អន្តរជាតិ
បន្ទាប់ពីបាញ់ឪពុក និស្សិតឆែកម្នាក់បន្តបាញ់សម្លាប់មនុស្សយ៉ាងហោច១៤នាក់នៅក្រុងប្រាក
22, Dec 2023 , 3:00 pm        
រូបភាព
ប៉ូលិសឆែករឹតបន្តឹងសន្តិសុខនៅជុំវិញសកលវិទ្យាល័យ Charles ក្នុងក្រុង ប្រាក នៅថ្ងៃទី២១ ខែធ្នូ។ រូបភាព AFP
ប៉ូលិសឆែករឹតបន្តឹងសន្តិសុខនៅជុំវិញសកលវិទ្យាល័យ Charles ក្នុងក្រុង ប្រាក នៅថ្ងៃទី២១ ខែធ្នូ។ រូបភាព AFP
និស្សិតឆែកម្នាក់ ដែលមានវ័យ ២៤ឆ្នាំ នៅថ្ងៃទី២១ ខែធ្នូ ត្រូវបានជឿថា បានបាញ់សម្លាប់ឪពុករបស់ខ្លួន មុនពេលសម្លាប់មនុស្សនៅសកលវិទ្យាល័យមួយកន្លែង ក្នុងក្រុង Prague ប្រមាណ ១៤នាក់ និងរបួស ២៥នាក់។ យ៉ាងណាមិញ អាជ្ញាធរឆែក មិនទាន់ដឹងច្បាស់ឡើយ ថាតើនិស្សិតរូបនោះ បាញ់សម្លាប់ខ្លួនឯង ឬស្លាប់ក្នុងពេលបាញ់តទល់ជាមួយប៉ូលិស។

 
កើតឡើងនៅដេប៉ាត់ម៉ង់ទស្សនៈវិទ្យា នៃសកលវិទ្យាល័យ Charles ក្នុងទីក្រុង ប្រាក និស្សិតមួយរូប ដែលមានវ័យ ២៤ឆ្នាំ បានបំពាក់អាវុធ និងគ្រាប់កាំភ្លើងយ៉ាងច្រើន មុននឹងបាញ់សម្លាប់មនុស្សនៅក្នុងសកលវិទ្យាល័យ។ ដោយមិនបញ្ចេញឈ្មោះ ប្រមុខប៉ូលិសក្រុង ប្រាក លោក Martin Vondrasek បានជឿថា និស្សិត ដែលមានអាជ្ញាប័ណ្ណកាន់កាំភ្លើងនេះ បានសម្លាប់ឪពុករបស់ខ្លួនរួចហើយ មុនពេលបើកការវាយប្រហារ។ ការបញ្ជាក់បែបនេះ គឺដោយសារប៉ូលិស បានរកឃើញសាកសពរបស់ឪពុកខ្មាន់កាំភ្លើងនៅក្រុងHostoun
 
តាមការបញ្ជាក់របស់លោក Vondrasek មនុស្សចំនួន ១៤នាក់ បានស្លាប់បាត់បង់ជីវិត និង ២៥នាក់រងរបួស។ យ៉ាងណាមិញ អាជ្ញាធរឆែកបានព្រមានថា ករណីស្លាប់ អាចបន្តកើតឡើង។ 
ទន្ទឹមនេះ ប៉ូលិសក្រុង ប្រាក មិនបានបង្ហាញពីព័ត៌មានលម្អិតលើហេតុផល ដែលជំរុញឱ្យខ្មាន់កាំភ្លើងបាញ់ប្រហារនោះឡើយ ហើយក៏បានអះអាងថា គ្មានពាក់ព័ន្ធនឹងក្រុមជ្រុលនិយមដែរ។ 
 
ក្រោយការឆែកឆេរនៅក្នុងផ្ទះ ប៉ូលិសបានដាក់ការសង្ស័យថា ខ្មាន់កាំភ្លើង អាចសម្លាប់បុរសមួយរូបទៀត និងទារកអាយុពីរខែ នៅថ្ងៃទី១៥ ខែធ្នូ ក្នុងក្រុង ប្រាក។ បន្ថែមពីនេះ ប៉ូលិស បានចាត់ទុកខ្មាន់កាំភ្លើងជាសិស្សល្អខ្លាំង ដោយគ្មានកំណត់ត្រាឧក្រិដ្ឋកម្មពីមុនមក។ 
 
បន្ទាប់ពីមានហេតុការណ៍ខាងលើកើតមាន ប៉ូលិសឆែកបានរឹតបន្តឹងសន្តិសុខ ដោយចូលជាធរមានភ្លាមៗ នៅជុំវិញសកលវិទ្យាល័យ Charles។ បន្ថែមពីនេះ ប្រធានាធិបតីឆែក បានប្រកាសកាន់ទុក្ខនៅទូទាំងប្រទេស ដោយយកថ្ងៃទី២៣ ខែធ្នូ ដើម្បីរម្លឹកវិញ្ញាណក្ខន្ធរបស់អ្នកស្លាប់៕ 

Tag:
 ឆែក
  បាញ់ប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com