ជាតិ
រដ្ឋ​ សម្រេចបញ្ចុះថ្លៃ១៥ភាគរយ ដល់អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យទេសចរណ៍
15, Dec 2023 , 7:39 pm        
រូបភាព
លោក យឹម​ វិសិដ្ឋ​ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​
លោក យឹម​ វិសិដ្ឋ​ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​
ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សម្រេចបញ្ចុះថ្លៃ១៥ភាគរយ ដល់អ្នកប្រើប្រាស់អគ្គិសនី ក្នុងវិស័យទេសចរណ៍ទូទាំងប្រទេស ដែលភ្ជាប់ពីប្រភពបណ្ដាញជាតិ ចាប់ពីខែធ្នូនេះ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។



យោងតាមសេចក្ដីសម្រេចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ បានតម្រូវឱ្យអគ្គិសនីកម្ពុជា និងអ្នកផ្គត់ផ្គង់អគ្គិសនីឯកជនទាំងអស់ បញ្ចុះអត្រាថ្លៃលក់របស់ខ្លួន១៥ភាគរយ ក្នុងរយៈពេល៣ខែ ដែលគិតចាប់ពីខែធ្នូនេះ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ដល់អ្នកប្រើប្រាស់អគ្គិសនី ដែលទទួលប្រភពពីបណ្តាញជាតិ ជាប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម បម្រើក្នុងវិស័យទេសចរណ៍។ 
 
ការបញ្ចុះតម្លៃនេះ អនុវត្តសម្រាប់តែ អ្នកប្រើប្រាស់ធុនតូច ទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈ រួមមាន សណ្ឋាគារ និង ផ្ទះសំណាក់ មានអត្រាថ្លៃលក់ជារៀល។ សម្រាប់ អ្នកប្រើប្រាស់ធុនមធ្យម ដែលភ្ជាប់តាមនាឡិកាស្ទង់តង់ស្យុងទាប មានអត្រាថ្លៃលក់ជាដុល្លារ។ ដោយឡែកអ្នកប្រើប្រាស់ធុនធំ ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយតាមនាឡិកាស្ទង់តង់ស្យុង មធ្យម ឬភ្ជាប់ពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ និងអ្នកប្រើប្រាស់ធុនដុំ ដែលភ្ជាប់ពីទ្វារចរន្ត តង់ស្យុងខ្ពស់នៃអនុស្ថានីយ។ 
 
អាជ្ញាធរអគ្គិសនីកម្ពុជា ណែនាំឱ្យអ្នកប្រើប្រាស់ស្ថិតក្នុងលក្ខខណ្ឌទាំងនេះ រុសរាន់ដាក់ពាក្យស្នើសុំទៅអគ្គិសនីកម្ពុជា និងអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន នៅក្នុងតំបន់ដែលខ្លួនកំពុងប្រើ ដើម្បីទទួលបានការបញ្ចុះ៕ 
 

Tag:
 អាជ្ញាធរអគ្គិសនីកម្ពុជា
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com