ លោក បៃឌិន និងជួបបញ្ហាប្រឈមកាន់តែតែធំ ប្រសិនបើអាម៉េរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
 
យោងតាមទិន្នន័យប្រចាំខែវិច្ឆិកា ចេញផ្សាយដោយក្រសួងការងារអាម៉េរិកនៅថ្ងៃទី៧ ខែធ្នូ មិនមានសញ្ញាបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចនោះទេ។ អត្រាគ្មានការងារធ្វើនៅក្នុងខែវិច្ឆិកាបានថយចុះមកត្រឹម ៣,៧ភាគរយពី ៣,៩ភាគរយនៅខែតុលា។ ទន្ទឹមនេះ ចំនួនការងារថ្មីក៏កើនឡើងខ្លាំងជាងការព្យាករណ៍ផងដែរ។ 
 
ទន្ទឹមនេះ វិយោគិន និងអ្នកជំនាញសេដ្ឋកិច្ចបានព្យាករថា លទ្ធភាពដែល Fed អាចកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ឆ្នាំ២០២៤ មានដល់ ៥០ភាគរយ។ ការកាត់បន្ថយអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ទាំងមូលត្រូវបានរំពឹងថាស្ថិតនៅក្នុងរង្វង់ ១ភាគរយ។ បច្ចុប្បន្នអត្រាការប្រាក់នៅអាម៉េរិកស្ថិតចន្លោះពី ៥,២៥ភាគរយទៅ ៥,៥ភាគរយ។ 
 
លោក Joseph Lavorgna ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ SMBC Nikko Securities America បានព្យាករថា Fed នឹងកាត់បន្ថយអត្រាការប្រាក់សរុបចំនួន ១,២៥ភាគរយក្នុងឆ្នាំ២០២៤។ ហើយលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់របស់ Fed អាចមានច្រើនជាងនេះទៅទៀត។  លោកយល់ថា ការកាត់បន្ថយអត្រាការប្រាក់បែបនេះ មិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់វិបត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្តែនឹងជួយជំរុញផលប៉ះពាល់អវិជ្ជមានដល់វិបត្តិសេដ្ឋកិច្ចថែមទៀត។
 
ផ្ទុយទៅវិញ ប្រធានសេដ្ឋវិទូរបស់ធនាគារកណ្តាលអាម៉េរិក លោក Michael Gapen ព្យាករថា សេដ្ឋកិច្ចនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ហើយ Fed នឹងកាត់បន្ថយអត្រាការប្រាក់ត្រឹមតែ ០,៧៥ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៤ ហើយការកាត់បន្ថយលើកដំបូងនឹងធ្វើនៅខែកញ្ញាឆ្នាំក្រោយ។ លោកអះអាងថា ការ​សម្រេច​ចិត្ត​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់ Fed ដោយសារ​​សម្ពាធតម្លៃទំនិញធ្លាក់ថ្លៃ មិន​មែន​មក​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នោះ​ទេ៕ 

Tag:
 សេដ្ឋកិច្ច
  អតិផរណា​
  អត្រាការប្រាក់
  ធនាគារកណ្តាល
  Fed
© រក្សាសិទ្ធិដោយ thmeythmey.com