អន្តរជាតិ
ក្រុមប្រដាប់អាវុធជនភាគតិចមីយ៉ាន់ម៉ា ប្រកាសដណ្ដើមបានក្រុងមួយទៀតពីរបបយោធា
18, Dec 2023 , 10:01 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រុមប្រដាប់អាវុធជនភាគតិចដែលកំពុងប្រយុទ្ធនឹងរបបយោធាមីយ៉ាន់ម៉ានាថ្ងៃទី១៦ ខែធ្នូ បានប្រកាសថា ពួកគេបានដណ្តើមយក ក្រុងមួយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងរដ្ឋ Shan ប៉ុន្មានថ្ងៃបន្ទាប់ពីចិនអះអាងថា បានសម្រុះសម្រួលបទឈប់បាញ់បណ្តោះអាសន្ន។


ការប៉ះទង្គិចគ្នាបានកើតឡើងនៅទូទាំងរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ព Arakan (AA) កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះ ជាតិ Ta'ang (TNLA) បានចាប់ផ្តើមការវាយលុករួមគ្នាមួយកាលពីចុងខែតុលា។ កាល​ពី​ថ្ងៃ ទី១៤ ខែធ្នូ ទីក្រុង​ប៉េកាំង​បាន​ប្រកាស​បទ​ឈប់​បាញ់​ជា​បណ្តោះ​អាសន្ន​រវាង​ក្រុមប្រដាប់អាវុធជនភាគតិច និង​យោធា​មីយ៉ាន់ម៉ា ប៉ុន្តែការប៉ះទង្គិចបានបន្តដដែលនៅក្នុងតំបន់ដែល គ្រប់គ្រងដោយ TNLA និង AA ។
 
តាមសេចក្តីប្រកាសរបស់សម្ព័ន្ធបងប្អូន ពួកគេ បានដណ្តើមយកទីតាំងយោធា និងមជ្ឈមណ្ឌលព្រំដែនដ៏សំខាន់សម្រាប់ពាណិជ្ជកម្មជាមួយ ចិនដែលអ្នកវិភាគមើលឃើញថាជាការប្រកួតប្រជែងយោធាដ៏ធំបំផុតចំពោះរបបយោធាចាប់តាំងពីបានដណ្តើមអំណាចនៅឆ្នាំ ២០២១។
 
TNLA បាននិយាយថា ពួកគេបានក្ដោបយកទីក្រុង Namhsan នៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ ពីបើកការវាយប្រហារនៅតំបន់នោះជាងពីរសប្តាហ៍មុន។ 
 
«យើង​បាន​ទទួល​ទីក្រុង​នេះ​ហើយ»។ ឧត្តម​សេនីយ៍​ត្រីយោធា TNLA លោក Tar Bhone Kyaw បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះរួចបន្តថា កងទ័ពមីយ៉ាន់ម៉ាក៏បានបាត់បង់តំបន់ ពាណិជ្ជកម្ម 105-Mile ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយនៅតាមព្រំដែនជាមួយចិនក្នុង សង្កាត់ Muse រដ្ឋ Shan ផងដែរ។
 
ក្រុមTNLA បាន​បង្ហោះ​វីដេអូ​តាមបណ្តាញសង្គម​ហ្វេស​ប៊ុក​បង្ហាញ​ពី​មេដឹកនាំ​ក្រុម​ធ្វើដំណើរទៅក្រុងដែលដណ្ដើម បាន ​និង​និយាយ​ជាមួយ​ទាហាន​របប​យោធា​ដែល​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ 
 
បន្ថែមពីនេះ ទាហាន Arakan បានប្រកាសដណ្តើមបានក្រុងចំនួន ១៥ ក្នុងចំណោម ១៧ នៅក្នុងរដ្ឋ Rakhine និងក្រុង Paletwa នៅក្នុងរដ្ឋChin ផងដែរ។ 
 
គួរបញ្ជាក់ថា សរុបមក សម្ព័ន្ធមិត្តទាំងបីក្រុមបង្ហាញថា ពួកគេបានដណ្តើមយកមូលដ្ឋានចំនួន ៤២២ និងទីក្រុងចំនួន ៧ ពីកងទ័ពមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី ២៧ ខែតុលា។ ការវាយ លុករបស់សម្ព័ន្ធភាពបានធ្វើឱ្យគូប្រជែងផ្សេងទៀតនៃរបបយោធា ហើយការប៉ះទង្គិចបានរីក រាលដាលដល់ភាគខាងកើត និងខាងលិចនៃមីយ៉ាន់ម៉ា។ យោងតាមអង្គការសហ ប្រជាជាតិ ប្រជាជនជាងកន្លះលាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង៕ 

Tag:
 មីយ៉ាន់ម៉ា
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com