ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ជប៉ុន បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅផែស្វយ័តក្រុងព្រះសីហនុ
22, Dec 2023 , 9:38 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ishibashi Rintaro អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ នេះ អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន២គ្រឿងស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។



ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់១៤,៥ម៉ែត្រ។ តាមការបញ្ជាក់របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ជាមួយនឹងគម្រោងថវិកាសាងសង់ប្រមាណ២៤៣លានដុល្លារអាម៉េរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗ។

ពេលដំណើរការ ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១នេះ នឹងអនុញ្ញាតឱ្យនាវាប្រមាណ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន មានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ២០០ដុល្លារក្នុងមួយTEU។ តម្លៃនេះប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ក្រោយជំហានទី១ រដ្ឋាភិបាលគ្រោងពង្រីកដល់ការសាងសង់ជំហានទី២ និងទី៣បន្ថែមទៀត។ ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs មានផ្លូវដឹកជញ្ចូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណជាង ១,៨លានTEUs ក្នុងមួយឆ្នាំ។

ជំហានទី៣ អនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក១៦ម៉ឺនតោន ឬស្មើនឹង ១៥ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប អាមេរិក និងទូទាំងពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតទេ។ ចំណតផែកុងតឺន័រនេះ នឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណ ២,៥លាន TEUs ក្នុងមួយឆ្នាំ។

ចំណតទី២ និងជំហានទី៣នេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ៦៩៨លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលទឹកប្រាក់ជាង ៥០០លានដុល្លារអាម៉េរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន និងជាង១០០លានដុល្លារអាម៉េរិក ជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។


នៅថ្ងៃនេះផងដែរ ភាគីកម្ពុជា-ជប៉ុន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន២គ្រឿង ដែលជាប្រភេទរថយន្តស្ទូច មានសមត្ថភាពលើកដាក់ទំនិញបានរហូតដល់១០០តោន។

គ្រឿងចក្រទាំងពីរគ្រឿងនេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ផ្តល់ជូនមករាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយបានចំណាយថវិកាសរុបប្រមាណ ១៣,៩លានដុល្លារអាម៉េរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com