ជាតិ
សម្ដេច ហ៊ុន សែន ប្រកាសជួយដល់ការសិក្សារបស់យុវតី រ៉ែន ស៊ាងឡៃ ក្រោយទទួលស្គាល់កំហុស
16, Dec 2023 , 3:29 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រកាសជួយដល់ការសិក្សារបស់យុវតី រ៉ែន ស៊ាងឡៃ ក្រោយចេញមុខសុំទោសលើការបង្ហោះតាមគណនីហ្វេសប៊ុកខ្លួន ទាក់ទងនឹងបញ្ហាជនជាតិវៀតណាមរស់នៅកម្ពុជា។  ប្រមុខបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាឱ្យមន្រ្តីរៀបចំលើការសិក្សា និងជីវភាពរបស់យុវតី រ៉ែន ស៊ាងឡៃ។



ក្នុងវីដេអូជាង១៩នាទី យុវតី រ៉ែន ស៊ាងឡៃ រួមទាំងគ្រួសារ បានចេញមុខសុំទោសចំពោះថ្នាក់ដឹកនាំ និងមហាជន ចំពោះការបង្ហោះលើគណនីហ្វេសប៊ុកខ្លួនដែលមានឈ្មោះថា Serey Vattnak  ដែលរិះគន់ទៅលើញ្ហាជនជាតិវៀតណាមរស់នៅទឹកដីកម្ពុជា។ «ខ្ញុំមានអារម្មណ៍ថា ឃើញគេផុសអ៊ីចឹង ខ្ញុំចង់ផុសនឹងគេដែរ។ ហើយខ្ញុំមានអារម្មណ៍ថា សោកស្ដាយដែរ ព្រោះខ្ញុំគិតថា វាជាការពិត ទាំងដែលខ្ញុំមិនបានឃើញផ្ទាល់ »។ នេះជាការរៀបរាប់ របស់ យុវតី រ៉ែន ស៊ាងឡៃ ។ 
 
ក្នុងវីដេអូសុំទោសដដែល យុវតីវ័យ១៧ឆ្នាំ  រ៉ែន ស៊ាងឡៃ ក៏ទទូចចង់ចូលរៀនវិញ ក្រោយបានបោះបង់ការសិក្សាដោយសារបញ្ហាសុខភាព។ 
 
ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ក៏បានប្រកាសជួយផ្គត់ផ្គង់ដល់ការសិក្សារបស់ យុវតី រ៉ែន ស៊ាង​ឡៃ។ សម្ដេច ហ៊ុន សែន បានអះអាងដូច្នេះ៖ «ស្តាប់ការលើកឡើងរបស់ ចៅស្រី បងប្រុស
របស់នាង ព្រមទាំងម្តាយ បង្ហាញថានេះជា កំហុសដោយអចេតនាអំពីការបង្ហោះខ្លឹមសារនិងរូបភាពគ្មានមូលដ្ឋាន។ ចៅស្រីបានសុំទោសនិងសន្យាមិនឱ្យរឿង
បែបនេះកើតឡើងទៀតឡើយ។ ចៅស្រីចង់បន្តរៀនពិតជាត្រឹមត្រូវ តានិងយាយនឹងជួយចៅស្រីឱ្យបន្តការរៀនសូត្ររហូតសម្រេចនូវបំណងរបស់ចៅ។ 
 
សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យលោក សេង ទៀង មន្ត្រីជំនិតសម្ដេច ទាក់ទងទៅយុវតី រ៉ែន ស៊ាងឡៃ និងគ្រួសារ ដើម្បីពិភាក្សាអំពីជីវភាព និងការរៀនសូត្រឡើងវិញ៕ 

Tag:
 សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com