ជាតិ
វីដេអូ
ហាងកាហ្វេមួយកន្លែង យកម៉ាស៊ីនឈូស​ទឹកកកបុរាណ៦គ្រឿង មកតាំងលម្អ
20, Dec 2023 , 9:09 am        
រូបភាព
ភ្នំពេញ៖ ហាង​កាហ្វេ TEMPLE ​​ផ្លូវ​ម៉ៅសេទុង រាជធានីភ្នំ​ពេញ បានដាក់តាំង​ម៉ាស៊ីន​ឈូសទឹកកកបុរាណ សញ្ញា​សត្វហង្ស ៦គ្រឿង ដើម្បី​លម្អ​ក្នុងហាង។ ម៉ាស៊ីនទាំងអស់ នៅមានសភាពរឹងមាំនៅឡើយ។ ម៉ាស៊ីន​ឈូស​ទឹកកក សញ្ញា​សត្វ​ហង្ស ដែល​ប្រើ​កម្លាំង​ដៃនេះ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។ បើទោះបីជា​វា​ចាស់ណាស់ហើយ ក៏​មាន​អ្នក​លក់​បង្អែម ឬលក់​ទឹកកកឈូសជា​ច្រើននាក់ នៅប្រើ​ម៉ាស៊ីន​ប្រភេទ​នេះ​នៅ​ឡើយ។ វាជាម៉ាស៊ីនដែលផលិតពីដែកសុទ្ធ គ្មាន​ម៉ូទ័រ គ្មាន​អគ្គិសនី គ្មាន​អេឡិចត្រូនិក ដែល​ធ្វើ​ឱ្យវា​ងាយ​ជួសជុល និងនៅតែមានសភាព​រឹងមាំ​ មិនងាយ​​​ខូច ទោះជា​​​​​ម៉ាស៊ីនឈូសទឹកកក​ទាំងនោះ ​មាន​អាយុកាល៦០ឆ្នាំហើយក្តី។ ​​ ជា​ធម្មតា​ ម៉ាស៊ីនឈូសទឹកកក​បែបនេះ មាន​បញ្ហា​តែ​មួយ គឺ​ទឹកកក​ធ្វើ​ឱ្យ​វា​សើម ហើយកើតជា​ច្រែះ​។ នេះ​ជា​មូលហេតុដែល​ម៉ាស៊ីនភាគ​ច្រើន ​ត្រូវបាន​លាបថ្នាំ​ពណ៌ឡើង​វិញ​ជាច្រើនដង ដោយ​ប្រើ​៤ពណ៌ ពណ៌លឿង ពណ៌ក្រហម ពណ៌​ខៀវ និង​ពណ៌ស ខណៈ​ពណ៌ដើម​របស់វា គឺ​បៃតង និង​ក្រហម​បន្តិច។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 

បើ​សិន​ជា​មិន​ត្រូវការ​ឈូស​ទឹកកក​ពេញ​មួយ​ថ្ងៃ ឬ​បើ​មិន​មាន​អគ្គិសនី​ប្រើ គេ​នៅ​តែ​ប្រើ​ម៉ាស៊ីន​ឈូស​ទឹកកក​បុរាណ។ នៅតាម​ទីផ្សារ បើសិនជា​ម៉ាស៊ីនឈូស​ទឹកកក​នោះ​ស្អាត​ដូច​​​នៅ​ថ្មី វាអាចមាន​តម្លៃ​រហូត​ដល់ ៤០០ដុល្លារ​​អាម៉េរិក។
 
បារាំង​បាន​ចាប់​ផ្ដើម​ផលិត​ទឹកកក​មុន​គេ​បង្អស់ ដោយលោក CARRÉ Ferdinand បង្កើតទូទឹកកក​ នាឆ្នាំ​១៨៦២។ ពេលនោះ គាត់​បង្កើត​ទូទឹកកក​មួយ ដែល​អាច​បង្កើត​ទឹកកក​បាន។ ចាប់​ពី​ពេល​នោះមក ទោះ​បី​ជា​មិន​មាន​ទឹកកក​ធម្មជាតិក៏ដោយ អាច​​ធ្វើ​បង្អែម​ទឹកកក​​បាន​។ មិនយូរប៉ុន្មានក្រោយមក ក៏​គេ​បង្កើត​ម៉ាស៊ីន​ឈូសទឹកកក ដែល​ប្រើ​កម្លាំង​ដៃ។ បន្ទាប់​ពី​សង្គ្រាម​ពិភព​លោក​លើ​ទី​២ គេ​បង្កើតម៉ាស៊ីន​ឈូសទឹកកក ដែល​មានម៉ូទ័រ​អគ្គិសនី​វិញ។ 
 
យ៉ាងណា​ក៏ដោយ​ក្រុមហ៊ុន​អាម៉េរិកាំង SWAN (សញ្ញា​សត្វ​ហង្ស) បាន​បន្ត​ផលិតម៉ាស៊ីន​ឈូសទឹកកក ប្រភេទ​ប្រើ​កម្លាំង​ដៃ រហូត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៨០ ជាពិសេស​នៅ​ប្រទេស​ជប៉ុន។ ពេលបច្ចុប្បន្ន​នេះ​វិញ ក្រុមហ៊ុន SWAN ដាក់លក់​តែ​ម៉ាស៊ីន​ឈូសទឹកកកទំនើប​បុណ្ណោះ៕



Tag:
 ម៉ាស៊ីនឈូស​ទឹកកក
  ហាងកាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com