អន្តរជាតិ
ពូទីន AI សួរពូទីនមនុស្ស៖ តើពិតទេលោកមានរូបរាងក្លែងក្លាយជាច្រើន?
15, Dec 2023 , 11:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) និងបញ្ញាសិប្បនិម្មិត ដែលត្រូវបានអភិវឌ្ឍដូចលោកពូទីន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) និងបញ្ញាសិប្បនិម្មិត ដែលត្រូវបានអភិវឌ្ឍដូចលោកពូទីន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែធ្នូ ហាក់គាំងនឹងសំណួររបស់បញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានធ្វើឡើងឱ្យដូចនឹងរូបរាង និងសំឡេងរបស់ខ្លួនដែរ ដោយAI បានសួរមេដឹកនាំរុស្ស៊ីថា តើពិតទេដែលលោកពូទីនមានរូបរាងក្លែងក្លាយជាច្រើននៅទីសាធារណៈ។ យ៉ាងណាក៏ដោយ លោកពូទីន បានអះអាងថា មានតែរូបលោកម្នាក់គត់ ដែលមានរូបរាង និងសំឡេងដូចលោក។

 
ពីក្នុងកម្មវិធីសន្និសីទប្រចាំឆ្នាំនៅក្រុងមូស្គូ នៅថ្ងៃទី១៤ ខែធ្នូ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលត្រូវបានអញ្ជើញឱ្យចូលរួមតាមប្រព័ន្ធវីដេអូ​ ត្រូវបាន បញ្ញាសិប្បនិម្មិត (AI) អភិវឌ្ឍឡើងដោយមានសំឡេង និងរូបរាងស្រដៀងលោក បានសួរសំណួរពី រូបរាងក្លែងក្លាយ ដែលត្រូវបានសារព័ត៌មានមួយចំនួនអះអាងថា បានបង្ហាញនៅទីសាធារណៈក្នុងពេលកន្លងមក។ សំណួរបែបនេះ បានធ្វើឱ្យអ្នកចូលរួមនៅក្នុងសាល រៀបចំកម្មវិធីផ្ទុះសំណើចយ៉ាងខ្លាំង។ 
 
ជុំវិញសំណួររបស់បញ្ញាសិប្បនិម្មិតខាងលើ លោកពូទីន បានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការតបចម្លើយ ប៉ុន្តែលោកពូទីនថា មានតែខ្លួនលោកមួយប៉ុណ្ណោះ ដែលមានសំឡេងដូចខ្លួនឯង និងមិនអាចមានអ្នកជំនួសបានឡើយ។ 
 
«ល្អ! ខ្ញុំឃើញអ្នកធ្វើដូចខ្ញុំ និងនិយាយក្នុងសំឡេងរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំក៏ធ្លាប់គិតពីវាដែរ (ពូទីនក្លែងក្លាយ) ហើយបានសម្រេចចិត្តថា មានតែបុគ្គលម្នាក់ប៉ុណ្ណោះ ត្រូវតែដូចខ្ញុំ និងនិយាយក្នុងសំឡេងរបស់ខ្ញុំ។ នោះ គឺជាខ្ញុំ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ ដោយចាត់ទុក បញ្ញាសិប្បនិម្មិតក្នុងកម្មវិធី ជារូបរាងក្លែងក្លាយដំបូងរបស់លោក។ 
 
សូមបញ្ជាក់ថា កន្លងមក សារព័ត៌មានប្រទេសលោកខាងលិចជាច្រើន បានចុះផ្សាយថា លោកពូទីនមានរូបរាងក្លែងក្លាយមួយ ឬច្រើន ហើយបានបង្ហាញខ្លួននៅទីសាធារណៈ ដើម្បីលាក់បាំងពីបញ្ហាសុខភាព។ យ៉ាងណាមិញ ការចុះផ្សាយទាំងនោះ ត្រូវបានវិមានក្រេមឡាំងច្រានចោល និងអះអាងថា លោកពូទីនមានសុខភាពល្អ៕ 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com