សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អង់ហ្គោឡាប្រកាសចាកចេញពីអង្គការ OPEC ក្រោយខ្វែងគំនិតគ្នាលើការផលិតប្រេង
22, Dec 2023 , 11:09 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
អង់ហ្គោឡាប្រកាសចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដោយសារមិនពេញចិត្តនឹងការសម្រេចចិត្តរបស់ក្រុមនេះកាលពីខែមុន ក្នុងការកាត់បន្ថយផលិតកម្មប្រេងទៀត។ ការបន្ថយទិន្នផលប្រេងនេះ គឺដើម្បីធ្វើស្ថិរភាពតម្លៃប្រេងដែលនាំឲ្យប៉ះពាល់ដល់ដង្ហើមសេដ្ឋកិច្ចប្រទេសនេះយ៉ាងខ្លាំង។

 
បន្ទាប់ពីបានពិចារណាល្អិតល្អន់អង់ហ្គោឡាបានរកឃើញថា សមាជិកភាពនៅក្នុងអង្គការនៃប្រទេសនាំចេញប្រេង (OPEC) លែងបម្រើផលប្រយោជន៍របស់ប្រទេសអាហ្វ្រិកមួយនេះទៀតហើយ។ នេះបើតាមការិយាល័យប្រធានាធិបតីអង់ហ្គោឡា ដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងប្រេង លោក Diamantino Azevedo នៅថ្ងៃទី២១ ខែធ្នូ។ 
 
លោក Azevedo បានសង្កត់ធ្ងន់ថា ៖« យើងមានអារម្មណ៍ថាពេលនេះ អង់ហ្គោឡាមិនទទួលបានអ្វីពេលនៅក្នុងអង្គការនេះ ដើម្បីការពារផលប្រយោជន៍របស់យើងទេ។ ដូច្នេះយើងបានសម្រេចចិត្តចាកចេញ»។ 
 
ការសម្រេចចិត្តចាកចេញពីអង្គការ OPEC ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយប្រធានាធិបតី Joao Lourenco នៅរដ្ឋធានី Luanda ។ បន្ទាប់ពីកិច្ចប្រជុំ លោក Lourenco បានចុះហត្ថលេខាលើក្រឹត្យអនុញ្ញាតឱ្យអង់ហ្គោឡាចាកចេញពីក្រុម។
 
មូលហេតុចម្បងនៃការចាកចេញនេះ ដោយសារអង់ហ្គោឡាមិនពេញចិត្តនឹងការសម្រេចចិត្តរបស់អង្គការ OPEC កាលពីខែមុន ក្នុងការកាត់បន្ថយផលិតកម្មបន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីធ្វើឲ្យមានស្ថិរភាពតម្លៃប្រេង។ 
 
«វាដល់ពេលហើយសម្រាប់ប្រទេសរបស់យើង ដើម្បីផ្តោតបន្ថែមទៀតលើគោលដៅរបស់ខ្លួន។ ប្រសិនបើយើងបន្តស្ថិតនៅក្នុងអង្គការ OPEC នោះ អង់ហ្គោឡានឹងត្រូវបង្ខំឱ្យកាត់បន្ថយផលិតកម្មយ៉ាងខ្លាំង ហើយនេះវាផ្ទុយទៅនឹងគោលនយោបាយជៀសវាងការកាត់បន្ថយ និងគោរពតាមស្តង់ដារអន្តរជាតិ» ។ លោក Azevedo បានប្រាប់ទូរទស្សន៍រដ្ឋក្នុងស្រុក TPA បែបនេះ ។
 
អង់ហ្គោឡា ជា​ប្រទេស​នាំ​ចេញ​ប្រេង​ធំ​បំផុត​មួយ​នៅ​អនុតំបន់​សាហារ៉ា​អាហ្វ្រិក ​ជាមួយនិង​នីហ្សេរីយ៉ា ។ ប្រទេសទាំងពីរបានសម្តែងការមិនពេញចិត្តចំពោះកូតាផលិតកម្មនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC ក្នុងខែវិច្ឆិកា ខណៈដែលពួកគេព្យាយាមជំរុញផលិតកម្មដើម្បីធានាការផ្គត់ផ្គង់រូបិយប័ណ្ណបរទេស។
 
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការ OPEC ត្រូវពន្យារពេលជាច្រើនថ្ងៃ ដោយសារការមិនចុះសម្រុងគ្នាក្នុងចំណោមសមាជិក។ លោក Azevedo បាននិយាយថា ៖«នៅពេលដែលយើងនៅក្នុងអង្គការមួយ ប៉ុន្តែការរួមចំណែក និងគំនិតរបស់យើងមិនត្រូវបានទទួលនោះ អ្វីដែលល្អបំផុតគឺការដកខ្លួនចេញ» ។
 
អង់ហ្គោឡាដែលបានចូលរួមជាមួយអង្គការ OPEC ក្នុងឆ្នាំ២០០៧ ផលិតប្រេងប្រហែល ១,១លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលទិន្នផលសរុបរបស់ក្រុមនេះគឺ ២៨លានប៉ារែលក្នុងមួយថ្ងៃ។ ការនាំចេញប្រេង ជាដង្ហើមសេដ្ឋកិច្ចរបស់អង់ហ្គោឡា ដែលស្មើនឹង៩០ភាគរយនៃការនាំចេញសរុបរបស់ប្រទេស។
 
តម្លៃប្រេងឆៅបានធ្លាក់ចុះជិត ២ភាគរយ ខណៈដែលអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តរបស់អង់ហ្គោឡាក្នុងការចាកចេញពីអង្គការ OPEC បានធ្វើឱ្យមានសំណួរជាច្រើនជុំវិញភាពប្រេះឆាសមាជិកនៅក្នុងអង្គការមួយនេះ។ 
 
បង្កើតឡើងក្នុងឆ្នាំ ១៩៦០ អង្គការ OPEC មានសមាជិកចំនួន១៣ប្រទេស។ ក្នុងឆ្នាំ២០០៦ អង្គការមួយនេះបានចូលរួមកម្លាំងជាមួយអ្នកផលិតប្រេងចំនួន ១០ផ្សេងទៀតដើម្បីបង្កើតជាសម្ព័ន្ធ OPEC+ ។ មុន​ការចាកចេញរបស់​អង់ហ្គោឡា មានសមាជិក​២ប្រទេស​ទៀត​បាន​ចាក​ចេញ​ពី​អង្គការ OPEC ក្នុង​ទសវត្សរ៍​កន្លង​មកគឺ​អេក្វាឌ័រ និង​កាតា៕ 

Tag:
 OPEC
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com