ជាតិ
លោក ឡុង ឌីម៉ង់៖ នាវាទេសចរណ៍ Westerdam​ មកកម្ពុជា នឹងបង្ហាញសក្ដានុពល ទៅកាន់ពិភពលោក
13, Dec 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ នាវាទេសចរណ៍អាម៉េរិក Westerdam នឹងចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម្ដងទៀត នៅថ្ងៃទី ២៨ ខែធ្នូ ក្រោយធ្លាប់ចុះចតកាលពី៣ឆ្នាំមុន ដោយសារបញ្ហាកូវីដ-១៩។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា រដ្ឋបាលខេត្ត បានត្រៀមរៀបចំបដិសណ្ឋារកិច្ចយ៉ាងល្អ ដើម្បីទទួលស្វាគមន៍នាវាទេសចរណ៍មួយនេះ។



លោក ឡុង ឌីម៉ង់ ចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត  ជាឱកាសសម្រាប់បង្ហាញពិភពលោក ពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។ 
 
លោក ឡុង ឌីម៉ង់ បានបន្ថែមថា រដ្ឋបាលខេត្តខេត្តព្រះសីហនុ​ នឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះផងដែរ។ លោក ឡុង ឌីម៉ង់ បានលើកឡើងដូច្នេះ៖ « អាជ្ញាធរ កំពុងត្រៀមរៀបចំ ទាំងបញ្ហាសន្តិសុខ សុវត្ថិភាព​សណ្ដាប់ធ្នាប់ រក្សាអនាម័យបរិស្ថាន និងការដាក់តាំងបង្ហាញកម្រងរូបភាពវីដេអូមួយចំនួន​ដែលសារព័ត៌មានធំៗ បានចុះផ្សាយនាពេលនោះផងដែរ»។ 
 
នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ រយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី​២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរ ជាង១៥០០នាក់។ ក្នុងចំណោម ទេសចរទាំងនេះ មានជាង៩០០នាក់ នឹងត្រឡប់ទៅតាមនាវាវិញ ​ឯជាង ៦០០នាក់ទៀត នឹងនៅទស្សនាកម្ពុជាបន្ត។ 
 
លោក ឡុង ឌីម៉ង់ បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមដូច្នេះ៖« ការចូលសុំចតរយៈពេលពេញមួយថ្ងៃ​បានន័យថា ម៉ោង៨ព្រឹក នឹងមកដល់ក្រុងព្រះសីហនុ ហើយទេសចរទាំងអស់នឹងចេញទៅតាមទីតាំងរៀងៗខ្លួន។ មានទេសចរខ្លះចេញទៅទស្សនាឆ្នេរកោះរ៉ុង ខ្លះទស្សនាក្រុងព្រះសីហនុ​ ខ្លះទៅក្រុងភ្នំពេញ និងខ្លះទៅខេត្តសៀមរាប ជាដើម។ ទេសចរទាំងអស់នោះ នឹងមកជាង១៥០០នាក់ ប៉ុន្តែត្រឡប់ទៅតាមនាវាទេសចរណ៍អាម៉េរិក Westerdam ជាង ៩០០នាក់ »។​
 
គួររំលឹកថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះ ចំនួន ៥ បានបដិសេធ លើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line។ ក្នុងនោះ រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ ដែលមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតឡើយ ដោយសារបារម្ភពីCOVID-19។ 
 
មូលហេតុដែលរដ្ឋាភិបាល សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាព មនុស្សធម៌ ជាពិសេសលុបបំបាត់ ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺ រលាកសួត ដែលបង្កឡើងដោយ COVID-19 ។ 
 
មនុស្សនៅលើនាវានោះ មានជាង ២២០០នាក់ ក្នុងនោះ អ្នកដំណើរ ១៤៥៥ នាក់ មានជាង ៤០ សញ្ជាតិ និងបុគ្គលិកបម្រើការងារ តាម ផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរ ដែលច្រើនជាងគេ មាន អាម៉េរិក មាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់ ៩១នាក់ អូស្ត្រាលី ៧៩ នាក់ អាល្លឺម៉ង់ ៥៧នាក់ ...៕

Tag:
 នាវាទេសចរណ៍ Westerdam​
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com