ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត ៖ ត្រូវចេះថែរក្សាទីផ្សារដែលមានហើយ កុំឱ្យបាត់ទៅវិញ
× រកទីផ្សារនាំចេញទំនិញបានហើយបាត់ទៅវិញ! ជាពិសេសបាត់ដោយសារអ្នកលក់ នោះ គឺមានផលបច្ច័យអាក្រក់ណាស់ដល់ប្រទេសជាតិ។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ដោយទាមទារឱ្យអ្នកផ្គត់ផ្គង់ទាំងអស់ត្រូវចេះថែរក្សាទីផ្សារដែលមានហើយ កុំឱ្យបាត់ទៅវិញ។
«បាត់[ទីផ្សារ]ដោយសារកត្តាអ្នកទិញ ជារឿងមួយ តែកុំឱ្យបាត់ដោយសារកត្តាអ្នកលក់»។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នារសៀលថ្ងៃទី២២ធ្នូ។
សម្តេចនាយករដ្ឋមន្ត្រី បានរំឭកថា ការបាត់ទីផ្សារនាំចេញរបស់កម្ពុជានៅតំបន់អឺរ៉ុបកន្លងមក គឺដោយសារកត្តាអ្នកបញ្ជាទិញបានរៀបចំបច្ចេកទេសនានា និងដំឡើងស្តង់ដារនូវផលិតផល។ សម្តចបន្តនិយាយដូច្នេះ៖ « តែយ៉ាងណាកត្តាសំខាន់បំផុត គឺត្រូវរក្សានូវគុណភាពផលិតផលយើង ដើម្បីធានាភាពជឿជាក់[របស់អ្នកទិញ]។ នេះជាចំណុចធំណាស់។ ឧទាហរណ៍ ៖ យើងនាំអង្ករចេញទៅទីផ្សារអន្តរជាតិ បើសិនជាមានក្រុមហ៊ុនមួយធ្វើឱ្យខូចស្តង់ដារនៅកម្ពុជា គឺយើងអាចខូចទីផ្សារហ្នឹងតែម្តង សម្រាប់គ្រប់[ក្រុមហ៊ុននាំចេញអង្ករ]ទាំងអស់»។ ដូច្នេះ វាទាមទារឱ្យគ្រប់គ្នាត្រូវចូលរួមថែរក្សាទីផ្សារ។
បើតាមសម្តេច បើថែរក្សាទីផ្សារបាន នោះទើបវាជួយដល់ការពង្រឹងទីផ្សារដោយបង្កើនបរិមាណនៃការនាំចេញនូវផលិតផលនីមួយៗទៅកាន់ទីផ្សារ និងបង្កើនមុខទំនិញនាំចេញបានកាន់តែប្រសើរ។
១១ខែមកនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសដៃគូក្នុងពិភពលោក សម្រេចបាន ៤៣,៥២ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញ មានតម្លៃ២១ពាន់លានដុល្លារ កើន ជាង៤ភាគរយ ខណៈការចំណូលវិញធ្លាក់ចុះ២០ភាគរយ ដែលមានទំហំទឹកប្រាក់ ២២ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com