ជាតិ
វិនិយោគិនជប៉ុន មានគម្រោងបង្កើតភូមិខ្មែរនៅខេត្តកាណាហ្គាវ៉ា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងកូជីម៉ា ម៉ាសាណូប៊ូ ប្រធានក្រុមហ៊ុន KOJIMA Holdings Co.
× ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន KOJIMA Holdings Co., Ltd. មានគម្រោងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅជប៉ុន ជាពិសេសលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
គម្រោងនេះ ត្រូវបានបង្ហើបដោយ លោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាឱកាសនៃកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ នៅទីក្រុងតូក្យូ។
លោក កូជីម៉ា ម៉ាសាណូប៊ូ បានប្រាប់ទៅសម្ដេចថា ខេត្តកាណាហ្គាវ៉ា គឺជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌aមានពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ខេត្តនេះក៏ជាទីតាំងផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម ជាដើម។
ដោយមើលឃើញពីសក្ដានុពលនេះ ក្រុមហ៊ុនរបស់លោក ចង់ពង្រីកការវិនិយោគទៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌ខ្មែរនៅជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
នាពេលកន្លងមក ក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានរួមចំណែកបណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរទៅបម្រើការងារនៅក្នុងប្រទេសជប៉ុនយ៉ាងច្រើនផងដែរ។
ក្នុងជំនួបនោះ សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន KOJIMA Holdings Co., Ltd.។ លើសពីនេះ លោក ក៏សាទរចំពោះការចូលរួមចំណែកនៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលវាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំងចំពោះមុខ និងរយៈពេលវែង។
បើតាមសម្ដេច ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែលផ្តល់នូវប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់កម្ពុជា នាពេលអនាគត៕
Tag:
កសិកម្ម
កាណាហ្គាវ៉ា
ភូមិខ្មែរ
ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com