សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុនគ្រោងលើកលែងថ្លៃសិក្សាថ្នាក់មហាវិទ្យាល័យសម្រាប់គ្រួសារមានកូន ៣នាក់ឡើងទៅ
19, Dec 2023 , 8:39 am        
រូបភាព
ថ្នាក់រៀននៅសកលវិទ្យាល័យមួយរបស់ជប៉ុន ។ រូបភាព ៖ Kyodo
ថ្នាក់រៀននៅសកលវិទ្យាល័យមួយរបស់ជប៉ុន ។ រូបភាព ៖ Kyodo
រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់ការអប់រំថ្នាក់ឧត្តមសិក្សាដោយឥតគិតថ្លៃសម្រាប់គ្រួសារដែលមានកូនពី ៣នាក់ឡើងទៅចាប់ពីឆ្នាំ២០២៥។  នេះជាវិធានការក្នុងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរអត្រាកំណើតនៅក្នុងប្រទេសនេះ ដែលកំពុងធ្លាក់ចុះ។

 
រដ្ឋាភិបាលជប៉ុនគ្រោងនឹងការចំណាយលើថ្នាក់មហាវិទ្យាល័យដោយឥតគិតថ្លៃសម្រាប់គ្រួសារដែលមានកូនចាប់ពី ៣នាក់ឡើងទៅ។ ផែនការនេះគ្រោងនឹងអនុវត្តចាប់ពីឆ្នាំ ២០២៥ ។ នេះបើតាមសារព័ត៌មាន The Japan Times ។
 
កន្លងមក ជប៉ុនបានលើកលែង និងកាត់បន្ថយថ្លៃសិក្សា ឬផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារដែលមានប្រាក់ចំណូលតិចជាង ៣,៨លានយ៉េន(ជាង២៦ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ។ 
 
ចំណែកកម្មវិធីលើកលែងថ្លៃសិក្សាដែលបានគ្រោងទុកខាងមុខនេះ រដ្ឋាភិបាលសង្ឃឹមថានឹងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលជួបបញ្ហាជាមួយនឹងថ្លៃសិក្សា។ បច្ចុប្បន្ន​បញ្ហា​តម្លៃ​សិក្សា​កំពុង​ក្លាយជា​កង្វល់​សម្រាប់​គ្រួសារ​ជាច្រើននៅជប៉ុន ជាពិសេស​គ្រួសារ​ដែល​មាន​កូន​ចាប់​ពី ​២​នាក់ឡើងទៅ​។
 
យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Meiji Gakuin ចំនួនប្រជាជនជប៉ុនអាចថយចុះរហូតដល់២០ភាគរយនៅឆ្នាំ ២០៥០។ ប្រជាជនជប៉ុនត្រូវការចំណាយច្រើនលើការចិញ្ចឹមកូន រួមទាំងសកម្មភាពផ្សេងៗដូចជា ក្លឹបសង្គម កីឡា និងសាលារៀន។ ការចំណាយលើការអប់រំអាចឈានដល់ជាង ២០ម៉ឺនដុល្លារសម្រាប់កូនម្នាក់។ តម្លៃសិក្សានៅសកលវិទ្យាល័យជាមធ្យមប្រហែល ៥០០០ដុល្លារក្នុងមួយឆ្នាំ។ 
 
នៅក្រោមកម្មវិធីថ្មីនេះ ជប៉ុននឹងបង្កើនការឧបត្ថម្ភធនលើការថែទាំកុមារសម្រាប់ឪពុកឬម្តាយដែលនៅចិញ្ចឹមកូនតែម្នាក់ឯង ឬគ្រួសារដែលមានប្រាក់ចំណូលទាបដែលមានកូនចាប់ពី៣នាក់ឡើងទៅ។ ជាពិសេស កម្រិតឧបត្ថម្ភធននឹងបង្កើនពី ៦២៥០យ៉េន (៤៤ដុល្លារ) ដល់ ១០៤២០យ៉េន (៧៤ដុល្លារ) ក្នុងមួយខែ។ ផែនការនេះមានគោលបំណងលើកទឹកចិត្តគ្រួសារឱ្យមានកូនកាន់តែច្រើន។
 
គួរបញ្ជាក់ថា ជប៉ុនកំពុងប្រឈមមុខនឹងចំនួនប្រជាជនវ័យចំណាស់ និងអត្រាកំណើតធ្លាក់ចុះយ៉ាងខ្លាំង។ ប្រទេសនេះ ប្រឈមនឹងខ្វះខាតធនធានមនុស្សវ័យក្មេងដែលមានគុណភាពខ្ពស់នាពេលអនាគត។ លើសពីនេះ សាលាបឋម និងមធ្យមសិក្សាជាច្រើននៅទូទាំងប្រទេសត្រូវបិទ ជាពិសេសនៅតាមតំបន់ជនបទ ដោយសារតែខ្វះសិស្ស។
 
ដើម្បី​ដោះស្រាយ​វិបត្តិ​ខាងលើ រដ្ឋាភិបាល​ជប៉ុន​មាន​គោលបំណង​ទាក់ទាញ​និស្សិត​បរទេស​ឲ្យបានចំនួន ៤០ម៉ឺននាក់​មក​សិក្សានៅ​ជប៉ុនក្នុង​​ឆ្នាំ២០៣៣៕ 

Tag:
 ជប៉ុន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com