ជាតិ
ពុទ្ធសាសនបណ្ឌិត្យ ធ្វើបាឋកថា ភស្តុតាងដំបូង នៃសន្លឹកសីមានៅកម្ពុជា
22, Dec 2023 , 3:59 pm        
រូបភាព
សន្លឹកសីមាដែលមានក្បាច់ (រូបផ្ដល់ឱ្យដោយ ពិត តារា)
សន្លឹកសីមាដែលមានក្បាច់ (រូបផ្ដល់ឱ្យដោយ ពិត តារា)
ភ្នំពេញ៖ ពុទ្ធសាសនបណ្ឌិត្យ នឹងធ្វើបាឋកថាប្រចាំខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សន្លឹកសីមា៖ ករណីសិក្សាសីមាដូនមាស និងសីមាពាមគ្រែ នៅភ្នំគូលែន” ដោយលោក ពិត តារា នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ តាមអនឡាញ។



បទបង្ហាញនេះ នឹងបង្ហាញពីការប្រើ “សន្លឹកសីមា” ដែលជាវត្ថុសម្រាប់សម្គាល់ព្រំដែន ទីធ្វើឧបោសថរបស់ព្រះសង្ឃ (ព្រះវិហារ ឬឧបោសថាគា) ក្នុងព្រះពុទ្ធសាសនានៅកម្ពុជា ដែលមានភស្ដុតាងដំបូងៗនៅភ្នំគូលែន។ សីមាពាមគ្រែ និងសីមាដូនមាស ជាទីតាំងវិហារព្រះពុទ្ធសាសនាដំបូងៗនៅកម្ពុជា ដែលនៅសេសសល់ ភស្តុតាងនៃការប្រើប្រាស់ថ្មជាសីមា ហើយប្រហែលជាមានអាយុកាល ចាស់ជាងស្លឹកសីមា នៅជុំវិញខឿនព្រះវិហារចាស់ៗ នៅតំបន់អង្គរធំនាសតវត្សរ៍ទី១៣-១៤ផង។
  
លោក ពិត តារា ឈរកណ្ដាល បង់កក្រមា (រូបផ្ដល់ឱ្យដោយ ពិត តារា)

សន្លឹកសីមានៅលើភ្នំគូលែនមានទំហំធំ និងមានចម្លាក់ច្រើនជាងសន្លឹកសីមា ដែលគេធ្លាប់ឃើញមាននៅតំបន់អង្គរធំ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មានចម្លាក់ដែលកម្រ ឃើញមានក្នុងសិល្បៈខ្មែរ ដូជាធម្មចក្រ ចេតិយ ក្អមទឹក ដែលជាលក្ខណៈមួយ នៃសិល្បៈពុទ្ធសាសនាថេរវាទមន នៃទ្វារវតី នៅភាគខាងជើងភ្នំដងរែក (ខ្ពង់រាបនគររាជ)។ 
 
ដូច្នេះហើយទើបអ្នកស្រាវជ្រាវ យល់ស្របគ្នាថា សន្លឹកសីមានៅលើភ្នំគូលែនទាំងពីរទីតាំង មានទំនាក់ទំនងនឹងសិល្បៈទ្វារវតី នៃខ្ពង់រាបនគររាជ។ ទោះបីជាអ្នកស្រាវជ្រាវយល់ស្របគ្នាថា សន្លឹកសីមានៅលើភ្នំគូលែន មានទំនាក់ទំនងនឹងសិល្បៈទ្វារ​វតីក្ដី ប៉ុន្តែបានផ្ដល់ការបរិច្ឆេទខុសគ្នារវាង ៥០០ឆ្នាំឯណោះ។
 
ដូច្នេះបទបង្ហាញនេះ នឹងព្យាយាមមើលឡើងវិញ លើការកំណត់អាយុកាល និងទំនាក់ទំនងសិល្បៈរបស់ទីតាំងសីមាទាំងពីរ តាមការសិក្សាប្រៀបធៀបប្រវត្តិសិល្បៈ គួបផ្សំជាមួយទិន្នន័យបុរាណវិទ្យា។
  
សន្លឹកសីមាដែលមានក្បាច់ (រូបផ្ដល់ឱ្យដោយ ពិត តារា)
តើសីមាទាំងពីរជាឥទ្ធិពលខាងក្រៅ ដូចការសន្និដ្ឋានមុនៗ ឬយ៉ាងណា? ហើយមូលហេតុអ្វី នាំឱ្យសន្លឹកសីមា មានវត្តមាននៅលើភ្នំគូលែន? តើសន្លឹកសីមានេះ មានកាលបរិច្ឆេទ អំឡុងពេលណា? ហើយតើអាចចាស់ជាងការតាំងទី របស់ព្រះបាទជ័យវរ្ម័នទី២ នៅលើភ្នំគូលែនដែរឬទេ?
 
លោកអ្នកអាចចូលរួមស្ដាប់បាឋកថា តាម Google Meet តាមរយៈការស្កេន QR កូដ ដែលមាន​នៅលើបណ្ណប្រកាស។ ព្រមទាំងមានផ្សាយផ្ទាល់ លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ៕ 

Tag:
 សិល្បៈ
  វប្បធម៌
  សាសនា
  សីមា
  ប្រពៃណី
  ភស្តុតាង
 
© រក្សាសិទ្ធិដោយ thmeythmey.com