ជាតិ
កម្ពុជា និងជប៉ុន ចុះMOU លើគម្រោងថាមពលព្រះអាទិត្យ ថាមពលជីវម៉ាស ទូទាត់ឆ្លងដែន និងទឹកស្អាតបែបឌីជីថល
18, Dec 2023 , 3:18 pm        
រូបភាព
រដ្ឋាភិបាលកម្ពុជា និងជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងចំនួន៧ ដើម្បីអនុវត្តក្នុងប្រទេសកម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ធ្វើជាអធិបតីភាព ក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះ នាទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី១៨ ធ្នូ។

 
សម្រាប់គម្រោងទាំង៧នោះ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលព្រះអាទិត្យ ថាមពលជីវម៉ាស ទូទាត់ឆ្លងដែន និងទឹកស្អាតបែបឌីជីថលជាដើម។ ក្នុងនោះរួមមានទី ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក។ ទី២ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។ ទី៣ គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក។ ទី៤ កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា។
 
ទី៥ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code។ ទី៦ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា)។ ចុងក្រោយ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស ។
 
គម្រោងទាំងនេះ ត្រូវបានចុះហត្ថលេខាក្នុងឱកាសដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

Tag:
 ហ៊ុន ម៉ាណែត
  ជប៉ុន
  ថាមពលព្រះអាទិត្យ
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com