សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អត្រាភាពក្រីក្រនៅហ្វីលីពីនធ្លាក់ដល់២២,៤ភាគរយនៅឆមាសទី១ ឆ្នាំ២០២៣
22, Dec 2023 , 8:29 pm        
រូបភាព
គ្រួសារក្រីក្ររស់​នៅ​ក្នុង​លូ​បេតុង​ធ្វើជា​ផ្ទះ​បណ្ដោះ​អាសន្ន​​តាម​ផ្លូវ​ក្នុង​ក្រុង​ម៉ានីល។ រូបភាព ៖​ AFP
គ្រួសារក្រីក្ររស់​នៅ​ក្នុង​លូ​បេតុង​ធ្វើជា​ផ្ទះ​បណ្ដោះ​អាសន្ន​​តាម​ផ្លូវ​ក្នុង​ក្រុង​ម៉ានីល។ រូបភាព ៖​ AFP
អត្រានៃភាពក្រីក្រនៅហ្វីលីពីនមានចំនួន២២,៤ភាគរយ ឬប្រមាណ ២៥,២៤លាននាក់នៃប្រជាជនសរុបគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣។ បើតាមទីភ្នាក់ងារស្ថិតិរបស់រដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ អត្រានេះធ្លាក់ចុះពីកម្រិត ២៣,៧ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

 
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. មានគោលបំណងកាត់បន្ថយអត្រាភាពក្រីក្រមកត្រឹម៩ភាគរយនៅឆ្នាំ២០២៨ តាមរយៈការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស។
 
នៅថ្ងៃទី២០ ខែធ្នូ លោក Macros បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលប្រើប្រាស់ថវិកាជាតិចំនួន១០៣,៣៦ ពាន់លានដុល្លារ ក្នុងការផែនការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការជំរុញកំណើនសេដ្ឋកិច្ច។
 
ហ្វីលីពីនជាប្រទេសដែលមានប្រជាជនជាង ១១០លាននាក់ កំពុងមានបញ្ហាប្រឈមដោយសារឥទ្ធិពលនៃបាតុភូតអាកាសធាតុ El Nino ប៉ះពាល់ខ្លាំងទៅលើវិស័យកសិកម្ម ជាពិសេសធ្វើឲ្យប្រទេសនេះពិបាកប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវអតិផរណា។
 
ទន្ទឹមនេះ ហ្វីលីពីនបានកាត់បន្ថយគោលដៅកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចន្លោះពី ៦,៥ភាគរយទៅ ៨ភាគរយសម្រាប់ឆ្នាំ ២០២៤  មកត្រឹមចន្លោះពី ៦,៥ភាគរយទៅ ៧,៥ភាគរយវិញ ព្រោះតែផលប៉ះពាល់ខ្លាំងលើអាកាសធាតុដែលធ្វើឲ្យផលិតផលកសិកម្មធ្លាក់ចុះ៕

Tag:
 ហ្វីលីពីន
  អត្រាភាពក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com