អន្តរជាតិ
អ្នករស់នៅចុងក្រោយក្នុងក្រុងមួយតាមឆ្នេរសមុទ្រម៉ិកស៊ិកត្រូវបំផ្លាញដោយការប្រែប្រួលអាកាសធាតុ
23, Dec 2023 , 8:30 am        
រូបភាព
ទិដ្ឋភាពទ្រុដទ្រោមនៃសហគមន៍ឆ្នេរសមុទ្រ El Bosque នៃប្រទេសម៉ិកស៊ិក
ទិដ្ឋភាពទ្រុដទ្រោមនៃសហគមន៍ឆ្នេរសមុទ្រ El Bosque នៃប្រទេសម៉ិកស៊ិក
ដោយ: VOA
មនុស្សបាននាំគ្នាទៅ​រស់នៅ​ក្នុង​ក្រុង El Bosque នៅជាប់​ឆ្នេរឈូង​សមុទ្រ​ម៉ិកស៊ិកកាល​ពី​ទសវត្សរ៍​ ១៩៨០ ដើម្បី​នេសាទ​ត្រី​និង​កសាង​សហគមន៍​មួយ។ តែការប្រែប្រួល​អាកាសធាតុបាន​នាំ​ឱ្យ​ទឹក​សមុទ្រឡើង​ខ្ពស់​ លិច​ក្រុង​នេះ។

ការមាន​ទឹក​ជំនន់​បណ្តាល​មក​ពី​ទឹក​សមុទ្រ​ឡើង​ខ្ពស់​យ៉ាង​លឿន និងកំណើនខ្យល់ព្យុះរដូវ​ត្រជាក់ខ្លាំង​ក្លា បានបំផ្លាញក្រុង El Bosque ​ស្ទើរ​តែ​ទាំង​ស្រុង ដោយ​បន្សល់ទុក​បំណែក​បេតុង​ដែល​ធ្លាប់​ជា​គ្រឹះ​ផ្ទះ ​ដែល​ត្រូវ​បានកសាង​នៅ​លើ​ផ្ទៃ​ខ្សាច់។ ​ដោយ​ត្រូវ​បង្ខំ​ឱ្យរត់ចេញ​ពី​ផ្ទះដែល​ពួកគេ​បាន​ស្ថាបនា ក្រុមអ្នក​ស្រុក​ក្នុងមូលដ្ឋានកំពុង​រង់ចាំជំនួយ​រដ្ឋាភិបាល ដើម្បី​ជួល​ផ្ទះ​ដែល​ពួក​គេ​គ្មានលទ្ធភាពបង់​បាន។​
 
សន្និសីទ​កំពូលធាតុអាកាស​ហៅ COP28 បាន​យល់ព្រមនៅខែធ្នូ​ឱ្យ​មាន​មូលនិធិ​មួយ​ក្នុងទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​បង់​សំណង​ដល់ការខាត​បង់​និង​ការ​ខូចខាត​ ​ដើម្បី​ជួយ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​សម្របសម្រួលខ្លួន​ជាមួយការ​កើន​ឡើង​កម្តៅ​ជាសាកល។
 
ជំនួយ​នេះ​នឹង​យឺត​ពេល​ហើយ​សម្រាប់​អ្នកក្រុង El Bosque ប៉ុន្តែនៅ​ត្រឹម​ឆ្នាំ ២០៥០ ជនជាតិ​ម៉ិកស៊ិក​ច្រើន​លាន​នាក់​ថែម​ទៀតនឹងត្រូវ​បង្ខំ​ឱ្យ​ផ្លាស់លំនៅឋានដោយ​សារការ​ប្រែ​ប្រួល​អាកាសធាតុ នេះ​បើ​តាម​ក្រុមប្រឹក្សា​ក្រុម​អភិបាល​ក្រុង​អំពី​ទេសន្តរប្រវេសន៍​ (Mayors Migration Council) ដែល​ជា​ក្រុម​ចម្រុះ​មួយស្រាវជ្រាវ​អំពីចំណាក​ស្រុក។
 
កាល​ពី​ពីរឆ្នាំមុន​នេះ​ មានមនុស្សជាង​ ៧០០​ នាក់​ រស់នៅ​ក្នុង​ក្រុង El Bosque តែ​នៅពេលនេះ​មានតែ​រាប់​សិប​នាក់​ប៉ុណ្ណោះ។
 
