អន្តរជាតិ
ចិនបានចេញសេចក្តីព្រាងផែនការសម្រាប់ឧប្បត្តិហេតុដែលប៉ះពាល់ដល់សុវត្ថិភាពទិន្នន័យ
18, Dec 2023 , 8:29 am        
រូបភាព
ចិននាថ្ងៃទី១៥ ខែធ្នូ បានស្នើចំណាត់ថ្នាក់ ៤ ថ្នាក់ដើម្បីជួយប្រទេសឆ្លើយតបទៅនឹង ឧប្បត្តិហេតុសុវត្ថិភាពទិន្នន័យ។ ការណ៍នេះបង្ហាញពីការព្រួយបារម្ភរបស់ទីក្រុងប៉េកាំង ជាមួយនឹងការលេចធ្លាយទិន្នន័យទ្រង់ទ្រាយធំ និងការលួចព័ត៌មានរបស់ខ្លួន។

 
ផែនការការពារទិន្នន័យកើតឡើងចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងជាមួយអាម៉េរិក និងសម្ព័ន្ធមិត្ត ហើយបន្ទាប់ពីឧប្បត្តិហេតុមួយកាលពីឆ្នាំមុន នៅពេល ដែលអ្នកលួចទិន្នន័យ (Hacker) ម្នាក់បានអះអាងថាបានទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់ ជនជាតិចិនមួយពាន់លាននាក់ពីប៉ូលីសក្រុងសៀងហៃ។
 
ជាវិធានការការពារ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានចេញផ្សាយសេចក្តីព្រាង ផែនការលម្អិតដែលបង្ហាញពីរបៀបដែលរដ្ឋាភិបាលក្នុងតំបន់គួរវាយតម្លៃ និងឆ្លើយតបចំពោះ ឧប្បត្តិហេតុនានា។ ផែនការនេះដែលបច្ចុប្បន្នកំពុងស្នើសុំយោបល់ពីសាធារណជន ស្នើឱ្យ មានប្រព័ន្ធកូដពណ៌ចំនួនបួនកម្រិតអាស្រ័យលើកម្រិតនៃការខូចខាតដែលប៉ះពាល់ដល់ សន្តិសុខជាតិ បណ្តាញអ៊ីនធឺណិត ព័ត៌មានរបស់ក្រុមហ៊ុន ឬដំណើរការនៃសេដ្ឋកិច្ច។
 
យោងតាមផែនការ ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការខាតបង់លើសពី ១៤១ លានដុល្លារ និងប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្ស ១០០ លាននាក់ ឬព័ត៌មានរសើបរបស់ មនុស្សជាង ១០ លាននាក់ ត្រូវតែចាត់ថ្នាក់ជាការប៉ះពាល់ធ្ងន់ធ្ងរដែលត្រូវតែចេញការព្រមាន ពណ៌ក្រហម។
 
បន្ថែមពីនេះ ផែនការខាងលើទាមទារថា ដើម្បីឆ្លើយតបទៅនឹងការព្រមានពណ៌ក្រហម និងពណ៌ទឹកក្រូច ក្រុមហ៊ុនពាក់ព័ន្ធ និងអាជ្ញាធរដែនដីពាក់ព័ន្ធត្រូវតែបង្កើតវិធានការ ឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោងដើម្បីដោះស្រាយឧបទ្ទវហេតុនេះ ក្នុងចំណោមវិធានការ ផ្សេងៗទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com