ជាតិ
ស្តាត​ចាស់ ​ឬកីឡដ្ឋានឡង់ប៊ែ និងសំណល់​ពី​វិញ្ញាសាប្រណាំង​​ជិះ​កង់​លើ​រង្វង់​
22, Dec 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ កីឡដ្ឋានដែល​ចាស់​ជាងគេនៅ​ប្រទេសកម្ពុជា ត្រូវបានគេ​ហៅ​ថា​ស្តាត​ចាស់តែ​ម្ដង។ ​ស្តាត​ចាស់ ឬកីឡដ្ឋាន ឡង់ប៊ែ (Lambert Stadium) ត្រូវ​បាន​សាងសង់នៅក្នុង​​ឆ្នាំ​១៩២០។ នៅ​​សម័យនោះនៅស្តាតចាស់ មានការប្រកួតកីឡាទោចក្រយាន ​​​វិញ្ញាសា​ប្រណាំង​ជិះ​កង់​លើ​រង្វង់។ ប៉ុន្តែកីឡានេះ មិនមានវត្តមានទៀតឡើយនៅប្រទេសកម្ពុជា។ នេះ​ជា​មូលហេតុ​ដែល​កន្លែង​មាន​កៅអី​ជុំវិញ​ទីលាន​បាល់ទាត់ ពេល​មុន​ គឺ​ជា​​ផ្លូវ​ជិះ​កង់​។ រង្វង់​ប្រណាំង​ជិះ​កង់​មាន​ផ្លូវបត់២ ដែលត្រេត ដើម្បី​កីឡាករ​ជិះ​បាន​ល្បឿន​លឿនដដែល មិន​ត្រូវការ​បន្ថយ​ល្បឿន។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 

សញ្ញា​ចំណាំ​នៃ​ស្តាត​ចាស់ គឺ​ជា​បង្គោល​ខ្ពស់ៗ​ទាំងពីរ ដែលអាច​ឃើញ​បាន​ពីចម្ងាយ ជា​ពិសេស​កាលពី​សម័យ​មុន ពីព្រោះ​ពេល​នោះ គេ​មិន​ទាន់​បាន​កសាង​ផ្ទះ​ជុំ​វិញទេ។ ខាង​លើ​មាន​ដូច​ជា​កងច្រើន​បញ្ចូល​គ្នា។ វា​មិន​មែន​តំណាង​ឱ្យ​កីឡាទោចក្រយានទេ។ វា​ស្រដៀង​និមិត្តរូប​កីឡា​អូឡាំពិក។ និមិត្តរូប​កីឡា​អូឡាំពិក ត្រូវ​បាន​គូរនៅឆ្នាំ​១៩១៣ ​ដោយលោក COUBERTIN Pierre ដែល​បាន​បង្កើតកីឡាអូឡាំពិក​ឆ្នាំ​១៨៩៦។ កង​ទាំង៥ ពណ៌​ខុសៗគ្នា​ទាំង​អស់នោះ ​តំណាង​ឱ្យ​ប្រទេស​ទាំងអស់ ពីព្រោះ​ទង់ជាតិទាំង​អស់ ក៏​មាន​យ៉ាងហោច​ពណ៌​មួយ ក្នុង​ចំណោម​ពណ៌​ទាំង​៥​នោះ : ខៀវ ខ្មៅ ក្រហម លឿង បៃតង។
 

កីឡាទោចក្រយាន​មាន​វិញ្ញាសា ៥ : ជិះកង់លើផ្លូវ​គោក ជិះកង់ឡើងភ្នំ ជិះកង់ស៊ីក្លូ​ក្រុស ជិះកង់ BMX និង​ជិះកង់លើ​រង្វង់។ ដោយឡែក​នៅ​ប្រទេសកម្ពុជា មាន​តែជិះកង់លើផ្លូវ​គោក និងជិះកង់ឡើងភ្នំ ប៉ុណ្ណោះ។
 
ពាក្យ​ថា ស្តាត ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង។ ពាក្យបារាំង stade មាន​ន័យ​ថា​ កីឡដ្ឋាន។
ស្តាតចាស់ ឬហៅ​ជា​ផ្លូវការថាមជ្ឈមណ្ឌល​កីឡាកងយោធពលខេមរភូមិន្ទ បើក​ទ្វារ​រៀង​រាល់​ថ្ងៃ។ វា​មាន​ទីតាំង​ស្ថិត​នៅវិថី​ឧកញ៉ា ឃ្លាំង​ មឿង (ផ្លូវ៧០) ក្នុងខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំ​ពេញ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com