ការ​ប្រែប្រួល​នៃ​តួលេខ​នេះ បង្ហាញ​ពី​សំណល់នៃសហគមន៍​មួយ​ដែល​ត្រូវបាត់បង់។ នៅក្នុង​អគារ​មួយ​ក្នុង​បណ្តា​អគារពីរបី​នៅ​សេសសល់​ មាន​ទូទឹកកក​ដែល​ក្លាយ​ជា​កន្លែងរក្សាទុកវត្ថុ​នៅ​សេសសល់។​
 
អ្នកស្រី Guadalupe Cobos ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោមជន​មួយ​ចំនួន​តូច​ដែល​នៅ​តែបន្ត​រស់នៅ El Bosque។ អ្នកស្រី​បាន​និយាយថា ​ទំនាក់ទំនង​របស់​អ្នកស្រុកជាមួយ​សមុទ្រ​«ប្រៀប​ដូច​ជា​អាពាហ៍ពិពាហ៍​ពិសពុល»។ អ្នកស្រី​បាន​និយាយ​ដូច្នេះ ពេល​ងាក​មុខ​ទៅ​មើលរលក​សមុទ្រខ្ពស់កាល​ពី​រសៀលមួយនៅ​ពេល​ថ្មីៗនេះ។​
 
អ្នកស្រី​បាន​ថ្លែងដោយ​សម្តៅ​លើ​ទឹក​សមុទ្រ​ថា៖ «ខ្ញុំ​ស្រឡាញ់អ្នកនៅ​ពេលខ្ញុំ​សប្បាយ​ចិត្ត។ ហើយ​ពេល​ណា​ខ្ញុំ​ខឹង​សម្បា ខ្ញុំយក​អ្វីៗ​ទាំងអស់ដែល​ខ្ញុំ​បាន​ឱ្យ​អ្នក»។
 
បើ​តាមអ្នកស្រី​ Lilia Gama អ្នកស្រាវជ្រាវ​អំពី​ភាព​ងាយ​រងគ្រោះនៃ​តំបន់​ឆ្នេរ​សមុទ្រនៅ​សាកលវិទ្យាល័យរដ្ឋ Tabasco Juarez ថា ​ជាមួយកំណើន​ទឹក​សមុទ្រយ៉ាង​លឿន ខ្យល់ព្យុះរដូវ​ត្រជាក់​ ​ហៅ​ថា «nortes‍» បានបំផ្លាញ​ផ្ទៃដីពី​មាត់​សមុទ្រ​ចូល​ដីគោក​ជម្រៅ​ជាង​ ៥០០ ម៉ែត្រ​ ​តាំង​ពី​ឆ្នាំ ២០០៥ ​មក។​
 
អ្នកស្រី Gama ថា៖ «កាលពី​ពេល​មុន បើមានខ្យល់ព្យុះ​ធំ​មួយ វា​បោកបក់តែ​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។ រលកសមុទ្រ​ឡើងខ្ពស់​បន្តិច​ហើយ​ក៏​បាត់​ទៅ​វិញ»។
 
នៅ​ពេល​នេះ ​មាន​ខ្យល់​ក្តៅ​ដែល​នាំឱ្យ​មាន​សំណើម​ច្រើន​ជាង​មុន ដែល​ធ្វើ​ឱ្យ​ខ្យល់ព្យុះរដូវ​ត្រជាក់​កើត​មាន​ជា​ច្រើន​ថ្ងៃ​ នៅ​ពេល​ម្តងៗ។
 
ពួក​អ្នកវិទ្យាសាស្ត្រក្នុង​មូលដ្ឋាននិយាយថា ខ្យល់ព្យុះខ្លាំង​ជាង​មុន​អាច​បំផ្លាញ El Bosque ជា​រៀង​រហូត។ ការ​យកអ្នកស្រុក​មូលដ្ឋាន​ឱ្យ​ទៅ​រស់​នៅ​កន្លែង​ផ្សេងយឺតយ៉ាវ ដោយសារ​ការិយាធិបតេយ្យនិងដោយ​កង្វះ​ប្រាក់កាស​ នឹង​នាំ​ឱ្យ​ដំណើរការ​នេះ​ត្រូវ​ចំណាយ​ពេល​ច្រើនខែ ឬ​ច្រើន​ឆ្នាំទៀត៕
 
ប្រែសម្រួល​ដោយ លោក ឈឹម សុមេធ

© រក្សាសិទ្ធិដោយ thmeythmey.com