កីឡាជាតិ
ជាតិ
NOCC ផ្តាំសហព័ន្ធ ត្រៀមខ្លួនប្រកួតកីឡាជាតិលើកទី៤ ចុងឆ្នាំ ២០២៤
23, Dec 2023 , 8:00 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC រូបពី NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC រូបពី NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រាប់ឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ត្រៀមលក្ខណៈចូលរួម ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ដែលគ្រោងធ្វើពីថ្ងៃទី២០-៣០ ខែវិច្ឆិកា។ អគ្គលេខាធិការរូបនេះ បញ្ជាក់ថា សេចក្ដីព្រៀងរៀ​បចំព្រឹត្តិការណ៍កីឡា ២ឆ្នាំម្ដងនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតហើយ។ ដោយឡែក កាលបរិច្ឆេទ គឺស្ថិតក្នុងការព្រៀងទុកនៅឡើយ។

ក្នុងកិច្ចប្រជុំ ដើម្បីពង្រឹងអភិបាលកិច្ចល្អរបស់សហព័ន្ធកីឡាជាតិ និង រៀបរបបការងាររបស់សហព័ន្ធកីឡាជាតិ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ លោក វ៉ាត់ ចំរើន បាននិយាយថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យ ធ្វើកីឡាជាតិលើកទី៤។ NOCC គ្រោងធ្វើព្រឹត្តិការណ៍នេះ បន្ទាប់ពីពិធីបុណ្យអុំទូក គឺថ្ងៃទី២០-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ 
 
អគ្គលេខាធិការរូបនេះ ប្រាប់ឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវត្រៀមលក្ខណៈ ដូចជាការពង្រឹងសមត្ថភាព និងការហ្វឹកហាត់អត្ដពលិក សម្រាប់ព្រឹត្តិការណ៍នេះ ក៏ដូចជាការប្រកួតអន្ដរជាតិនានា ជាពិសេសស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។ 
 
«រាជរដ្ឋាភិបាល បានអនុញ្ញាត្តិឲ្យធ្វើ កីឡាជាតិ ២ឆ្នាំម្ដង ចាប់ពីឆ្នាំ២០២៤ នេះតទៅ។ អ៊ីចឹង សូមឲ្យត្រៀមលក្ខណៈ ផងបាទ។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៣ ត្រូវបានធ្វើពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រតិភូកីឡា ៤៣៣៦នាក់ មកពីបណ្ដាល ២៨រាជធានី-ខេត្ត និង ក្រសួង។ ព្រឹត្តិការណ៍លើកទី៣នោះ មាន៣៨ ប្រភេទកីឡា សរុប ៣៥៦វិញ្ញាសា៕

Tag:
 (កីឡាជាតិលើកទី៤
  វ៉ាត់ ចំរើន)
© រក្សាសិទ្ធិដោយ thmeythmey.com