ជាតិ
វីដេអូ
ប្រអប់​សំបុត្រ​ប្រៃសណីយ៍​​អាយុជាង១២០ឆ្នាំ ដែលចាស់បំផុតនៅ​កម្ពុជា ​
23, Dec 2023 , 9:00 am        
រូបភាព
ភ្នំពេញ៖ នៅជាន់ផ្ទាល់ដីនៃអគារប្រៃសណីយកម្ពុជា មានដាក់ប្រអប់​សំបុត្រ​ប្រៃសណីយ៍​ដ៏ចំណាស់មួយ ប្រភេទ​ MOUGEOTTE ទី១ ដែលត្រូវបានផលិត​ប្រហែល​ឆ្នាំ​១៩០០មកម្ល៉េះ។ វាជាប្រអប់​សំបុត្រ​ប្រៃសណីយ៍​ចាស់ជាង​គេ​​ទូទាំង​ប្រទេស ដែលមានសភាពច្រែះ​​អស់​រលីង​ហើយ​។ កាល​ពី​ដើម ប្រអប់នេះមាន​ពណ៌​ខៀវ និង​អក្សរ​ពណ៌ស។ កាល​ពី​សម័យ​មុន អ្នកដែលមានបំណងផ្ញើ​​សំបុត្រ ត្រូវ​ដាក់​សំបុត្រដែលមាន​បិតតែមក្នុង​ប្រអប់​នេះ ហើយមន្ត្រី​​ប្រៃសណីយ៍ប្រមូល​យក​ទៅ​ចែក។ ប៉ុន្តែ​ឥឡូវនេះ​វិញ គេ​ប្រើ​ប្រអប់​ទំនើប​ជាង និងដែល​ធំ​ជាង។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
លើ​ទ្វារ​ប្រអប់​សំបុត្រ​ប្រៃសណីយ៍បុរាណ​នេះ ​មាន​អក្សរ​ឡាតាំងថា :
• « LA [ចន្លោះ​] e LEVÉE DE [ចន្លោះ​] EST FAITE » គឺជាភាសា​បារាំង។ មាន​ន័យ​ថា : ប្រមូលយក​​​សំបុត្រ​លើក​ទី [ចន្លោះ​ដែលពី​ដើម​អាច​សេរ៉េ​​បាន] នៃ​ថ្ងៃ [ចន្លោះ​ដែលពី​ដើម​អាច​សេរ៉េថ្ងៃ​បាន] រួចរាល់​ហើយ។
 
• « [ចន្លោះ​] LEVÉES PAR JOUR » មាន​ន័យ​ថា: ប្រមូលយក​​​សំបុត្រ​ មួយ​ថ្ងៃ [ចន្លោះ​ដែលពី​ដើម​អាច​ផ្លាស់ប្តូវតួលេខ​បាន] ដង។
 
• « DELACHANAL PARIS »
ពី​ដើម​ ខាង​លើ​ក៏​មាន​អក្សរ RF និង POSTES ដែរ ក៏ប៉ុន្តែ​ត្រូវ​បាន​កាត់​វា​ចេញ​។ POSTES មាន​ន័យ​ថា ប្រៃសណីយ៍។ RF គឺជា​អក្សរ​កាត់ ដែល​មាន​ន័យ​ថា République Française សារធារណរដ្ឋ​បារាំង។
 
ប្រអប់​សំបុត្រ​ប្រៃសណីយ៍​ប្រភេទ​នេះ ត្រូវ​បាន​​បង្កើត​ថ្មី ដោយ​លោក​ MOUGEOT Léon នា​ឆ្នាំ​១៨៩៩ ដែលពេល​នោះ ​លោក​ជា​អគ្គនាយក​ប្រៃសណីយ៍​បារាំង។ គឺ​ដោយសារ​ត្រកូល​របស់​គាត់ ដែល​ប្រភេទ​ប្រអប់​សំបុត្រ​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​អ៊‍ីចឹង។ ​​ក្រុមហ៊ុន DELACHANAL នាទីក្រុង PARIS ជាអ្នក​ផលិតប្រអប់ប្រៃសណីយចាប់​ពី​ឆ្នាំ១៩០០។ វា​ធ្វើ​អំពី​ដែក​។ ប្រអប់​សំបុត្រប្រភេទ​នេះ​មាន​កម្ពស់ ៥៦សង់ទីម៉ែត្រ ទទឹង​ ៣២សង់ទីម៉ែត្រ លើ​២៤​សង់ទីម៉ែត្រ និងមានទម្ងន់​​៣៧គីឡូក្រាម។ ប្រអប់សំបុត្រ ត្រូវ​បានគេបន្ត​ប្រើប្រាស់​រហូត​ដល់​ឆ្នាំ​១៩៣០។
 
អគារ​នៃ​ប្រៃសណីយ៍ភ្នំពេញ ស្ថិត​នៅវិថីព្រះអង្គអេង (ផ្លូវ១០២) ខណ្ឌ​ដូន​ពេញ នៅរាជធានី​ភ្នំពេញ។ ទីតាំងនេះ ​បើក​ជារៀងរាល់​ថ្ងៃ​ពី​ ម៉ោង៧កន្លះព្រឹក ដល់ម៉ោង៥​កន្លះ​ល្ងាច៕











Tag:
 ប្រអប់សំបុត្រ
  ប្រៃសណីយ
© រក្សាសិទ្ធិដោយ thmeythmey.com